អានតួអត្ថបទ
កម្ពុជា

ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ពន្យល់​ពី​ការ​មិន​តែងតាំង​លោក Laurent

ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សៅរ៍​នេះ នូវ​របាយការណ៍​សង្ខេប​ដើម្បី​ពន្យល់​ពី​ការ​បដិសេធ​មិន​ព្រម​តែងតាំង​លោក​ Laurent Kasper-Ansermet ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ។ ​ការ​ផ្សព្វផ្សាយ​របាយការណ៍​នេះ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​ដ៏​តានតឹង​រវាង​ភាគី​កម្ពុជា​ និង​សហប្រជាជាតិ។ បើ​យោង​តាម​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ លោក​ចៅក្រម​ជនជាតិ​ស្វីស​រូប​នេះ​បាន​ប្រព្រឹត្ត​ខុស​ក្រមសីលធម៌​ចៅក្រម​នៃ​សាលាក្តី​ខ្មែរក្រហម។

សហចៅក្រមស៊ើបអង្កេត​អន្តរជាតិបម្រុង លោក Laurent Kasper Ansermet
សហចៅក្រមស៊ើបអង្កេត​អន្តរជាតិបម្រុង លោក Laurent Kasper Ansermet RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ការ​មិន​ចុះ​សម្រុង​គ្នា​ដ៏​តឹងតែង​រវាង​សហប្រជាជាតិ​ និង​រដ្ឋាភិបាល​កម្ពុជា​ស្តីពី​ការ​តែង​តាំង​លោក​ Laurent Kasper-Ansermet​ ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ចេញ​ផ្សាយ​របាយការណ៍​សង្ខេប​មួយ​ជា​សាធារណៈ ដើម្បី​ពន្យល់​ពី​ការ​បដិសេធ​មិន​តែងតាំង​ចៅក្រម​ជនជាតិ​ស្វីស​រូប​នេះ។ ​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​មករា​ ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ពិភាក្សា​អំពី​សំណើ​របស់​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​សុំ​តែងតាំង​លោក​ Laurent Kasper-Ansermet ​ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៅ​សាលាក្តី​ខ្មែរក្រហម។

ប៉ុន្តែ ​បន្ទាប់​ពី​ការ​ពិភាក្សា ​អង្គប្រជុំ​បាន​យល់​ថា​ លោក​ចៅក្រម​រូបនេះ​បាន​ចុះ​ផ្សាយ​អត្ថបទ​ជា​ច្រើន​តាមរយៈ​Twitter​ របស់​ខ្លួន​ទាក់ទង​នឹង​សាលាក្តី ជា​ពិសេស ទាក់​ទង​នឹង​សំណុំ​រឿង​០០៣​ និង​០០៤​ ចាប់​តាំង​ពី​រូបលោក​ត្រូវ​បាន​តែងតាំង​ជា​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្តរជាតិ​រួច​មក​។ សកម្មភាព​ទាំង​នេះ​ត្រូវ​បាន​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចាត់​ទុក​ថា ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​រំលោភ​លើ​ក្រមសីលធម៌​នៃ​វិធាន​ផ្ទៃក្នុង ​និង​បទបញ្ញត្តិ​ច្បាប់​ផ្សេងៗ​ ដូច​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្ងាត់​ និង​សុចរិតភាព​នៃ​ការស៊ើបសួរ ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ឈ្មោះ​មនុស្ស ៥​នាក់​ទាក់ទង​នឹង​សំណុំរឿង​០០៣ ​និង​ ០០៤​ ជា​ដើម។

មិន​តែ​ប៉ុណ្ណោះ ​បើ​យោង​តាម​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ​លោក​ Laurent Kasper-Ansermet​ ថែម​ទាំង​បាន​វាយប្រហារ​ទៅ​លើ​សហសេវិក​របស់​ខ្លួន​គឺ​សហចៅក្រម​ស៊ើបអង្កេត ​យូ ប៊ុនឡេង ​និង​លោក ​Siegfried Blunk ​តាម​រយៈ​ការ​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ដោយ​ផ្សព្វផ្សាយ​បន្ត​ព័ត៌មាន​ ដែល​ជា​ការ​រំលោភ​លើ​គោលការណ៍​នៃ​ក្រមសីលធម៌​ចៅក្រម​របស់​សាលាក្តី។​ ទាំង​នេះ​ជា​ហេតុផល​ដែល​នាំ​ឲ្យ​សមាជិក​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មិន​យល់​ព្រម​តែង​តាំង​លោក ​Laurent​ ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​តាម​សំណើ​របស់​សហប្រជាជាតិ។​

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​បាន​ពន្យល់​ជា​សាធារណៈ​អំពី​បញ្ហា​នេះ។ ​ការ​ពន្យល់​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ភាគី​សហប្រជាជាតិ​បាន​ប្រកាស​ថា នឹង​ឲ្យ​លោក​ Laurent​ ចូល​ធ្វើ​ការ​ដោយ​មិន​ចាំ​បាច់​មាន​ការ​តែងតាំង។ ​អង្គការ​សហប្រជាជាតិ​តាមរយៈ​លោក​ David Scheffer​ និង​រដ្ឋាភិបាល​កម្ពុជា តំណាង​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ អាន ​បាន​ជួប​ពិភាក្សា​គ្នា​កាល​ពី​ថ្ងៃ​២៤ មករា ដើម្បី​ដោះស្រាយ​ការ​មិន​ចុះ​សម្រុង​គ្នា​នេះ។ ​ប៉ុន្តែ បញ្ហា​មិន​អាច​ដោះស្រាយ​បាន​ឡើយ ដោយ​តំណាង​អង្គការ​សហប្រជាជាតិ​មិន​ទទួល​យក​ការ​ពន្យល់​របស់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ