អានតួអត្ថបទ
អាហ្វ្រិក

ភេរវកម្មនៅ​បួរគីណា ហ្វាសូ៖ ស្លាប់មនុស្ស​ជិត​៣០នាក់

ស្លាប់​មនុស្ស​ ជិត​​៣០នាក់ និង​របួស​ប្រមាណ​​៨០នាក់​ ដោយសារ​ការ​វាយ​ប្រហារ​ភេរវកម្ម ចំនួន​២​ នៅ​ប្រទេស​បួរគីណា ហ្វាសូ ពីថ្ងៃ​សុក្រ ទី​២មីនា។ ហេតុការណ៍​ពីរ​​នេះ បាន​កើត​ឡើង​ក្នុងពេល​ព្រម​ៗគ្នា គឺមួយ​ នៅ​ស្ថានទូត​បារាំង ហើយ​​មួយទៀត នៅ​ទីបញ្ជាការ​កងទ័ព​បួរគីណា ហ្វាសូ។

ទិដ្ឋភាព​នៅកណ្តាល​ក្រុង  Ouagadougou ពីថ្ងៃសុក្រ ទី​២មីនា ២០១៨
ទិដ្ឋភាព​នៅកណ្តាល​ក្រុង Ouagadougou ពីថ្ងៃសុក្រ ទី​២មីនា ២០១៨ Ahmed OUOBA / AFP
ផ្សាយពាណិជ្ជកម្ម

ប្រហែល​ម៉ោង​១០ព្រឹក​ ថ្ងៃសុក្រ ទី​២មីនា ជនមួយក្រុមទៀត  បាន​បំផ្ទុះឡាននិងបាញ់រះ នៅទីបញ្ជាការកងទ័ពបួរគីណា ហ្វាសូ ដែល​ធ្វើ​នាំឲ្យ​មាន​ការ​ខូច​ខាតយ៉ាង​ដំណំ ហើយក្នុង​ពេល​ជាមួយ​គ្នា ក្រុមខ្មាន់កាំភ្លើងមួយក្រុមមួយទៀត​ បាន​បាញ់ប្រហារនៅស្ថានទូតបារាំង​។

តុល្យ​ការ​បឋម កន្លែង​បាញ់រះ​​នៅ​ស្ថាន​ទូត​បារាំង គ្មាន​មនុស្ស​ស្លា​ប់ទេ តែ​រងទុក្ខ​ធ្ងន់ឯ​កន្លែង​កើត​ហេតុ​​នៅ​ទីបញ្ជាការ​កងទ័ព ដោយ​ស្លាប់​មនុស្ស​ជិត​៣០នាក់ ក្នុង​នោះ ទាហានបួរគីណាបេ៨នាក់។ ចំណែក​​ក្រុម​ខ្មាន់កាំភ្លើង ចំនួន​៨នាក់ ក៏ត្រូវ​បាញ់​សម្លាប់​ដែរ​​​។ ក្រោយ​កើត​ហេតុ គ្មាន​ទាន់​មាន​ក្រុមភេរវជន​​ណា​​ចេញ​មុខ​ទទួល​ស្គាល់​ថា​ជា​ស្នាដៃ​របស់​ខ្លួន​នៅឡើយទេ។​

លោក Clément Sawadogo រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ បួរគីណាបេ បាន​បញ្ជាក់ថា នៅពេលនេះ សភាពការ​ណ៍​បានត្រឡប់​មក​​ស្ងប់​ស្ងាត់​វិញ​ហើយ។ លោក​ចាត់ទុកថា ទង្វើនេះ ជា​អំពើ​ភេរវកម្ម​ ហើយដែល​​ទំនង​ជា​មាន​ចេតនា​ ប្រឆាំង​ចំពោះ​ការ​រួប​រួម​គ្នា​ក្នុង​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម​ជីហាត របស់​បារាំង​និងកងកម្លាំង​អាហ្វ្រិក​ទាំង៥ប្រទេស នៅ​តំបន់​សាហែ។ ប្រតិកម្ម​ភ្លាម​ៗ​ ប្រធានាធិបតីបារាំង អេម៉ានុយអែល​ម៉ាក្រុង ប្រមុខរដ្ឋ​នីហ្សេ ថ្នាក់​ដឹកនាំ​បួរគីណាបេ​ ជា​ដើម សុទ្ធតែ​បាន​បន្ត​ប្តេជ្ញាចិត្ត​ចូល​រួម​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ នៅ​តំបន់​សាហែ​ តទៅទៀត។

សូម​ជម្រាប​ដែរថា ជា​ច្រើន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋធានី​ Ouagadougou របស់ប្រទេស​បួរគីណបេ បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​អំពើ​ភេរវកម្ម​ជីហាត ប្រឆាំង​ទៅ​នឹង​ពួក​អឺរ៉ុប​។ ភេវរកម្ម​ខែសីហា​ឆ្នាំមុន នៅ​ហាង​កាហ្វេ​មួយ សម្លាប់​មនុស្ស​១៩នាក់ គ្មាន​អ្នក​ចេញមុខ​អះអាង​ពី​ស្នាដៃ​ខ្លួន​ទេ​។ ប៉ុន្តែ​​​នៅឆ្នាំ២០១៦ ស្លាប់​៣០នាក់ គឺ​​ពួក​ជីហាត បាន​ចេញមុខ​​ទទួល​ស្គាល់​ថា​ជា​អំពើ​របស់​ខ្លួន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ