អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វប្បធម៌​សន្ទនា ​ជា​​មោទនភាព​​របស់​​អ្នក​នយោបាយ​ តែ​​អ្នក​គាំទ្រ​​មិន​សូវ​​ទុកចិត្ត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

វប្បធម៌​សន្ទនា ត្រូវបាន​អ្នកនយោបាយ​កម្ពុជា​រំលឹក​ឡើងវិញ នៅមុន​ពេល និង​អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំ២០១៥នេះ។ ក្នុងនោះ មេដឹកនាំ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ សុទ្ធតែ​បានបង្ហាញ​ពី​មោទនភាព​របស់ខ្លួន​ចំពោះ​វប្បធម៌​សន្ទនា និង​បាន​អះអាងថា តាមរយៈ​វប្បធម៌​សន្ទនា​នេះ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នឹងមាន​លក្ខណៈ​ល្អប្រសើរ​ឡើង​ជាង​មុន​ថែម​ទៀតផង។ នៅ​ពីក្រោយ​មោទនភាព អ្នកគាំទ្រ​គណបក្សនយោបាយ ហាក់ដូចជា​មិនសូវ​ទុកចិត្ត​វប្បធម៌​សន្ទនា​នេះ​ប៉ុន្មាន​ទេ។

លោក​ហ៊ុន សែន​​ និង​​លោកសម រង្ស៊ី​​ ​បាន​អះអាង​ថា ​បញ្ហា​សេសសល់​ត្រូវ​បាន​បញ្ចប់​ដោយ​សារ​វប្បធម៌​សន្ទនា​
លោក​ហ៊ុន សែន​​ និង​​លោកសម រង្ស៊ី​​ ​បាន​អះអាង​ថា ​បញ្ហា​សេសសល់​ត្រូវ​បាន​បញ្ចប់​ដោយ​សារ​វប្បធម៌​សន្ទនា​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ឆ្នាំ២០១៥នេះ តាមរយៈ​ការចរចា​សន្ទនា​គ្នា​រវាង​ក្រុមការងារ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ជា​បន្តបន្ទាប់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​មួយ​បាន​ប្រសូត្រ​ឡើង។ ចំណែក​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការរំដោះ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែកក្កដា​ឆ្នាំ២០១៤ ក៏ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ផងដែរ។

លទ្ធផល​អស់ទាំង​នេះ​ត្រូវបាន លោក សម រង្ស៊ី ប្រមុខ​បក្ស​ជំទាស់ គូសបញ្ជាក់ថា បានមកពី​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច ក៏បាន​រំលឹក​ពី​វប្បធម៌​សន្ទនា​នេះដែរ។ នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ពី​ខេត្តសៀមរាប លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសថា វប្បធម៌​សន្ទនា​ដែល​លោក​និង​លោក​សម រង្ស៊ី ជា​សហ​ស្ថាបនិក គឺ​មិនមែន​សម្រាប់​តែមួយ​ជំនាន់​របស់លោក​នោះទេ គឺ​សម្រាប់​ជន​ជំនាន់​ក្រោយ និង ជំនាន់កូនៗរបស់លោក​បន្ថែមទៀត។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​រូបនេះ បង្ហាញ​ពី​បំណង​របស់ខ្លួន ដែល​ចង់​ឲ្យ​ប្រជាពលរដ្ឋ​និង​គណបក្សនយោបាយ​ទាំងអស់​នៅ​កម្ពុជា ប្រកាន់យក​វប្បធម៌​សន្ទនា។

វប្បធម៌​សន្ទនា​ដែល​បាន​សាប​ព្រួស​នៅក្រោយ​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ កាលពី​ថ្ងៃទី២២កក្កដា ឆ្នាំ២០១៤ ឥឡូវនេះ​ហាក់ដូចជា​កំពុងតែ​ចេញ​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត សម្រាប់​អ្នកនយោបាយ​នៅ​កម្ពុជា។ ក៏ប៉ុន្តែ នៅ​ពីក្រោយ​មោទនភាព​របស់​អ្នកនយោបាយ​ទាំងនេះ អ្នកគាំទ្រ​គណបក្សនយោបាយ ដោយ​ចំពោះ​អ្នកគាំទ្រ​គណបក្សជំទាស់ ហាក់ដូចជា​មិនសូវ​ពេញចិត្ត និង​ទុកចិត្ត​វប្បធម៌​សន្ទនា​នេះ​ប៉ុន្មាន​ទេ។

ជាដំបូង និយាយ​ពី​ក្រុម​អ្នកគាំទ្រ​ដែល​មិនសូវ​ពេញចិត្ត។ មិន​ពេញចិត្ត ព្រោះ​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​ទន់ភ្លន់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មួយរយៈ​ពេល​ចុង​ក្រោយនេះ ផ្ទុយ​ពីអ្វី​ដែល​គណបក្ស​ធ្លាប់​បានធ្វើ​នៅក្រោយ​ការបោះឆ្នោតភ្លាម។ កាលណោះ គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ពី​ជំហរ​រឹង​ដូច​ដុំថ្ម បដិសេធ​ដាច់ខាត​លទ្ធផល​បោះឆ្នោត​ដោយ​អះអាងថា គជប គ្មាន​អ​ព្យា​ក្រឹត្យ​ភាព និង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ។ យ៉ាងណាក៏ដោយ ជំហរ​ដ៏​រឹងមាំ​នោះ​ប្រែក្លាយជា​ទន់​ទៅវិញ នៅពេល​មានការ​ចរចា​បែងចែក​អំណាច​នៅ​រដ្ឋសភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខែកក្កដា ឆ្នាំ២០១៤។

រហូតមកទល់​ពេលនេះ ការចរចា​សន្ទនា​បែប​ទន់ភ្លន់​រវាង​គណ​បក្ស​ដែលមាន​អាសនៈ​នៅក្នុង​សភា​ទាំងពីរ​នៅតែ​បន្ត បើទោះបី​ជាមាន​ភាព​រកាំ​រ​កូ​ស​ខ្លះ ក្នុងអំឡុងពេល៩ខែ​កន្លងទៅនេះ​ក៏ដោយ។ គណបក្ស​ទាំងពីរ សុទ្ធតែ​បង្ហាញ​ការ​សាទរ ចំពោះ​វប្បធម៌​សន្ទនា​នេះ។ ប៉ុន្តែ​អ្នកគាំទ្រ​បក្សប្រឆាំង​មួយចំនួន​មិន​ពេញចិត្ត​ទេ។ ពួកគេ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​រឹងមាំ​ដូច​កាលពីមុន ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការទាមទារ​របស់ខ្លួន។

ផ្ទុយ​ពី​ការមិន​ពេញចិត្ត​នេះ អ្នកគាំទ្រ​បក្ស​ជំទាស់​មួយចំនួនទៀត បានបង្ហាញ​ពី​ការគាំទ្រ​វប្បធម៌​សន្ទនា។ ប៉ុន្តែ​ការគាំទ្រ​នេះ កើតឡើង​ទន្ទឹមគ្នា​នឹង​ភាពមិន​ទុកចិត្ត។ ទី១ មិន​ទុកចិត្ត​គណបក្ស​សង្គ្រោះ​ជាតិ ខ្លាច​ថា​គណបក្ស​នេះ ចរចា​សន្ទនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​តែ​ផលប្រយោជន៍​ខ្លួន​និង​បក្សពួក។ និង​ទី២ មិន​ទុកចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា ខ្លាច​ថា គណបក្ស​នេះ ប្រើល្បិច​ដើរ​ខ្សែលើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត។

ប៉ុន្តែ បើទោះជា​មិន​ពេញចិត្ត​ក៏ដោយ ពេញចិត្ត​ក៏ដោយ អ្នក​ទាំងអស់នេះ​សុទ្ធតែ​ទទួលស្គាល់ថា វប្បធម៌​សន្ទនា គឺជា​វិធី​ដោះស្រាយ​បញ្ហា​ដ៏​ល្អ​បំផុត។ ជាការ​ពិត ការសន្ទនា​គឺជា​ចំណុច​ចាប់ផ្ដើម​ដ៏​សំខាន់​មួយ​សម្រាប់​អ្នកនយោបាយ​ខ្មែរ ដែល​ត្រូវ​ធ្វើការ​ជាមួយគ្នា​ដើម្បី​ដោះស្រាយបញ្ហាសំខាន់ៗរបស់​ជាតិ។ ថ្វីត្បិតតែ​វប្បធម៌​សន្ទនា​ហាក់ដូចជា​រីកចម្រើន​ទៅមុខ​បន្តិច​ក្ដី ក៏ប៉ុន្តែ​ការមិនទុកចិត្ត​គ្នា​រវាង​អ្នកនយោបាយ​នៅតែមាន។ កន្លងមក នៅក្នុង​អំឡុងពេល​ចរចា ជំនួប​ប្រជុំ​រវាង​អ្នកនយោបាយ កើតឡើង​ទន្ទឹមនឹង​ការ​គម្រាម​ចាប់​ដាក់គុក។ សកម្មភាព​អស់ទាំង​នេះ​ធ្វើ​ឲ្យ​អត្ថន័យ​នៃ​វប្បធម៌​សន្ទនា បាត់បង់​អស់​មួយផ្នែកធំ។

សរុប​មកវិញ វប្បធម៌​សន្ទនា​នៅតែ​ត្រូវបាន​លើកទឹកចិត្ត ប៉ុន្តែ​ជាមួយគ្នា​នោះ អ្នកនយោបាយ​គួរតែ​រៀនធ្វើការ​ជាមួយគ្នា​ប្រកបដោយ​ការគោរព​និង​ទុកចិត្ត។ ព្រោះ​បើ​គ្មាន​ការទុកចិត្ត​ទេ វប្បធម៌​សន្ទនា​នេះ នៅ​ទីបំផុត នឹង​រលាយ​សាបសូន្យ​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាពុំខាន។ ដោយឡែក​ចំពោះ​អ្នកគាំទ្រ​គណបក្សនយោបាយ ដែល​មិន​ពេញចិត្ត ឬ​មិន​ទុកចិត្ត​វប្បធម៌​សន្ទនា​នេះ ថ្នាក់ដឹកនាំ​គណបក្ស​ចាំបាច់​ត្រូវ​ពន្យល់​ឲ្យ​ច្បាស់​ពី​ការសម្រេចចិត្ត និង​ជំហរ​របស់ខ្លួន។ ជាការ​ពិត ការងារ​នេះ​ជា​រឿង​ពិបាក ប៉ុន្តែ​មិនមែន​មិនអាច​ទៅរួច​សោះ​នោះទេ។ វា​គ្រាន់តែ​ត្រូវការ​ពេលវេលា និង​កិច្ចខិតខំ​ប្រឹងប្រែង​ច្រើនតែ​ប៉ុណ្ណោះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ