អានតួអត្ថបទ
ប្រេស៊ីល

ការបោះឆ្នោត​ទម្លាក់​ប្រធានាធិបតី​ប្រេស៊ីល​បង្ក​ឲ្យមាន​វិបត្តិ​ការទូត​ក្នុង​តំបន់

លោកស្រី ឌីលម៉ា រូសេហ្វ ប្រធានាធិបតី​ប្រេស៊ីល ត្រូវ​បាន​សភា​បោះឆ្នោត​ទម្លាក់​ពី​តំណែង កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ។ ដំណើរការ​នីតិវិធី​ដែល​បាន​អូសបន្លាយ​ពេល​ជាច្រើន​ខែ​ត្រូវ​បិទបញ្ចប់ ក៏ប៉ុន្តែ វិបត្តិ​នយោបាយ​ប្រេស៊ីល​នៅតែ​បន្ត​កើតមាន ហើយ​បន្ថែម​ពីលើ​នេះទៅទៀត ការ​បោះឆ្នោត​ទម្លាក់​លោកស្រី ឌីលម៉ា រូសេហ្វ ក៏​កំពុងតែ​បង្ក​ឲ្យ​មាន​វិបត្តិ​ការទូត នៅ​ក្នុង​តំបន់​ផងដែរ។

លោកស្រី ឌីលម៉ា រូសេហ្វ អតីត​ប្រធានាធិបតីប្រេស៊ីល នៅ​ពេល​ថ្លែងការពារខ្លួនមុខ​ព្រឹទ្ធសភា ថ្ងៃទី២៩សីហា​២០១៦
លោកស្រី ឌីលម៉ា រូសេហ្វ អតីត​ប្រធានាធិបតីប្រេស៊ីល នៅ​ពេល​ថ្លែងការពារខ្លួនមុខ​ព្រឹទ្ធសភា ថ្ងៃទី២៩សីហា​២០១៦ REUTERS/Ueslei Marcelino/File Photo
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​ទម្លាក់​លោកស្រី ឌីលម៉ា រូសេហ្វ កាល​ពីថ្ងៃ​ពុធ គឺ​ជា​ការ​បិទបញ្ចប់​​ការកាន់​អំណាច​រយៈពេល ១៣ឆ្នាំ នៃ​គណបក្ស​ពលករ​ប្រេស៊ីល ដែល​ជាទូទៅ​មាន​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​ជាមួយ​នឹង​ប្រទេស​វេណេស៊ុយអេឡា បូលីវី និង​អេក្វាទ័រ ដែល​សុទ្ធសឹង​ជា​ប្រទេស​ដឹកនាំ​ដោយ​គណបក្ស​ឆ្វេងនិយម។

ភ្លាមៗ​ក្រោយ​ពី​សភា​បោះឆ្នោត​ទម្លាក់​លោកស្រី ឌីលម៉ា រូសេហ្វ រដ្ឋាភិបាល​វេណេស៊ុយអេឡា បូលីវី និង​អេក្វាទ័រ​ បាននាំគ្នា​​ប្រកាស​ដក​ទូត​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ប្រេស៊ីល។

លោក​ប្រធានាធិ​បតី​វេណេស៊ុយអេឡា គឺ​លោក​​នីកូឡា ម៉ាឌូរ៉ូ បាន​ធ្វើ​សេចក្តីប្រកាស​តាមទូរទស្សន៍​ថា អ្វី​ដែល​បាន​កើតឡើង​នៅ​ប្រេស៊ីល គឺ​ជា “​ការ​ធ្វើ​រដ្ឋប្រហារ ដែល​មិនមែន​សំដៅ​តែ​ទៅលើ​លោកស្រី​ឌីលម៉ា រូសេហ្វ​ប៉ុណ្ណោះទេ តែ​ជា​ការ​ធ្វើ​សំដៅ​ប្រឆាំង​នឹង​ចលនា​ឆ្វេងនិយម​នៅ​ក្នុង​តំបន់​ការ៉ាអ៊ីប​ទាំងមូល”។ សម្រាប់​រដ្ឋាភិបាល​វេណេស៊ុយអេឡា អ្វី​ដែល​កើតឡើង​នៅ​ប្រេស៊ីល​នេះ គឺ​ជា​ស្នាដៃ​របស់​សហរដ្ឋ​អាមេរិក។

ឆ្លើយតបមកវិញ រដ្ឋាភិបាល​ប្រេស៊ីល​ក៏​បាន​ប្រកាស​ដកទូត​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ទាំងបីខាងលើ​នេះ​ដែរ ហើយ​រដ្ឋមន្រ្តី​ការបរទេស​ប្រេស៊ីល​បានធ្វើការ​បរិហា​បក​ទៅលើ​វេណេស៊ុយអេឡាវិញ​ថា រដ្ឋាភិបាល​វេណេស៊ុយអេឡា​បច្ចុប្បន្ន​នេះ​មិន​ស័ក្តិសម​នឹង​និយាយ​រិះគន់​ពី​ដំណើរការ​​ប្រជាធិបតេយ្យ​នៅ​ប្រេស៊ីល​នោះទេ ក្នុងពេល​ដែល​ខ្លួនឯង​មិនមែន​ជា​របប​ប្រជាធិបតេយ្យ​ផងនោះ។

គួរបញ្ជាក់ថា នៅ​ក្នុង​ពេល​ដែល​វេណេស៊ុយអេឡា បូលីវី និង​អេក្វាទ័រ ចេញមុខ​តវ៉ា​ចំពោះ​ការ​ដកតំណែង​លោកស្រី ឌីលម៉ា រូសេហ្វ រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេសមួយ​ចំនួន​ផ្សេងទៀត នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន រួមមាន​ដូចជា អាហ្សង់ទីន ស្ហ៊ីលី និង​ប៉ារ៉ាហ្កាយ ជាដើម សុទ្ធតែ​បាន​នាំគ្នា​​លើកឡើង​ថា “ពួកគេ​គោរព​សេចក្តីសម្រេច​របស់​សភា​ប្រេស៊ីល” ព្រមទាំង​បាន “បង្ហាញ​នូវការ​ជឿជាក់ថា ប្រេស៊ីល​នឹង​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន តាមរយៈស្ថាប័ន និង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ខ្លួន”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ