ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT
កម្ពុជា

ធនាគារ​​អេ​ស៊ី​លី​ដា​​នឹង​​ដូរ​​ឡូ​​ហ្គោ ​​ដាក់​​ត្រឹម​​អក្សរ​ ​«​​អេ​​​ស៊ី​​លី​ដា​​»​​បន្ទាប់​​ពី​​មាន​​ពេល​​៣​​សប្តាហ៍

media  
ទីស្នាក់ការកណ្តាលរបស់ធនាគារអេស៊ីលីដានៅក្នុងទីក្រុងវៀងចន្ទន៏ប្រទេសឡាវ ©Navin/RFI

នៅ​ ថ្ងៃ​សុក្រ​ទី​១៧ ​កុម្ភៈ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​សម្រេច ​តាមរយៈ​កិច្ច​ប្រជុំពេញអង្គ​គណៈ​រដ្ឋ​មន្ត្រី​ទុក​រយៈពេល​៣​សប្តាហ៍​ឲ្យ​ ធនាគារ​អេ​ស៊ី​លី​ដា ​ផ្លាស់ប្តូរ​និម្មិត​សញ្ញា​«​រូប​ហង្ស​»​របស់​ខ្លួន​ចេញ​។ ​ការ​កំណត់​នេះ ​គឺ​ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ​របស់​ប្រជាពលរដ្ឋ រវាង​ធនាគារ​ឯកជន​មួយ​នេះ ​និង​រូប​សញ្ញា​ក្រសួង​ហិរញ្ញវត្ថុ ​ដែល​ជា​និម្មិត​សញ្ញា​របស់​ជាតិ​។

 

គណៈ​រដ្ឋមន្ត្រី​កម្ពុជា ​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ណែនាំ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម ​ត្រូវ​ធ្វើការ​ជា​បន្ទាន់​ជា​មួយ​ធនាគារ​អេ​ស៊ី​លី​ដា ​ដែល​បាន​និង​កំពុង​ប្រើ​រូប​សញ្ញា​«​ហង្ស​»​ ជា​និម្មិត​សញ្ញា​ពាណិជ្ជកម្ម​របស់​ខ្លួន ​ឲ្យ​ធ្វើការ​ផ្លាស់ប្តូរ​រូប​សញ្ញា​ហង្ស​នេះ ជាបន្ទាន់ ​ក្នុង​រយៈពេល​៣​សប្តាហ៍​យ៉ាងយូរ ​ពីព្រោះ​«​រូប​ហង្ស​» ​គឺ​ជា​រូប​សញ្ញា​របស់​ជាតិ ​ដែល​ក្រសួង​ហិរញ្ញវត្ថុ ​បាន​និង​កំពុង​ប្រើប្រាស់ ​ចៀសវាង​ការ​យល់​ច្រឡំ​របស់​ប្រជាពលរដ្ឋ​។

ការ​ណែនាំ​របស់​លោក ​ហ៊ុន សែន ​ដូច្នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​គណៈ​រដ្ឋមន្ត្រី​កម្ពុជា ​បាន​ពិភាក្សា​និង​អនុម័ត ​គម្រោង​វិនិយោគ​ខ្សែរ​បញ្ជូន​អគ្គិសនី ​២៣០​គីឡូវ៉ុល ​ពី​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​មក​ភ្នំពេញ ​និង​គម្រោង​វិនិយោគ​បន្ថែម​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដុត​ធ្យូង​ថ្ម​អានុភាព១៣៥​មេ​ហ្គា​វ៉ា​ត់ ​ខេត្ត​ព្រះសីហនុ​។
 
ទាក់ទង​ទៅនឹង​ការ​កំហិត​របស់​គណៈរ​ដ្ឋ​មន្ត្រី​ខ្មែរ​ដូច្នេះ ​លោក ​អ៊ិន ចាន់នី ​អគ្គនាយក​ធនាគារ​អេ​ស៊ី​លី​ដា ​បាន​ឲ្យ​ដឹង​ថា ឡូ​ហ្គូ​ធនាគារ​អេស៊ីលីដា​បច្ចុប្បន្ន​«​រូប​ហង្ស​» ​អាច​នឹង​ប្តូរ​ចំ​ថ្ងៃ​គណៈរដ្ឋ​មន្ត្រី​ប្រជុំ​នេះ​តែ​ម្តង ​ប្រសិន​បើ​ក្រសួង​ពាណិជ្ជកម្ម​យល់ព្រម​នៅ​ថ្ងៃនេះ​។ ​និម្មិត​សញ្ញា​ថ្មី​នោះ ត្រូវ​លោក​ អ៊ិន ចាន់នី ​ប្រាប់​ថា​យកតាម​អក្សរ ​«​អេ​ស៊ី​លី​ដា​»​ជា​អក្សរ​ខ្មែរ​និង​ឡាតាំង​តែម្តង​។
 
ធនាគារ​អេ​ស៊ី​លី​ដា ​បច្ចុប្បន្ន ​មាន​បុគ្គលិក​ជាង​១២០០០​នាក់ ​និង​មាន​ទ្រព្យ​សកម្ម​ជាង​៣​ពាន់​លាន​ដុល្លារ​នោះ ​បាន​ប្រើប្រាស់​និម្មិត​សញ្ញា​រូប​«​ហង្ស​»​នេះ ​ដូច​និម្មិត​សញ្ញា​ក្រសួង​ហិរញ្ញវត្ថុ​ចាប់តាំង​ពី​ឆ្នាំ​២០០០ ​មក​​ម្ល៉េះ​​​។ ​ ធនាគារ​ក៏​បាន​គ្រោង​ផ្លាស់ប្តូរ​រូប​សញ្ញា​នេះ​ម្តង​ហើយ តែដោយសារ​ការ​ផ្លាស់ប្តូ​រ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ​និង​ធ្លាប់ប្រើ​ពីមុន​មិនមាន​បញ្ហា​ក៏​បន្ត​ប្រើ​រហូតមក​។ ​នេះ​បើតាម​អ្នក​គ្រប់គ្រង​ធនាគារ​។
 
​ដោយ​មិន​មាន​ការ​ប្រកែក​អ្វី ​ធនាគារ​អេស៊ីលីដា យល់​ថា​ការ​ដូរ​រូប​សញ្ញា​នេះ​នឹង​មិន​ប៉ះ​ពាល់​ដល់​អាជីវកម្ម​របស់ខ្លួន​ទេ ​ដោយ​ធនាគារ​នឹង​ចាប់ផ្តើម​ការ​ផ្សព្វផ្សាយ ​និង​ពន្យល់​រូប​សញ្ញា​ថ្មី ដល់​អតិថិជន​របស់​ខ្លួន​យ៉ាង​ប្រញាប់​ប្រញាល់​។ ​តាម​រយៈ​កិច្ច​ប្រជុំ​ពេញអង្គ​នេះ​ដែរ ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ជាទីបំផុត​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​រួមមាន ​រាជធានី ​ខេត្ត ​ក្រុង ​ខ័​ណ្ឌ ​ស្រុក ​ឃុំ ​សង្កាត់ ​និង​ភូមិ ត្រូវ​បញ្ចប់​និង​ដកខ្លួន​ជា​បន្ទាន់​ពី​ការ​ចូលរួម​ធ្វើ​សកម្មភាព​ណាមួយ ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន ​ដែល​នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​មានការ​យល់​ច្រឡំ ​ថា​ជា​របស់​រដ្ឋ​។
 
សូម​បញ្ជាក់​ថា​កាលពី​ពេល​ថ្មី​ៗ​នេះ ​លោក​ ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ដែល​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បន្ថែម​ពាក្យ​«​ឯកជន​» ​ដើម្បី​ចៀសវាង​ការភ័ន្ត​ច្រឡំ ​ពី​ប្រជា​ពលរដ្ឋ​ថា​ជា​មីក្រូ​ហិរញ្ញវត្ថុ​របស់​រដ្ឋ​៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ