អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​រារាំង​សហជីព​កម្មករ​មិន​អោយ​ជួប​ជុំ​សំដែង​មតិ​នៅ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨មិនា

នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨មីនា នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ក្រុម​អង្គការ​សមាគម និង​សហជីព​កម្មករ​ប្រមាណ​ជា១៨ បាន​ទៅ​ជួប​ជុំ​គ្នា​ធ្វើ​វេទិកា​សាធារណៈ នៅ​ទីលាន​ប្រជា​ធិបតេយ្យ ជិត​រមណីយ​ដ្ឋាន​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ការជួប​ជុំ​ត្រូវ​បាន​រារាំង​ដោយ​កំលាំង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដោយ​លើក​ហេតុផល​លើ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់។

អ្នកចូលរួមវេទិកាសាធារណៈរបស់សម្ព័ន្ធសហជីពប្រឈមមុខនឹងកងសន្តិសុខ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។
អ្នកចូលរួមវេទិកាសាធារណៈរបស់សម្ព័ន្ធសហជីពប្រឈមមុខនឹងកងសន្តិសុខ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។ ©Sammab
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីព្រឹកម៉ោង៧ ក្រុមកម្មករ រួមជាមួយមេដឹកនាំសហជីព និង​សកម្មជន​សិទ្ធិ​មនុស្ស​រាប់រយ​នាក់ បានទៅប្រមូលផ្តុំគ្នានៅលើសួនច្បារស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ប៉ុន្តែ​ពួកគេត្រូវបានរារាំងដោយកំលាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ដែលប្រដាប់ដោយខែល និងដំបង។ ក្រុមកម្មករ អ្នកតវ៉ា និងកំលាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ បាន​ជ្រួល​ទៅ​ជ្រួល​មក នៅ​ម្ខាងម្នាក់នៃបង្កាន់ដៃស្ពាននាគ ដោយភាគីទាំងពីរបានឌឺដង និង​បោះ​សំដី​ដាក់​អោយ​គ្នា​ទៅ​វិញ​ទៅ​មក។ ​បន្តិច​ក្រោយ​មក​ ការប៉ះទង្គិចគ្នាមួយប្រាវបានកើតឡើង ដែល​បណ្តាល​​អោយស្ត្រីម្នាក់រងរបួស តែមិនធ្ងន់ធ្ងរនោះទេ។

ប៉ុន្តែយ៉ាងណាក៍ដោយ នៅប្រមាណជាម៉ោង៩ព្រឹក ភាគីសន្តិសុខ បាន​សំរេច​ចិត្ត​ដកថយ​បន្តិច​ចូល​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ដែល​ហ៊ុំព័ទ្ធ​ដោយ​រនាំង​ដែក​ បូករួម​នឹង​កំលាំង​ប៉ូលិស ប៉េអឹម ប្រមាណជា១ពាន់នាក់ ប្រដាប់ដោយដំបង និងខែល ដែល​កំពុង​ប្រុង​ជើង​ការជានិច្ច។ នៅប្រមាណជាម៉ោង១០និង៣០នាទី គេ​បាន​ឃើញ​វត្តមាន​របស់​ប្រធាន​និង​អនុប្រធាន គណបក្សសង្គ្រោះជាតិ គឺ លោក សម រង្ស៊ី និងលោក កឹម សុខា បង្ហាញ​មុខ​នៅ​ក្បែរ​ស្ពាននាគរយៈពេលប្រមាណជា៥នាទី។ ថ្លែងពីលើរថយន្តរបស់លោក លោក សម រង្ស៊ី បាន​សំដែងការអបអរសាទរនៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ៨មីនា និងបាន​ថ្លែង​គាំទ្រ​ការ​ទាមទារ​​របស់សហជីពនៅថ្ងៃនេះ។ ហើយនៅប្រមាណជាម៉ោង១១ព្រឹក គេ​ក៍​បាន​ឃើញ​វត្តមាន​​របស់លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំផងដែរ។

ការជួបជុំរបស់ក្រុមកម្មករ មេដឹកនាំសហជីព និង​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ​​៨មីនា គឺដើម្បីទាមទារអោយរដ្ឋាភិបាលកម្ពុជា ដោះលែង​ជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង ទាំង២១នាក់ និងទាមទារអោយរដ្ឋាភិបាលតំឡើងប្រាក់ខែគោលដល់​កម្មករ​កម្មការិនី អោយបាន១៥០ ដុល្លារ​ក្នុង១ខែ និង​ទាមទារ​អោយ​ដកពាក្យ​បណ្តឹង​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព​ផងដែរ។ ការជួបជុំរបស់ក្រុមកម្មករ សហជីព និង​សកម្មជន​សិទ្ធិ​មនុស្ស​បាន​រំសាយ​នៅ​ត្រឹម​ប្រមាណ​ជាង​ម៉ោង១១​និង៣០នាទី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ