អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​របស់​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​នៅ​ភូមា

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ David Cameron នាយករដ្ឋមន្រ្តី​អង់គ្លេស បាន​ទៅ​ដល់​ប្រទេស​ភូមា នៅថ្ងៃ​សុក្រ ១៣ មេសា ២០១២​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ រយៈពេល ១ថ្ងៃ។ នៅ​ពេលនេះ អង់គ្លេស និង​សហភាព​អឺរ៉ុប​នៅ​មិនទាន់​បាន​ដក​ទណ្ឌកម្ម​ចេញ​ពី​ភូមា​ទាំងស្រុង​នៅឡើយទេ ក៏ប៉ុន្តែ មាន​​ប្រមុខដឹកនាំ​ក្រុមហ៊ុន​អង់គ្លេស​ជាច្រើន​រូប បាន​រួមដំណើរ​ជាមួយ​លោក​ Cameron ទៅ​ប្រទេស​ភូមា នៅក្នុង​អំឡុង​ទស្សនកិច្ច​នេះ។

នាយករដ្ឋមន្រ្តី​អង់គ្លេស David Cameron ​ជួប​លោកស្រី​អ៊ុង សានស៊ូជី ក្នុង​អំឡុង​ទស្សនកិច្ច​នៅភូមា​ ថ្ងៃ​សុក្រ ១៣ មេសា ២០១២
នាយករដ្ឋមន្រ្តី​អង់គ្លេស David Cameron ​ជួប​លោកស្រី​អ៊ុង សានស៊ូជី ក្នុង​អំឡុង​ទស្សនកិច្ច​នៅភូមា​ ថ្ងៃ​សុក្រ ១៣ មេសា ២០១២ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​មួយរយៈកាល​ចុងក្រោយ​នេះ នៅ​ក្រោយ​ពេល​ដែល​របបសឹកភូមា​បាន​សុខចិត្ត​រៀបចំ​ធ្វើ​កំណែទម្រង់​នយោបាយ គេ​សង្កេតឃើញ​មាន​មេដឹកនាំ​លោក​ខាងលិច​ជាច្រើន​រូប បាន​នាំគ្នា​ទៅ​បំពេញ​ទស្សនកិច្ច​ជា​បន្ត​បន្ទាប់ នៅ​ភូមា ក្នុង​នោះ ក៏​រួមមាន​ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក និង​រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​ផងដែរ។

ក៏ប៉ុន្តែ ដំណើរ​ទស្សន​កិច្ច​របស់​លោក​ David Cameron គឺ​ជា​ដំណើរ​ទស្សនកិច្ច​​លើក​ដំបូង​បង្អស់​របស់​​ប្រមុខ​រដ្ឋាភិបាល​លោក​ខាងលិច ចាប់តាំង​ពី​របបសឹក​ចូល​កាន់​អំណាច កាល​ពី​ឆ្នាំ​១៩៦២​មក។ ម្យ៉ាងវិញ​ទៀត លោក David Cameron គឺ​ជានាយករដ្ឋមន្រ្តី​អង់គ្លេស លើក​ដំបូង​បង្អស់ ដែល​ទៅ​បំពេញ​ទស្សនកិច្ច​ នៅ​ភូមា ចាប់តាំង​ពី​អង់គ្លេស​ប្រគល់​ឯករាជ្យ​ឲ្យ​ទៅ​ភូមា កាល​ពី​ឆ្នាំ​១៩៤៨។

ក្រោយ​ពី​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ ថេន សេន លោក David Cameron គ្រោង​នឹង​ជួប​ជាមួយ​លោក​ស្រី​អ៊ុង សាន ស៊ូជី នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ។

កន្លងមក គេ​សង្កេតឃើញ​ថា អង់គ្លេស ដែល​ធ្លាប់​ដាក់​អាណានិគម​លើ​ភូមា តែងតែ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាងគេ ចំពោះ​ការ​ដាក់ទណ្ឌកម្ម​លើ​របបសឹកភូមា។ ក៏ប៉ុន្តែ នៅ​ពេលនេះ អង់គ្លេស​ហាក់ដូចជា​កំពុង​តែ​ផ្លាស់ប្តូរ​ជំហរ​​ទាក់ទង​​នឹង​បញ្ហា​នេះ។

មុន​ពេល​មក​ដល់​ភូមា លោក​ David Cameron បាន​លើក​សរសើរ​​អំពី​ភាពក្លាហាន​របស់​មេដឹកនាំ​ភូមា​​ក្នុង​ការ​រៀបចំ​ធ្វើ​កំណែទម្រង់។ ក្នុង​ពេល​ជាមួយ​គ្នា លោក​ក៏​បាន​លើក​សរសើរ​លោកស្រី​ អ៊ុង សាន​ស៊ូជី ដែល​ជា​មេដឹកនាំ​ប្រឆាំង​ដ៏​ល្បីល្បាញ​របស់​ភូមា​ផងដែរ។

កាល​ពីថ្ងៃ​ព្រហស្បតិ៍ ក្នុង​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី លោក​នាយករដ្ឋ​មន្រ្តី​អង់គ្លេស​បាន​ថ្លែង​ថា លោក​នឹង​ជំរុញ​ឲ្យ​​សហភាព​អឺរ៉ុប​បន្ធូរបន្ថយ​​ទណ្ឌកម្ម​លើ​​ភូមា ប្រសិន​បើ​​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច នៅ​ភូមា លោក​ពិនិត្យ​ឃើញ​ថា កំណែទម្រង់​នៅ​ភូមា​ពិត​ជា​​ដំណើរ​​ការ​ទៅមុខ​ដោយ​មិន​បែរ​ក្រោយ​វិញ​មែន។

នៅ​ពេលនេះ សហភាព​អឺរ៉ុបកំពុង​ពិចារណា​ថា ​តើ​ត្រូវ​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​ភូមា​​ដែរ​ឬទេ? ហើយ​​បើ​បន្ធូរបន្ថយ តើ​ត្រូវ​បន្ធូរ​បន្ថយ​ត្រឹម​កម្រិត​ណា? រដ្ឋមន្រ្តី​ការបរទេស​សហភាព​អឺរ៉ុប​គ្រោង​នឹង​ប្រជុំ​​សម្រេច​ជុំវិញ​បញ្ហា​នេះ​ នៅ​ថ្ងៃ​ទី២៣ មេសាខាងមុខ។

គួរ​បញ្ជាក់ថា ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ទៅលើ​ភូមា ​រួមមាន ​ដូចជា ការ​ផ្អាប់​ទ្រព្យ​របស់​មេដឹកនាំ​ភូមា ការ​ហាម​ឃាត់​មិន​ឲ្យ​​លក់​អាវុធ​ទៅ​ភូមា ការ​ហាមឃាត់​ការ​ធ្វើ​វិនិយោគ ឬ​ការ​ធ្វើ​ជំនួញ​ជាមួយ​ភូមា ក្នុង​វិស័យ​រ៉ែ ព្រៃឈើ ។ល។

គេ​មិនរំពឹង​ថា សហភាព​អឺរ៉ុប​នឹង​ដក​ទណ្ឌកម្ម​ទាំងអស់​នេះ​ពី​ភូមា ក្នុង​ពេល​តែ​មួយ​នោះទេ។ យុទ្ធសាស្រ្ត​របស់​អឺរ៉ុប ក៏ដូចជា អាមេរិក​ដែរ គឺ​ចង់​បន្ធូរបន្ថយ​ទណ្ឌកម្ម​មួយផ្នែក ដើម្បី​លើក​ទឹកចិត្ត​ដល់​រដ្ឋាភិបាល​ភូមា ក្នុងការ​ធ្វើ​កំណែទម្រង់​កន្លងមក ក៏ប៉ុន្តែ ចង់​រក្សា​ទុក​ទណ្ឌកម្ម​ខ្លះ ដើម្បី​ជំរុញ​ឲ្យ​ភូមា​បន្ត​ធ្វើ​កំណែទម្រង់​តទៅមុខទៀត។

ក្រៅ​ពីចង់​លើក​ទឹកចិត្ត​ដល់​កំណែទម្រង់​ភូមា ប្រទេស​លោកខាងលិច​ក៏​កំពុង​តែ​សម្លឹង​ឃើញ​ផងដែរ​ពី​ផលប្រយោជន៍​​នៅ​ភូមា ជាពិសេស ធនធាន​ធម្មជាតិ​ ដូចជា ប្រេង ឧស្ម័ន​ធម្មជាតិ រ៉ែ ត្បូង​មាន​តម្លៃ និង​ព្រៃឈើ ជាដើម។ ក្រុមហ៊ុន​ធំៗ​របស់​ប្រទេស​លោកខាងលិច កំពុង​តែ​បារម្ភ​ថា ឱកាស​រកស៊ី នៅ​ភូមា​ នឹង​ត្រូវ​ធ្លាក់​ក្នុង​ដៃ​គូប្រជែង​​នៅ​អាស៊ី ដូចជា ក្រុមហ៊ុន​ចិន ឥណ្ឌា ជប៉ុន ថៃ និង​កូរ៉េ​ខាង​ត្បូង ជាដើម ដែល​កំពុង​តែ​ចាក់ឫស​កាន់តែ​រឹងមាំ​ឡើង នៅ​ភូមា ក្នុងពេល​ដែល​ប្រទេស​លោកខាងលិច​​បន្ត​ដាក់​ទណ្ឌកម្ម​​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួន​មក​រកស៊ី នៅ​ភូមា។

នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់ David Cameron នៅ​ភូមា នៅថ្ងៃ​នេះ គេ​ក៏​ឃើញ​មាន​អ្នកជំនួញ​អង់គ្លេស​ជាច្រើន​រូប​អម​ដំណើរ​​ជាមួយ​ដែរ។ ក៏ប៉ុន្តែ អ្នកជំនួញ​ទាំងនេះ​មិន​អាច​ធ្វើការ​រកស៊ី​នៅ​ភូមា​បានទេ ដោយសារ​តែ​មាន​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​អង់គ្លេស និង​របស់​សហភាព​អឺរ៉ុប​លើ​ភូមា។ ​កាសែត​អង់គ្លេស The Guardian ដែល​បាន​ដកស្រង់​សម្តី​មន្រ្តី​រដ្ឋាភិបាល​អង់គ្លេស​ បាន​ផ្សាយ​ឲ្យដឹង​ថា អ្នកជំនួញ​អង់គ្លេស ដែល​អមដំណើរ​​នាយករដ្ឋមន្រ្តី ទៅ​ភូមា​នេះ គឺ​ទៅ​ក្នុង​ឋានៈ​ជា “អ្នកទេសចរ” ប៉ុណ្ណោះ មិនមែន​ក្នុង​គោលដៅ​ធ្វើ​ជំនួញ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ