ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
កម្ពុជា

អ្នក​កាសែត ៥ នាក់ មក​ពី បីស្ថាប័ន ជាប់​ជ័យ​លាភី​ឆ្នើម​ពី​អត្ថ​បទ​ប្រឆាំង​អំពើ​ពុក​រលួយ​

media  
លោកឱម យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​ចែក​ពាន​រង្វាន់​ដល់​អ្នក​កាសែត​ដែល​ទទួល​បាន​ជ័យ​លាភី​លេខ​១​។ សហការី

ជ័យ​លាភី​អ្នក​សារព័ត៌មាន​ឆ្នើម ប្រចាំ​ឆ្នាំ ២០១៥ សម្រាប់​អត្ថបទ​រាយការណ៍​ពី​អំពើ​ពុករលួយ ត្រូវ​បាន​ប្រកាស​លទ្ធផល ហើយ នៅ​ព្រឹក​ថ្ងៃ​ទី ២២ កក្កដា នេះ នៅ​សណ្ឋាគារ ហ៊ីម៉ាវ៉ារី ដោយ​មាន​ការ​ចូល​រួម​ពី លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​។ អត្ថបទ​ព័ត៌មាន​ចំនួន ប្រាំ ត្រូវ​បាន​វាយតម្លៃ​ថា បាន​ជាប់ ចំណាត់ថ្នាក់ ក្នុងចំណោម អត្ថបទ​ចំនួន ២០ ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង។​

បន្ទាប់​ពី​បាន​ធ្វើ​ការវាយ​តម្លៃ និង ដាក់​ពិន្ទុ​ពី​ខាង​គណៈកម្មការ​រួច​មក ក្លឹប​អ្នកកាសែត​កម្ពុជា និង អង្គការ​តម្លាភាព​កម្ពុជា បាន​ធ្វើ​ការជ្រើសរើស អត្ថបទ​ល្អ​ប្រចាំ​ឆ្នាំ ចំនួន ប្រាំ មក​ពី​ស្ថាប័ន​ព័ត៌មាន ចំនួនបី ដែល​បាន​សរសេរ​រាយការណ៍​ពី​អំពើ​ពុករលួយ នៅ​ក្នុងប្រទេស​កម្ពុជា។

បេក្ខជន​ទាំង​ប្រាំ​រូប ដែល​បាន​ជាប់​នៅ​ក្នុង​កម្មវិធី​នេះ រួម​មាន លោកផាក​ ស៊ាងលី មក​ពី កាសែត​ភ្នំពេញ​បុស្តិ៍ លោក អ៊ឹម ណាវិន​ ពី​វិទ្យុបារាំង​អន្តរ​ជាតិ កញ្ញា​ ខន​ ចំប៉ា គេហទំព័រ​ថ្មីៗ​ លោក អូន ឆេងប៉រ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​ លោក ម៉ៃ ទិត្យថារ៉ា កាសែត​ភ្នំពេញ​ប៉ុស្តិ៍​។

ថ្លែង​ចំពោះ​មុខ​អ្នក​ចូលរួម​ប្រមាណ​ជា ១០០ នាក់ លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​លើក​ទឹក​ចិត្ត អ្នកសារ​ព័ត៌មាន នៅ​កម្ពុជា ឲ្យ​ធ្វើ​សេចក្តី​រាយការណ៍ និង សរសេរ​អត្ថបទ​អំពើ​ពុករលួយ ឲ្យ​ច្រើន​ជាង​នេះ​ទៀត​ ដើម្បី​ចូល​រួម​កាត់​បន្ថយ អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​កម្ពុជា​។

លោក បាន​បន្ថែម​ទៀត​ថា អ្នក​សារពត៌មាន ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​ផ្តល់ព័ត៌មាន​ជូន​សាធារណៈជន ប៉ុន្តែ ទន្ទឹម​នឹង​នេះ អ្នក​សារព័ត៌មាន​ខ្លួន​ឯង​ក៏​គួរ​តែ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​បន្ថែម និង រាយការណ៍​តែ​អ្វី​ដែល​ពិត​។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ រូប​នេះ បន្ថែមថា ដើម្បី​លើកកម្ពស់​សមត្ថភាព​របស់​អ្នកសារព័ត៌មាន អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គ្រោង​នឹង​សហការណ៍​ជាមួយ នឹង​ក្រសួង​ពត៌មាន​ ព្រម​ទាំង ក្លឹប​អ្នកកាសែត​កម្ពុជា ដើម្បី​បង្កើត​វគ្គបណ្តុះបណ្តាល​នានា ដូចជា ចំណេះដឹង​ពាក់ព័ន្ធ​ច្បាប់។ បង្កើន​នូវ​ចំណេះដឹង​ដល់​អ្នកសារព័ត៌មាន ពាក់ព័ន្ធ​នឹង​ច្បាប់ ដោយសារ​តែ លោក សង្កេត​ឃើញ​ថា​ អ្នកសារពត៌មាន​មួយ​ចំនួន បាន​ប្រើប្រាស់​ពាក្យពេជន៍ មិន​ត្រឹមត្រូវ ដែល​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខ្លឹមសារ​នៃ​អត្ថបទ។

គួរជម្រាប​ជូន​ថា សម្រាប់​អ្នក​ដែល​ទទួល​បាន​ជ័យលាភី​លេខ​មួយ នៅ​ក្នុង​កម្មវិធី« ការប្រកួត​ប្រជែង​ពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម សម្រាប់​អត្ថបទ​រាយការណ៍​ពី​អំពើពុករលួយ ឆ្នាំនេះ ទទួល​បាន​ទឹកប្រាក់​ចំនួន ១២០០ ដុល្លារ និង តំណាង​ឲ្យ​ប្រទេសកម្ពុជា ទៅ​ចូលរួម ​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី ១៦ ស្តី​ពី​ការប្រឆាំង​អំពើ​ពុករលួយ នៅ​ប្រទេស​ម៉ាឡេស៊ី នា​ពេល​ខាង​មុខ​ផង​ដែរ​៕
 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ