អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​អំពាវ​នាវ​ឲ្យ​ លោក​ ហ៊ុន​ សែន​ យក​ចិត្ត​ទុក​ដាក់​ ករណី​​សហ​ភាព​​អឺ​រ៉ុប​

អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ កាល​ពី​ម្សិល​មិញ ​បាន​ចេញ​​សេចក្តី​​ថ្លែង​​ការណ៍​មួយ ​ដោយ​​អំ​ពាវនាវ​ឲ្យ​​លោក​​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ​សែន​ យក​ចិត្ត​ទុក​​ដាក់​​ចំពោះ​​អ្វី​​ដែល​​ជា​​កង្វល់​​របស់​​ប្រ​ជាពល​រដ្ឋ​​ខ្មែរ​ និង​​សហ​ភាព​​អឺរ៉ុប ​ដើម្បី​​ជៀស​​វាង​​ការ​​ចាត់​​វិធាន​ការ​​ជាក់​​លាក់​​ណាមួយ​​ពី​​សហគមន៍​​អន្តរ​ជាតិ​ដែល​នាំ​​ឲ្យ​​ខូច​​ខាត​​ប្រយោជន៍​​របស់​កម្ពុជា​ទាំង​មូល។ ​ការ​​អំ​ពាវនាវ​នេះ ​បន្ទាប់​​ពី​​​សហ​ភាព​​អឺរ៉ុប​ ដែល​បាន​​បញ្ច​ប់​​បេសកកម្ម​​ស្វែង​​រក​​ការ​​ពិត​​នៅ​​កម្ពុ​ជា​​ កាល​ពី​​សប្តាហ៍មុន​ និង​បាន​​ព្រមាន​​ដក​​កម្ពុជា​​ចេញ​​ពី​​គម្រោង​​អនុ​គ្រោះ​ពន្ធ​(EBA)​។​

លោក​ស្រី Cecilia Malmström អ្នក​ដឹក​នាំ​គណៈប្រតិភូ​សហភាព​អឺរ៉ុប
លោក​ស្រី Cecilia Malmström អ្នក​ដឹក​នាំ​គណៈប្រតិភូ​សហភាព​អឺរ៉ុប @សហការី
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះថ្ងៃ១៥​កក្កដា អតីតគណ​បក្ស​ប្រឆាំង​ដែល​នៅតែ​បន្ត​ប្រើ​ប្រាស់​លិខិតផ្លូវការក្រោមឈ្មោះគណបក្សសង្គ្រោះជាតិកាលពីមុន បានគាំទ្រ​សេចក្តី​ប្រ​កាស​​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប និង​អ្វី​ដែល​បេសកម្ម​ស្វែង​រកការ​ពិត​របស់​សហភាព​អឺ​រ៉ុប​បាន​រក​ឃើញ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

​ជាមួយគ្នានោះ អតីតគណបក្សសង្រ្គោះជាតិ បានអំពាវនាវឲ្យសហភាព​អឺរ៉ុប បន្តជំរុញឲ្យ​​រដ្ឋាភិបាលកម្ពុជារបស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ងាក​មក​រក​ដំណោះ​ស្រាយ​នយោបាយ​ ដើម្បី​ឲ្យកម្ពុជា​វិល​មក​រក​គន្លង​ប្រជា​ធិបតេយ្យ និងគោរព​សិទ្ធិ​មនុស្ស​ឡើងវិញ។ លើសពីនេះ ទៀត អតីត​គណបក្សប្រឆាំងធំជាងគេនៅកម្ពុជានេះ បាន​អំពាវនាវឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន យកចិត្តទុក​ដាក់​ចំពោះ​អ្វី​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​សហភាព​អឺរ៉ុប ដើម្បី​ជៀស​វាង​ការ​ចាត់​វិធានការ​ជាក់​លាក់​ណាមួយ​ពី​សហគមន៍​អន្តរជាតិដែលនាំ​ឲ្យ​ខូច​ខាត​ប្រយោជន៍​របស់កម្ពុជា​ទាំងមូល។

ក៏ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណៈកម្មការសហភាព​អឺរ៉ុបស្វែងរក​ការពិតនៅកម្ពុជា គឺបានវាយតម្លៃខុស​ពីការពិត​នៅកម្ពុជា។ លោក​យល់ថា ការ​បញ្ឈប់​ការ​អនុគ្រោះពន្ធដល់កម្ពុជានឹងមិនងាយ​ធ្វើទៅរួចនោះទេ ដោយលោក​អះអាងថា មានប្រទេសជា​ច្រើនទៀត​ជា​សមាជិក​សហភាពអ៊ឺរ៉ុបគាំទ្រចំណាត់ការ​របស់​រដ្ឋាភិបាលកម្ពុជាពេលនេះ។

សូមបញ្ជាក់ថា សហភាព​អឺរ៉ុប ​កំពុង​ពិចារណា​ ថា​តើ​ត្រូវ​បន្ត​ផ្តល់​ឋានៈ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ទៀត ​ឬ​លុប​ចោល បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការ​ពិត​នៅ​កម្ពុជា រយៈ​ពេល​១​សប្តាហ៍ ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១១​ខែ​កក្កដា។ សហភាព​អឺរ៉ុ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី ១២ កក្កដា បាន​លើក​ឡើង​ថា ការ​វិវត្ត​ថ្មីៗ​ដ៏​គួរ​ឲ្យ​បារម្ភ​នៅ​កម្ពុជា បាន​ធ្វើ​ឱ្យមាន​ការ​វាយ​តម្លៃ​កាន់​តែ​ល្អិត​ល្អន់​ជាង​មុន​ ថា​តើ​កម្ពុជា​កំពុង​បំពេញ​តាម​ការ​ប្តេជ្ញា​ចិត្ត​ និង​កិច្ច​សន្យា​របស់​ខ្លួន​ឬ​យ៉ាង​ណា។

គួរជម្រាបដែរថា ប្រសិន​បើ​សហភាព​អឺរ៉ុប​តម្រូវ​ឲ្យ​កម្ពុជា​បង់​ពន្ធ​នាំ​ចូល​នោះ ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​គិត​ជា​មធ្យម មាន​​រហូត​ដល់ ៦៧៦​លាន​ដុល្លារ​អាមេរិកក្នុង​មួយ​ឆ្នាំ ដែល​ផលិតកម្ម​ទំនិញ​នាំ​ចេញ​ទាំង​នេះ​ប្រើ​ប្រាស់​កម្មករ​ប្រមាណ​​៤០​ម៉ឺន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ