អានតួអត្ថបទ
កម្ពុជា

ប្រមុខ​រដ្ឋា​ភិបាល​ណែ​នាំ​ឲ្យ​មន្ត្រី​ដាក់​ខ្លួន​ជា​ខ្ញុំ​បំរើ​ប្រជាជន

តាមរយៈ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិស្ស​ជាម​ន្ត្រី​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នៅ​ថ្ងៃ​អង្គារ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលឹក​ដាស់​តឿន​ម្តង​ទៀត ដល់​មន្ត្រី​រាជការ​រដ្ឋាភិបាល​ទាំង​អស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់ ដាក់​ខ្លួន​បំរើ​រាស្ត្រ​ឲ្យ​បាន​ល្អ​។ ដោយ​យក​មន្ត្រី​កង​កំលាំង​ប្រដាប់អាវុធ​ជា​គំរូ លោក ហ៊ុន សែន ស្នើ​ឲ្យ​មន្ត្រី​របស់​លោក​ធ្វើ​ខ្លួន​ជា​អ្នក​បំរើ​រាស្ត្រ​ដោយ​ស្មោះ។​ជាមួយ​គ្នា​នេះ អង្គការ​សង្គម​ស៊ីវិល​បាន​សម្តែង​នូវ​ការមិន​មាន​ជំនឿ​ថា មន្ត្រី​រាជការ​ពិបាក​នឹង​ផ្លាស់​ប្តូរ​ឥរិយាបទ ដែល​ជា​ទំលាប់​របស់​ពួកគេ​ណាស់​។

លោក ហ៊ុន សែន ពេលបើកសម្ពោធស្ពានអាកាសស្ទឹងមានជ័យ។
លោក ហ៊ុន សែន ពេលបើកសម្ពោធស្ពានអាកាសស្ទឹងមានជ័យ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ជាថ្មី​ម្តង​ទៀត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលឹក​ដល់​មន្ត្រី​រាជការ​នៅ​ក្នុង​រដ្ឋា​ភិបាល​ថា មន្ត្រី​ត្រូវ​តាំង​ខ្លួន​ជា​ខ្ញុំ​បំរើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន មិន​មែន​ជា​ចៅ​ហ្វាយ​ប្រជាជន នោះទេ។ ការ​ថ្លែង​ដូច្នេះ​បាន​ធ្វើ​ឡើង​ខណៈដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ចូល​រួម​ជា​អធិបតី​នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញា​បនបត្រ​នៅ​ថ្ងៃ​ព្រឹក​អង្គារ​នេះ ដល់​កម្ម​សិក្សាការី មន្ត្រី​ជាន់​ខ្ពស់ មន្ត្រី​មធ្យម វគ្គ​បណ្តុះ​បណ្តាល​រយៈ​ពេល​ខ្លី ក្រសួង​បរិស្ថាន និង​ជា​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​មន្ត្រី​ក្រមការ ឆ្នាំ២០១៥ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។

 
ដោយឡែក លោក កៅ ពឿន ប្រធាន​សមាគមន៍​មន្ត្រី​រាជ​ការ​ឯករាជ្យ​កម្ពុជា ថ្លែង​ថា​វា​ជាការ​ប្រសើរ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ដូច្នេះ ក៏​ប៉ុន្តែ​លោក​មិន​មាន​ជំនឿ​ថា មន្ត្រី​ធំ​ៗ​ដែល​ដុះ​ស្លែរ​នឹង​ភាព​អសកម្ម​អស់​ជា​យូរណាស់​មក​ហើយ​នោះ នឹង​មិន​អាច​កែប្រែ​ឥរិយាបទរបស់​ពួក​គេ​បានទេ ដោយ​យោង​ទៅ​លើ​ស្ថាន​ភាព ប្រាក់​បៀវត្សន៍ ស្ថាន​ភាព​គ្រួសារ​ជាដើម។

ជាមួយ​នឹង​ការ​លើក​ឡើង​នេះ លោក ហ៊ុន សែន បាន​ចង្អុល​ទៅ​កាន់​មន្ត្រី​កំលាំង​ប្រដាប់​អាវុធ​ដែល​បាន​បំពេញ​កាតព្វ​កិច្ច គ្រប់​រស់​ជាតិ ដើម្បី​ការពារ​សុវត្ថិភាព និង​ភាព​សុខ​សាន្ត​របស់​ប្រទេស​ជាតិ និង​ប្រជាជន។ លោក ចាត់ទុកថា កង​កម្លាំង​ប្រដាប់​អាវុធ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល​ក្នុង​ការ​បំរើ​ប្រជាជន​។

ក្រៅ​ពីនេះ​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ប្រាប់​ផងដែរ​ឲ្យ​ចៀស​វាង​ឥរិយាបទ​មន្ត្រី​ជើង​១០ ព្រមទាំង​ប្រកាន់​យក​ឥរិយា​បទ ងើយ​ស្កក ឱន​ដាក់​គ្រាប់។ លើស​ពី​នេះ​លោក​ក៏​បាន​រិះគន់​ដល់​មន្ត្រី​មួយ​ចំនួន​ទទួល​យក​តែ​ត្រូវ មិន​ទទួល ខុស​ទេ ទាក់​ទង​ទៅ​នឹង​ពាក្យ​ថា ការ​ទទួល​ខុស​ត្រូវ។

រីឯ​ជម្ងឺ​តួឯក​របស់​មន្ត្រី​ក៏ត្រូវ​បាន​លើក​ឡើង​ផង​ដែរ ដោយ​សំដៅ​ដល់​ក្រុម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួន​ដែល​បាន​ពហិការ សិក្ខា​សាលា​កាល​ពី​ម្សិល​មិញ​ទាក់​ទង​ទៅ​នឹង​ច្បាប់​ស្តី​ពី​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ទាំង​ពីរ ស្តីពី​ការ​បោះ​ឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ