អានតួអត្ថបទ
អេហ្ស៊ីប

ភេរវកម្ម​នៅ​អេហ្ស៊ីប៖ ​អង្គការ​រដ្ឋ​ឥស្លាមជីហាត​ប្រកាស​ថាជាស្នាដៃ​របស់ខ្លួន

នៅថ្ងៃនេះ ក្រុម​អង្គការ​រដ្ឋឥស្លាម​ជីហាត ប្រកាស​ទទួលស្គាល់ថា អំពើ​ភេរវកម្ម​បាញ់​រះ​សម្លាប់​មនុស្ស​៩នាក់ នៅ​ប្រទេស​អេហ្ស៊ីប ពីថ្ងៃទី​២៩ធ្នូ​​ គឺជា​ស្នាដៃ​របស់​បក្សពួក​ខ្លួន។ ក៏ប៉ុន្តែ អ្នក​ជំនាញ​ខាង​ភេរវកម្ម យល់ថា ការ​ប្រកាស​នេះ គឺគ្រាន់តែ​ដើម្បី​ការយកមុខ​យក​មាត់​តែប៉ុណ្ណោះ។

ភេរវកម្ម នៅ​វិហារ Mar Mina ជាយក្រុង Caire
ភេរវកម្ម នៅ​វិហារ Mar Mina ជាយក្រុង Caire REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

អ្នក​ជំនាញ​ យល់ថា ការ​ប្រកាសទទួល​ស្គាល់​​របស់​ពួក​អង្គការឥស្លាម គឺ​​ជា​ការ​កេញ​ចំណេញ​ឆ្លៀត​ឱកាសនិយម។ ពីព្រោះថា ការវាយ​ប្រហារ​ដោយបាញ់​​​រះសម្លាប់​មនុស្ស​ នៅ​លើក​នេះ គឺ​ខុស​ពីអំពើ​ភេរវកម្ម​៣លើកមុនៗ​​ នៅក្នុង​ទឹកដី​អេហ្ស៊ីប។ ភេរវកម្ម​លើកមុន បាន​ធ្វើ​​ដោយ​ពួក​ជីហាតពិត​ប្រាកដ។ ​ពួកនេះធ្វើសកម្មភា​ពដោយ​គ្មាន​ខ្លាច​ញញើត​ឬ​ស្ទាក់ស្ទើរ​ទេ​ ដូច​ជាការ​​​ទាញ​ខ្សែ​ក្រវាត់​បំផ្ទុះ​គ្រាប់​បែក ជាដើម។​

ក៏ប៉ុន្តែ​​ នៅ​​លើកនេះ ភេរវជនម្នាក់ ដែលធ្វើ​សកម្មភាព ហាក់​នៅមាន​ភាព​ស្ទាក់​ស្ទើរ ហើយ​ដូច​ជា​គ្មាន​គម្រោងការ​​ទុក​ជាមុន ឲ្យ​ស្រួល​បួល​ផង​​ទេ។ សកម្មភាព​​ស្ទាក់​ស្ទើរ​នោះ​ គឺត្រូវ​បាន​គេ​មើល​ឃើញដោយសារតែ​កាំមេរ៉ា​វីដេអូ​ ដែល​គេ​ថត​បាន​មុន​ពេល​កើត​ហេតុ។ ហេតុ​នេះហើយ ទើប អ្នកជំនាញ គិតថា ជន​រូប​នេះ គ្រាន់តែ​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ជ្រុលនិយម ដែល​ប្រឆាំង​នឹង​គ្រិស្ត​សាសនា​​នៅ​អេហ្ស៊ីប​តែប៉ុណ្ណោះ។​

មុន​ពេល​កើត​ហេតុ ខ្មាន់​កាំភ្លើង​ ចង់​ព្យាយាមចូលទៅក្នុង​ព្រះ​វិហារគ្រឹះសាសនា តែ​ទ្វារ​ត្រូវ​បិទ​​ជាប់ទៅហើយ​​។ នៅពេល​ដែល​ប៉ូលីស​សង្ស័យ ព្យាយាម​ហៅ​រូប​គេ​មកសួរ ក៏ស្រាប់​តែរូប​គេនោះ ផ្តើម​សកម្មភាព​បាញ់រះតែម្តង។​ រួចមក ខ្មាន់​កំាំភ្លើង បាន​​រត់​គេចខ្លួន ចូល​ទៅ​ក្នុង​ហាង​ទំនិញ​មួយ​ ដែល​នៅក្បែរនោះ​។ ទីនោះ​ហើយ ដែល​ក្រុមប៉ូលីស​បាន​ស្ទាក់ និង​​បាញ់រូប​គេ​ឲ្យ​របួសជើង​ មុន​នឹង​ចាប់​ឃាត់​ខ្លួន​បាន។

សមត្ថកិច្ច​បាន​ ផ្តល់​អត្តសញ្ញាណ​ផ្លូវ​ការ​របស់​ជន​នោះ ថា​មាន​ឈ្មោះ Ibrahim Ismail Moustafa គឺជាភេរវជន​ម្នាក់ ដែលជាប់​ក្នុង​បញ្ជីឧក្រិដ្ឋ​ និង​​ជា​មុខ​សញ្ញា​ត្រូវ​តាមរក​ចាប់​ខ្លួន​។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​មហាផ្ទៃអេហ្ស៊ីប​ គឺ​បាន​ចោទ​ប្រកាន់​បុរស​ខ្មាន់​កាំភ្លើងនេះ ចំនួន​៥ករណី រាប់​តាំងពី​អំពើ​ភេរវកម្ម​សម្លាប់​មនុស្ស​១៧នាក់ កាលពីឆ្នាំ​២០១៦ រហូត​មកដល់​អំពើ​បាញ់​ប្រហារ នៅថ្ងៃទី​២៩ធ្នូ​កន្លងទៅនេះ។

សូម​បញ្ជាក់ថា ការ​​​បាញ់​ប្រហារ ពី​ថ្ងៃ២៩ធ្នូ​ នៅ​វិហារ​គ្រិស្តសាសនា ជាយ​ក្រុង​កែរ បាន​សម្លាប់​មនុស្ស​៩នាក់ ក្នុង​មា​នម្នាក់​ជា​ប៉ូលីស ហើយ​៨នាក់ទៀត​ គឺសុទ្ធសឹង​តែ​អ្នក​កាន់​សាសនា​គ្រិស្ត។ នៅ​អេហ្ស៊ីប​​ អ្នក​និយម​សាសនាគ្រិស្ត​និកាយ​ orthodoxes ​មាន​ចំនួន​ភាគ​តិច តែប៉ុន្មាន​ជាង​១០ភាគរយប៉ុណ្ណោះ​ ក៏ប៉ុន្តែ​ចំនួន​នេះ គឺ​ជា​សហគមន៍​មួយ​ធំសំខាន់​ដែរ​ សម្រាប់​និកាយគ្រិស្តសាសនា​នៅ​មជ្ឈិមបូព៌ា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ