ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អឺរ៉ុប

WikiLeaks៖ ប៉ូលិស​អង់គ្លេស​ឡោមព័ទ្ធ​ស្ថានទូត​អេក្វាទ័រ​នៅ​ទីក្រុង​ឡុងដ៍

media  
ប៉ូលិស​អង់គ្លេស​ឈរ​នៅ​ពីមុខ​​ស្ថានទូត​អេក្វាទ័រ​ប្រចាំ​ទីក្រុង​ឡុងដ៍ ទី​ដែល​លោក Julian Assange កំពុង​លាក់ខ្លួន REUTERS/Neil Hall

កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ រដ្ឋាភិបាល​អេក្វាទ័រ​បានសម្រេច​​ផ្តល់​សិទ្ធិជ្រកកោន​នយោបាយ​ដល់​​លោក Julian Assange ស្ថាបនិក​វិបសៃត៍ WikiLeaks ដែល​ជំនាញ​ខាង​ចេញផ្សាយ​ឯកសារ​សម្ងាត់។ ក៏ប៉ុន្តែ រដ្ឋាភិបាល​អង់គ្លេស​បាន​បញ្ជាក់ថា ទោះបី​ជាបាន​ទទួល​សិទ្ធិជ្រក​កោននយោបាយ​ពី​អេក្វាទ័រ​​ក៏ដោយ ក៏លោក​ Julian Assange មិន​អាច​ចាកចេញ​ពី​ស្ថានទូត​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អេក្វាទ័រ​បាន​នោះដែរ។ នៅ​ទ្វីប​អាមេរិក​ អង្គការ​តំបន់​ពីរ​បាន​កោះ​ប្រជុំ​ជា​បន្ទាន់​ ដើម្បី​ជជែក​អំពី​ជម្លោះការទូត​រវាង​អេក្វាទ័រ និង​អង់គ្លេស។

ប៉ូលិស​អង់គ្លេស​ប្រមាណ ៣០នាក់ និង​ឡាន ៩គ្រឿង ត្រូវ​បាន​គេ​ដាក់ពង្រាយ​នៅ​ជុំវិញ​ស្ថានទូត​អេក្វាទ័រ ប្រចាំ​ក្នុង​ទីក្រុង​ឡុងដ៍ ទីដែល​លោក Julian Assange កំពុង​លាក់​ខ្លួន​ តាំង​ពីថ្ងៃ​ទី១៩មិថុនា​មក។ អាជ្ញាធរ​អង់គ្លេស​បាន​ព្រមាន​ថា​ នៅ​ពេល​ណា​ដែល​លោក​ Julian Assange ឈាន​ជើង​ចេញ​ពី​បរិវេន​ស្ថានទូត​អេក្វាទ័រ ប៉ូលិស​នឹង​ចាប់ខ្លួន​គាត់​ភ្លាម បើទោះជា​​គាត់​បាន​ទទួលសិទ្ធិ​ជ្រកកោន​នយោបាយ​ពី​អេក្វាទ័រ​ក៏ដោយ។

គួររំឭក​សាច់រឿង​ឡើងវិញ​ថា លោក Julian Assange ដែល​ជា​ពលរដ្ឋ​អូស្រ្តាលី ហើយ​ជា​អ្នក​បង្កើត​វិបសៃត៍ WikiLeaks ត្រូវ​បាន​ប៉ូលិស​អង់គ្លេស​ចាប់ខ្លួន ហើយ​គ្រោង​ធ្វើ​បត្យាប័ន​ទៅ​ស៊ុយអែត ដែល​លោក Julian Assange ជាប់ចោទ​ពី​បទ​រំលោភ​ស្រ្តី​ស៊ុយអែត​ពីរនាក់។ លោក Julian Assange បាន​ប្តឹង​ទៅ​តុលាការ​អង់គ្លេស ដើម្បី​ជំទាស់​នឹង​ការ​ធ្វើ​បត្យាប័ននេះ។ នៅ​ក្នុង​ពេល​រង់ចាំ​សេចក្តីសម្រេច​របស់​តុលាការ លោក Julian Assange ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន។ តុលាការ​អង់គ្លេស ចាប់តាំង​ពី​សាលា​ដំបូង រហូតដល់​តុលាការ​កំពូល​បាន​សម្រេច​ជា​បន្តបន្ទាប់​​ឲ្យ​ធ្វើ​បត្យាប័ន​លោក​ Julian Assange ក៏ប៉ុន្តែ ​គាត់​បាន​រត់​ចូល​ពួន​ក្នុង​ស្ថានទូត​អេក្វាទ័រ តាំង​ពី​មុន​ពេល​តុលាការ​កំពូល​​ចេញ​សេចក្តីសម្រេច​ម៉្លេះ។

រដ្ឋាភិបាល​ស៊ុយអែត​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​សេចក្តីសម្រេច​​របស់​អេក្វាទ័រ ដែល​ផ្តល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ដល់​លោក Julian Assange នេះ​ថា​ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​ប្រព័ន្ធ​យុត្តិធម៌​របស់​ស៊ុយអែត។ ក្រសួង​ការបរទេស​ស៊ុយអែត​​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អេក្វាទ័រ​ ​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​របស់រដ្ឋាភិបាល​អេក្វាទ័រ ដែល​ថា ប្រសិនបើ​លោក​ Julian Assange ត្រូវ​ធ្វើ​បត្យាប័ន​ចេញ​ពី​អង់គ្លេស​​ទៅ​ស៊ុយអែត គាត់​អាច​នឹង​មិន​ទទួល​បាន​ការ​កាត់ទោស​ដោយ​ត្រឹមត្រូវ។

មាន​អ្នក​ខ្លះ​បាន​សម្តែងការ​ហួសចិត្ត នៅពេល​ឃើញ​​រដ្ឋាភិបាល​អេក្វាទ័រ ដែល​​តែងទទួលរងនូវ​ការ​រិះគន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស ជាពិសេស សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ បែរ​ជា​ចេញ​មុខ​មក​អះអាង​ថា​ចង់​ការពារ​សិទ្ធិ​របស់​​លោក​ Julian Assange ពី​ប្រព័ន្ធ​តុលាការ​របស់​ស៊ុយអែត ដែល​ជា​ប្រទេស​មាន​កេរ្តិ៍ឈ្មោះ​ខាង​ការ​គោរព​សិទ្ធិមនុស្ស​បែបនេះ​ទៅវិញ។

ក៏ប៉ុន្តែ ទាំង​រដ្ឋាភិបាល​អេក្វាទ័រ និង​ទាំង​លោក Julian Assange ខ្លួនឯងផ្ទាល់​តែងតែ​បាន​អះអាង​ថា អ្វី​ដែល​គេ​បារម្ភ​នោះ គឺមិនមែន​ប្រព័ន្ធ​តុលាការ​ស៊ុយអែត​នោះទេ តែ​គេ​បារម្ភ​ខ្លាច​ស៊ុយអែត​ធ្វើ​បត្យាប័ន​លោក Julian Assange បន្ត​ទៅ​ឲ្យ​អាមេរិក ដែល​នៅទីនោះ គាត់​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ទោស​ប្រហារ​ជីវិត ជុំវិញ​ការ​ផ្សព្វផ្សាយ​ឯកសារ​សម្ងាត់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ កាល​ពី​ឆ្នាំ​២០១០។

មន្រ្តី​រដ្ឋាភិបាល​អាមេរិក​បាន​ចេញមុខ​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា អាមេរិក​មិន​ដែល​មាន​គម្រោង​ស្នើសុំ​ឲ្យ​ស៊ុយអែត ឬ​អង់គ្លេស បញ្ជូន​ខ្លួន​លោក Julian Assange ទៅ​អាមេរិក​នោះទេ ហើយ​តុលាការ​អាមេរិក​ក៏​គ្មាន​ធ្វើការ​ចោទប្រកាន់​ណាមួយ លើ​លោក Julian Assange នោះដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ