អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការធ្លាក់ថ្លៃ​លុយ​ផោន​ជារឿងល្អ​ទៅវិញ​សម្រាប់​អង់គ្លេស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​សុក្រ​សប្តាហ៍​មុន លុយផោន​របស់​អង់គ្លេស​បាន​ធ្លាក់​ដាំដូង ដល់​កម្រិត​មួយ​ទាប​បំផុត​ដែល​គេ​មិន​ធ្លាប់ឃើញ​មាន ក្នុងរយៈពេល​៣០ឆ្នាំ​ចុងក្រោយ​នេះ។ អ្នកខ្លះ​យល់ថា ការ​ធ្លាក់​ថ្លៃ​នៃ​លុយ​ផោន​នេះ គឺ​ជា​រឿង​ល្អ​សម្រាប់​អង់គ្លេស​ទៅវិញទេ។ ក៏ប៉ុន្តែ អ្នក​ខ្លះ​ទៀត​យល់ថា វា​អាច​ជាសញ្ញា​នៃ​វិបត្តិ​រូបិយវត្ថុ ដែល​គួរ​ឲ្យ​បារម្ភ។

កាលពីថ្ងៃ​សុក្រទី៧តុលា លុយផោន​អង់គ្លេស​បាន​ធ្លាក់​ថ្លៃ​រហូត​ដល់​កម្រិត​ទាបបំផុត​មិនធ្លាប់​ឃើញ​មាន​ គិតចាប់តាំង​ពី​ឆ្នាំ​១៩៨៥
កាលពីថ្ងៃ​សុក្រទី៧តុលា លុយផោន​អង់គ្លេស​បាន​ធ្លាក់​ថ្លៃ​រហូត​ដល់​កម្រិត​ទាបបំផុត​មិនធ្លាប់​ឃើញ​មាន​ គិតចាប់តាំង​ពី​ឆ្នាំ​១៩៨៥
ផ្សាយពាណិជ្ជកម្ម

ការធ្លាក់ថ្លៃ​នៃ​លុយ​ផោន​បាន​កើតមានឡើង តាំង​ពី​ខែ​មិថុនា​មក​ម៉្លេះ គឺ​ចាប់តាំង​ពី​ពលរដ្ឋ​អង់គ្លេស​ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​ថ្ងៃទី២៣​មិថុនា បាន​សម្រេច​ចាកចេញ​ពី​សហភាព​អឺរ៉ុប។ ក៏ប៉ុន្តែ អ្វី​ដែល​គេ​កត់សម្គាល់​ខ្លាំង កាល​ពីថ្ងៃ​សុក្រ គឺ​ការ​ធ្លាក់ចុះ​ដ៏​គំហុក គឺ​រហូតដល់​ទៅ ៦% (ធៀប​នឹង​ដុល្លារ​អាមេរិក) ហើយ​ធ្លាក់​ចុះ​រហូត​ដល់​កម្រិត​មួយ​ទាប​បំផុត​មិន​ធ្លាប់​ឃើញ​មាន​ចាប់តាំង​ពី​ឆ្នាំ​១៩៨៥។

ទោះជាយ៉ាងណា មាន​អ្នក​ជំនាញមួយ​ចំនួន​យល់ថា ការ​ធ្លាក់​ថ្លៃ​លុយផោន​នេះ​មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះទេ។ ផ្ទុយ​ទៅវិញ វា​គឺ​ជា​រឿង​ល្អ​សម្រាប់​អង់គ្លេស​ទៅវិញទេ ពីព្រោះ​ថា លុយផោន​​ធ្លាក់​ថ្លៃ​វា​នឹង​ជួយ​ជំរុញ​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​ផលិត​នៅ​អង់គ្លេស ហើយ​អាច​បង្កើន​ការ​នាំចេញ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច ដើម្បី​ឆ្លងកាត់​​ភាព​រអាក់រអួល​ ដែល​អាច​នឹង​បង្កឡើង នៅ​ក្នុង​ពេល​ដែល​អង់គ្លេស​ត្រូវ​ចរចា​លើ​លក្ខខណ្ឌ​នៃ​ការ​បញ្ចប់​សមាជិកភាព​ក្នុង​សហភាព​អឺរ៉ុប។

អ្នក​ដែល​យល់ឃើញ​បែបនេះ​គិត​ថា កាលពីពេល​កន្លងមក លុយផោន​របស់​អង់គ្លេស​មាន​តម្លៃ​ខ្ពស់​ហួស​ពី​អ្វី​ដែល​គួរ​មាន ហើយ​ថា អត្រា​ប្តូរប្រាក់​ដែល​សមរម្យ​ ទៅតាម​តម្រូវការ​នៃ​សេដ្ឋកិច្ច​របស់អង់គ្លេស គឺ នៅ​ក្នុង​រង្វង់ ១ផោន ស្មើ​នឹង ១ដុល្លារ១០សេន​។ កាលពីថ្ងៃ​សុក្រ នៅ​ពេល​ដែល​តម្លៃ​លុយ​ផោន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាបបំផុត​នោះ ១ផោន ដូរបាន ១ដុល្លារ១៤សេន ពោលគឺ ប្រហាក់​ប្រហែល​នឹង​កម្រិត​សមរម្យ​ដែល​គេ​ចង់​បាន។

ការធ្លាក់ចុះ​នៃ​តម្លៃ​លុយ​ផោន​កាន់តែ​មាន​សារៈប្រយោជន៍​ទៅទៀត សម្រាប់​សេដ្ឋកិច្ច​អង់គ្លេស នៅ​ក្រៅ​សហភាព​អឺរ៉ុប ពីព្រោះ​ថា នៅ​ពេល​ដែល​អង់គ្លេស​លែងស្ថិត​នៅ​ក្នុង​ទីផ្សារ​រួម​របស់​សហភាព​អឺរ៉ុប គឺ​មានន័យថា ទំនិញ​របស់​អង់គ្លេស ដែល​នាំចូល​ទៅ​ក្នុង​ទីផ្សារសហភាព​អឺរ៉ុប អាច​នឹង​ត្រូវ​ជាប់​ពន្ធគយ ហើយ​ពិបាក​ក្នុងកា​រប្រកួតប្រជែង​ជាមួយ​នឹង​ទំនិញ​របស់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ដែល​មិន​ជាប់ពន្ធគយ។ ដូច្នេះ តម្លៃ​លុយ​ផោន​ធ្លាក់ចុះ អាច​ជា​ជំនួយ​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ពី​អត្រា​ពន្ធគយ និង​ជួយ​សម្រួល​ដល់​​ការ​ប្រកួតប្រជែង​របស់​អង់គ្លេស នៅ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប។

ក៏ប៉ុន្តែ អ្នក​ជំនាញ​ជាច្រើន​ផ្សេងទៀត​គិតឃើញ​ផ្ទុយ​ពីនេះ​ទៅវិញ។ ជាការពិត​ថា ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លុយ​ផោន អាច​ជាជួយ​ដល់​ភាព​ប្រកួតប្រជែង​របស់​អង់គ្លេស​នៅ​ក្នុងកា​រនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។ ក៏ប៉ុន្តែ គេ​ត្រូវ​ធ្វើការ​បែងចែក​ រវាង​ការ​ធ្លាក់​ចុះ​នៃ​អត្រា​ប្តូរប្រាក់​ ដែល​កើតចេញ​ពី​នយោបាយ​រូបិយវត្ថុ ពោលគឺ ជា​ការ​ធ្លាក់ចុះ​ទៅតាម​ការ​ចង់បាន និង​ដែល​គ្រប់គ្រង​បាន និង​មួយទៀត គឺ​ការ​ធ្លាក់ចុះ​ ដែល​កើតចេញ​ពី​ការ​បាត់បង់​ទំនុកចិត្ត​ពី​អ្ន​កវិនិយោគ។

នៅ​ក្នុងករណី​ទីពីរ​នេះ អត្រា​ប្តូរ​ប្រាក់​អាច​នឹង​ប្រឈមមុខ​នឹង​អស្ថិរភាព ដោយ​ឡើងចុះ​ទៅតាម​ការ​រំជើបរំជួល​​នៃ​ទីផ្សារ ហើយ​ផលវិបាក​ធ្ងន់ធ្ងរ​មួយ ដែល​អាច​កើតឡើង គឺ​លំហូរទុន​ទៅ​ក្រៅប្រទេស ពីព្រោះ​ថា នៅ​ពេលណា​ដែល​អ្ន​កវិនិយោគ​បាត់បង់​ទំនុកចិត្ត​លើ​លុយ​ផោន គេ​អាច​នឹង​ដក​ទុនទៅវិនិយោគ​នៅ​កន្លែង​ផ្សេង ទៅលើ​រូបិយវត្ថុ​ដែល​គេ​មាន​ទំនុកចិត្ត​ជាង។ នៅពេលដែល​មាន​លំហូរ​ទុន​ទៅ​ក្រៅប្រទេស ផលវិបាក​ដ៏ធ្ងន់ធ្ងរ​មួយ​ទៀត​អាច​នឹង​កើតឡើង គឺ​ការ​ធ្លាក់ចុះ​នៃ​ទីផ្សារ​មូលបត្រ​ជាទូទៅ ទាំង​មូលបត្រ​បំណុល និង​មូលបត្រ​ភាគហ៊ុន។ ដល់​ពេលនោះ យន្តការ​នៃ​វិបត្តិ​អាច​នឹង​កើតឡើង គឺ​ការ​ធ្លាក់ចុះ​នៃ​លុយ​ផោន​នាំទៅរក​ការ​ធ្លាក់ចុះ​នៃ​ទីផ្សារ​មូលបត្រ។ ការធ្លាក់ចុះ​នៃ​ទីផ្សារ​មូលបត្រ​ធ្វើ​ឲ្យ​លុយផោន​កាន់តែ​ធ្លាក់ចុះ​ ហើយ​លុយផោន​កាន់តែ​ធ្លាក់ចុះ​ធ្វើ​ឲ្យ​ទីផ្សារ​មូលបត្រ​កាន់តែ​ធ្លាក់ចុះ... រហូត​ក្លាយ​ទៅជា​វិបត្តិ​រូបិយវត្ថុ ដូចជា​អ្វី​ដែលគេ​ធ្លាប់​ជួប​ប្រទះ​នៅ​អង់គ្លេស កាល​ពីឆ្នាំ​១៩៦៧ ឆ្នាំ​១៩៧៦ និង​ឆ្នាំ​១៩៩២ ក៏ដូចជា នៅ​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត ដូចជា នៅ​ម៉ិចស៊ិក (ឆ្នាំ១៩៩៥) និង​នៅថៃ (ឆ្នាំ១៩៩៧)។

ជាការពិតណាស់​ថា ការធ្លាក់ចុះ​នៃ​តម្លៃ​លុយផោន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មិនមាន​សភាព​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ជា​វិបត្តិ​នោះទេ ដោយសារ​តែ​គេឃើញ​ថា ទីផ្សារ​មូលបត្រអង់គ្លេស​នៅតែ​មាន​ស្ថិរភាព, មូលបត្រ​បំណុលរដ្ឋ​នៅតែ​ទាក់ទាញ​អ្ន​កវិនិយោគ ហើយ​ទីផ្សារការងារ​ ទីផ្សារ​អចលនទ្រព្យ ក៏ដូចជា ទីផ្សារ​ទូទៅ​ក៏​មិនមាន​បញ្ហា​ចោទ។ ក៏ប៉ុន្តែ បើទោះបីជា​វា​មិនទាន់​ក្លាយ​ជា​វិបត្តិ តែ​វាអាច​ជា​រោគសញ្ញា​នៃ​វិបត្តិ ហើយ​អ្វី​ដែល​គេ​កំពុង​ឃ្លាំមើល​ខ្លាំងជាងគេ គឺ​ចលនា​នៃ​លំហូរទុនវិនិយោគ​បរទេស​នៅ​អង់គ្លេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ