អានតួអត្ថបទ
កម្ពុជា

កម្ពុជា​មិន​ទាន់​ប្រកាស​ហាម​ពលរដ្ឋ​ខ្លួន មិន​អោយ​ទៅ​ប្រទេស​ថៃ​នៅ​ឡើយ​

រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​មាន​គម្រោង​ប្រកាស​ហាម​ពលរដ្ឋ​ខ្លួន មិន​អោយ​ទៅ​ទី​ក្រុង​បាងកក​នៅ​ឡើយ ខណៈ​កំដៅ​នយោបាយ​ផ្ទៃ​ក្នុង​កាន់​តែ​ពុះ​កញ្ជ្រោល​នោះ។ ទោះយ៉ាង​នេះ​ក្តី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក​កុយ គួង​ បញ្ជាក់​ថា​ ស្ថានទូត​កម្ពុជា​ក៏​កំពុង​តាម​ដាន​ស្ថាន​ការ​របស់​ប្រទេស​ថៃ​ យ៉ាង​យក​ចិត្ត​ទុកដាក់​ផងដែរ។

បាតុកម្ម​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​ប្រទេសថៃ កាលពី​ថ្ងៃទី ២៤វិច្ឆិកា ឆ្នាំ២០១៣
បាតុកម្ម​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​ប្រទេសថៃ កាលពី​ថ្ងៃទី ២៤វិច្ឆិកា ឆ្នាំ២០១៣ REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កម្ពុជា​នៅ​មិនទាន់​ចាត់ទុក​វិបត្តិ​នយោបាយផ្ទៃ​ក្នុង​ថៃ ថា​បានឡើង​ដល់​កម្រិត​​​ប្រកាស​អាសន្ន​សម្រាប់​សុវត្ថិភាព​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ចេញ​ចូល​ក្នុង​ទីក្រុង​បាងកក និង​ពិសេស​ ពលករ​ចំណាក​ស្រុក​កម្ពុជា​នៅ​ក្នុង​ប្រទេស​ថៃ​នៅឡើយទេ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា។

ទោះយ៉ាងណា​ក៏ដោយ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​រូប​នេះ​​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា ពិសេស​ស្ថានទូត​ និង​ស្ថានអគ្គកុងស៊ុល​កម្ពុជាប្រចាំ​ប្រទេស​ថៃ​ ក៏​បាន​ត្រៀម​លក្ខណៈ​រួចរាល់ហើយ​ដែរ ក្នុង​ករណី​ដែល​​កម្ពុជា​បានយល់​ឃើញ​ថា​ ត្រូវ​ដល់​ស្ថានភាព​តាន​តឹង​ចំពោះ​សុវត្ថិភាព​ពលរដ្ឋ​កម្ពុជា​ហើយ​នោះ។

មាន​ប្រទេសជាច្រើន​បាន​ហាម​ប្រាប់ពលរដ្ឋ​របស់​ពួកគេ​ ផ្អាក​ធ្វើ​ដំណើរ​ចូលទីក្រុង​បាងកក​ ប្រសិន​បើ​គ្មានការ​ចាំបាច់ ពិសេស​មិនអោយចូលទៅជិត​តំបន់ដែល​មាន​បាតុកម្ម​ជាដើម។ នៅពេល​នេះ ក្រុមបាតុករ​អាវ​លឿង​បាន​កំពុង​កាន់កាប់​ក្រសួង​សំខាន់ៗជាច្រើន និង​បន្តទាមទារ​រំលាយ​រដ្ឋាភិបាល​របស់​លោកស្រីយីងឡាក់ ស៊ីណាវ់ាត់ នៃ​គណបក្ស​ភឿ​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ