អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រជាជន​អង់គ្លេស​បោះឆ្នោត​សម្រេច​ថា​ បន្តនៅ​រឺ​ដើរចេញពី​សហភាព​អឺរ៉ុប​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃព្រហស្បតិ៍​២៣មិថុនានេះ ប្រជាជន​អង់គ្លេស​​​​នាំគ្នា​​បោះឆ្នោត​ដើម្បី​សម្រេច​ថា តើ​អង់គ្លេស​​ត្រូវ​បន្ត​នៅ​ជា​សមាជិក​អឺរ៉ុប រឺ​ក៏​ត្រូវដើរចេញ​ពី​អឺរ៉ុប ? ការិយាល័យ​បោះឆ្នោត​បាន​បើក​ទ្វារ​​តាំងពី​ម៉ោង ៧ព្រឹក។ តួលេខ​អ្នកចុះឈ្មោះបោះឆ្នោត​ មាន​កម្រិតខ្ពស់ រហូត​ដល់​​៤៦លាន៥សែន​​នាក់។ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ដាវីត ខាមេរូន ដែល​គាំទ្រ​អោយ​អង់គ្លេស​អោយ​បន្ត​នៅ​ជា​សមាជិក​អឺរ៉ុប បាន​បោះឆ្នោត​រួចហើយ តាំង​ពី​ព្រឹកមក។

ផ្ទាំង​រូបភាព​​បង្ហាញ​ឃ្លា​សុំ​អោយ​រក្សា​ការ​ស្ងប់ស្ងាត់​ ក្នុង​ពេល​បោះឆ្នោត​ប្រជាមតិ
ផ្ទាំង​រូបភាព​​បង្ហាញ​ឃ្លា​សុំ​អោយ​រក្សា​ការ​ស្ងប់ស្ងាត់​ ក្នុង​ពេល​បោះឆ្នោត​ប្រជាមតិ reuters
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការ​ស្ទាបស្ទង់​មតិ​ចុងក្រោយ តួលេខ​ក្រុមគាំទ្រ​អោយ​អង់គ្លេស​នៅ​ជា​សមាជិក​អឺរ៉ុប និង​ក្រុម​អ្នកចង់ដើរចេញ ​មាន​កម្រិត​ប្រហាក់ប្រហែល​គ្នា ដែល​ពិបាក​​​អោយ​គេទាយទុក​មុន​ថា តើ​ខាង​ក្រុមណា​នឹង​ទទួលជោគជ័យ។ លទ្ធផល​បោះឆ្នោត​អាច​នឹង​ត្រូវបាន​ដឹង​​នៅ​យប់​ថ្ងៃព្រហស្បតិ៍នេះ យ៉ាងយូរ​​ព្រឹក​ថ្ងៃសុក្រ​ស្អែក។

ប្រជាមតិ​ថ្ងៃនេះ ​សំខាន់ណាស់​សម្រាប់​សហភាព​អឺរ៉ុប ព្រោះ​​អង់គ្លេសអាច​​​នឹង​ក្លាយជា​ប្រទេស​ទី១ ដែល​ដកខ្លួន​ចេញ​ពី​អឺរ៉ុប។ ហើយ​ប្រទេស​ផ្សេងៗទៀត អាច​នឹង​យកគំរូ​តាម​អង់គ្លេស​ ដើម្បី​រៀបចំ​ប្រជាមតិ​​ដកខ្លួ​នចេញ​ពី​អឺរ៉ុបដូចគ្នា។ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក​Jean Claude Junckerបាន​ព្រមានអ្នកនយោបាយ​និង​ពលរដ្ឋ​អង់គ្លេស​ថា ករណី​អង់គ្លេស​ដើរចេញ​ពី​អឺរ៉ុប នោះ​​គ្មា​ន​ការចរចា​បែបថ្មីអ្វី រវាង​សហភាព​អឺរ៉ុប​និង​​​​អង់គ្លេស​ទេ។

ដើមហេតុ​ដំបូង​នៃ​​ការបោះឆ្នោត​​​​ប្រជាមតិ​ថ្ងៃនេះ

គេនៅ​ចាំ​បានថា អង់គ្លេស​ដើមឡើយ​សម្លឹង​ប្រយោជន៍​សេដ្ឋកិច្ច​អឺរ៉ុប បាន​អង្វរក​អឺរ៉ុប​សព្វបែប​​សព្វយ៉ាង ទំរាំ​អឺរ៉ុប​ព្រមអោយ​អង់គ្លេស​ធ្វើជា​សមាជិក​ខ្លួន នៅ​​​ឆ្នាំ១៩៧៣។

ទិសដៅ​​នៃ​ប្រជាមតិ​ថ្ងៃនេះ ដំបូងឡើយ មិនបាន​បញ្ចូលន័យ​ថា ​អោយ​អង់គ្លេស​​ដើរចេញ​ពី​សហភាព​អឺរ៉ុប​ទេ។ ដំបូងឡើយ​ ប្រជាមតិនេះ គឺគ្រោងធ្វើ​ដើម្បី​អោយ​លោក​ដាវីត ខាមេរូន អាច​​ពង្រឹង​ជំហរ​អង់គ្លេស​ អោយកាន់តែ​ខ្លាំង នៅ​​សហភាពអឺរ៉ុបប៉ុណ្ណោះ​​​។ ទិសដៅ​នេះ​មាន តាំង​ពី​របប​ដឹកនាំ​របស់អតីត​​​នាយក​រដ្ឋមន្ត្រី បក្ស​ការងារ Tony Blair ម្ល៉េះ។ កាលពី​ឆ្នាំ២០០៤ លោកTony Blair ចង់​អោយ​អង់គ្លេស​បោះឆ្នោត​លើ​សន្ធិសញ្ញា​ទាកទង​រដ្ឋធម្មនុញ្ញ​អឺរ៉ុប។

កាលនោះ លោកTony Blair មើល​ឃើញ​ថា តាំង​ពី​ចូលជា​សមាជិក​អឺរ៉ុបមក ពលរដ្ឋ​អង់គ្លេស​ពុំដែល​បាន​បញ្ចេញ​មតិយោបល់​ទាក់ទង​នឹង​អឺរ៉ុប​នៅឡើយទេ។ ដូច្នេះ ​លោក​Blair ចង់​អោយ​អង់គ្លេស​គូសបញ្ជាក់​ឡើងវិញ​នូវ​​ជំហរ​ខ្លួន​ក្នុង​សហភាព​អឺរ៉ុប។ តាំងពី​ពេលនោះ​មក​ ក្រុម​ប្រឆាំង​នយោបាយ​អឺរ៉ុប​នៅ​បក្ស​អភិរក្ស​​​បាន​ឆ្លៀត​​​​ទាមទារ​អោយ​មាន​ការសួរយោបល់​​​ ពី​ប្រជាជន​សិន។

នៅ​ឆ្នាំ២០១០ លោក​ខាមេរូន ក្នុងពេល​​កំពុង​ឃោសនា​បោះឆ្នោត បាន​​សន្យា​ថា ​រាល់កា​រកែប្រែ​សន្ធិសញ្ញា​អឺរ៉ុប​ ត្រូវតែ​ឆ្លងកាត់​ប្រជាមតិសិន។ លោក​ខាមេរូន​បាន​ជាប់ឆ្នោត​ដូចបំណង។ ប៉ុន្តែ ក្រោយពេល​ជាប់ឆ្នោត លោក​​​បាន​ប្រឈម​មុខ​ខ្លាំង​ជាមួយ​ក្រុមប្រឆាំង​នយោបាយ​អឺរ៉ុប ក្នុង​បក្ស​អភិរក្ស​របស់​លោក។

​ច្រើនឆ្នាំ​មកនេះ ​សហភាព​អឺរ៉ុប​ជួបបញ្ហា​​ច្រើនយ៉ាង​ ដូចជា​​បញ្ហា​ជនគ្មានការងារធ្វើ វិបត្តិ​ជន​ភៀសខ្លួន បញ្ហា​ភេរវកម្ម។ ក្រុម​ប្រឆាំង​នយោបាយ​អឺរ៉ុប​បាន​ឆ្លៀតពេលនេះ ​ឃោសនា​អោយ​ប្រជាជន​បោះឆ្នោត​អោយ​អង់គ្លេស​ដើរចេញ​ពី​អឺរ៉ុប។​ ក្រុមប្រឆាំង​អឺរ៉ុប​ឃោសនា​ថា ពេល​ស្ថិត​នៅ​ក្រៅ​​​​សហភាព​​អឺរ៉ុប អង់គ្លេស​អាច​នឹង​យកកៅអី​ខ្លួន​ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​​បានមក​វិញ ហើយ​អាច​ធ្វើពាណិជ្ជកម្ម​​ផ្ទាល់តែម្តង​ ​​ជាមួយ​ប្រទេស​ធំៗ ដូចជា​ចិន ឥណ្ឌា រឺ​ក៏ប្រទេស​ផ្សេងទៀត នៅ​អាស៊ី​និង​អាមេរិកឡាទីន។​ ។ ​ការឃោសនា​នេះ​ហាក់​មាន​ប្រសិទ្ធភាព។ ជាក់ស្តែង​ ការ​ស្ទាបស្ទង់​មតិចុងក្រោយ​​បង្ហាញ​ថា សម្លេង​អ្នកគាំទ្រ​ និង​អ្នក​មិនគាំទ្រ មាន​ប្រហាក់ប្រហែល​គ្នា។

ពេលនេះ ​អង់គ្លេសហាក់​​បាន​ងាក​ក្បាល​ពី​ទិសដៅ​​​ដើម​ដំបូង​នៃ​ប្រជាមតិ​។ ពោលគឺ​​ជាជាង​អោយ​ពលរដ្ឋ​គាំទ្រ​​ ​អោយ​អង់គ្លេស​ពង្រឹង​ជំហរ​​​អោយ​កាន់តែ​ខ្លាំង​​នៅ​អឺរ៉ុប អង់គ្លេស​បែរជា​អាច​នឹង​ដើរចេញ​ពី​អឺរ៉ុប​ទៅវិញ។ 

បើ​លទ្ធផល​បង្ហាញ​ថា អង់គ្លេស​ត្រូវ​​ចេញ​ពី​អឺរ៉ុប បន្ទាប់ពីនេះ ផ្អែក​តាម​មាត្រា​​​៥០នៃ​សន្ធិសញ្ញា​ក្រុង​លីស្បូន អង់គ្លេស​ត្រូវ​​ជូនដំណឹង​​​​អឺរ៉ុប​ ថា​ខ្លួន​ចង់​ដកខ្លួន​ចេញ​ពី​សមាជិក​អឺរ៉ុប។ ការចរចាលើ​ដំណើរ​ការ​ដកខ្លួន​​​ពី​អឺរ៉ុប​នេះ ​អាច​​ប្រើពេល​ជាង​​២ឆ្នាំឯណោះ។

លោក​ខាមេរូន ចង់​បន្ត​ធ្វើជា​​នាយករដ្ឋមន្ត្រី​ ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នោត

កន្លងមក លោក​ខាមេរូន​ធ្លាប់​ប្រាប់ថា លោក​នឹងនៅតែ​ធ្វើជា​នាយករដ្ឋមន្ត្រី ព្រោះ​ការ​បោះឆ្នោត​​នេះ​មិន​ទាក់ទង​​នឹងលក្ខណៈ​​​​បុគ្គលផ្ទាល់​ខ្លួន​​​លោក ដែលគាំទ្រ​នយោបាយ​អឺរ៉ុប​ទេ។ ទោះ​យ៉ាងនេះ​ក្តី សមាជិក​បក្ស​អភិរក្ស​​ច្រើនរូប​អាច​នឹង​ទាមទារ​អោយ​លោក​ចុះពី​អំណាច។ ហើយ​សភា​ក៏អាច​បោះឆ្នោត​ដក​ទំនុកចិត្ត​ពី​លោក​ដែរ។ សភា​ត្រូវការ​​ឆ្នោត​​តែ​៥០សម្លេង​ប៉ុណ្ណោះ ដើម្បី​ដកទំនុកចិត្ត​ពី​នាយករដ្ឋមន្ត្រី។

មេដឹកនាំអឺរ៉ុប​​ខ្លាច​ប្រទេស​ផ្សេងៗ​យកគំរូ​តាម​អង់គ្លេស

ដូច​​យើង​ធ្លាប់ដឹង​រួចហើយ​ថា ការដកខ្លួ​នពីអឺរ៉ុប​ធ្វើអោយ​អង់គ្លេស​ខាត​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​​ខ្លួន​ធ្លាប់​ទទួល​ពី​អឺរ៉ុប។ ហើយ​អឺរ៉ុប​ក៏ដូចគ្នា។ រឿងនេះ​វាជា​បញ្ហា​​សំខាន់​មួយ​ហើយ។ អ្វីដែល​សំខាន់​លើសពី​នេះ​​ គឺ​មេដឹកនាំ​អឺរ៉ុប​ធំៗ​​ ​ខ្លាច​ថា ប្រទេស​អឺរ៉ុប​ផ្សេងទៀត ​​អាច​​យក​គំរូ​តាម​អង់គ្លេស ដោយ​ធ្វើប្រជាមតិ​ដកខ្លួន​ពី​អឺរ៉ុបដូចគ្នា។​ បែបយ៉ាង​ នៅ​​​ប្រទេស​ដូចជា​​​ដាណឺម៉ាក ហូឡង់​ ​រឺក៏ស៊ុយអែត ក្រុមប្រឆាំង​នយោបាយ​អឺរ៉ុប​ចង់អោយ​មា​នប្រជាមតិ​ដូចគ្នា។ ​នៅបារាំង​វិញ បក្ស​ស្តាំនិយមជ្រុល​របស់​លោកស្រី​ឡឺពេន ក៏​ចង់អោយ​មានប្រជាមតិ​ដូចគ្នា។ បើ​ប្រទេស​អឺរ៉ុប​ទាំងនេះ​ដើរចេញ​ពី​អឺរ៉ុប ​អឺរ៉ុប​នឹង​កាន់តែ​ចុះ​ខ្សោយ។

ងាក​មក​និយាយ​ពី​​​ផលវិបាក​​ស្រដៀងគ្នា​នៅ​អង់គ្លេស​វិញ បើថ្ងៃនេះ ពលរដ្ឋ​អង់គ្លេស​សម្រេច​ចិត្ត​​​អោយ​អង់គ្លេស​ដើរច​​ចេញ​ពីអឺរ៉ុប ប្រជាជន​អេកូស​ក៏អាច​​​ធ្វើប្រជាមតិ​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស​​បានដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ