អានតួអត្ថបទ
កម្ពុជា

E​R​A​ ​ស្នើ​​កុំ​​ឲ្យ​​អនុម័ត​​វិ​សោ​ន​​កម្ម​​ច្បាប់​​ស្តី​​ពី​​វិសោធនកម្ម​​ច្បាប់​​ស្តី​​ពី​​គណបក្ស​​នយោបាយ​​ដោយ​​ឯក​​បក្ស​

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ​(​E​R​A​)​នៅ​ថ្ងៃ​សុក្រ​ទី​១៧ ​កុម្ភៈ​នេះ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ​ចោទ​ប្រកាន់​ដំណើរ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ​ដោយ​គណបក្ស​ប្រជាជន ​តាម​សំណើរ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ថា​ជា​ចេតនា​ដើម្បី​ផ្អាក​ បញ្ឈប់ ​ឬ​រំលាយ​គណបក្ស​នយោបាយ ​និង​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​។ ​ប្រតិកម្ម​រួម​របស់​សម្ព័ន្ធ ​E​R​A ​ពេលនេះ ​ធ្វើ​ឡើង​ខណៈ​ដែល​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​ច្បាប់ ​ស្តី​ពី​គណបក្ស​នយោបាយ ​នឹង​ត្រូវ​ដាក់​ឲ្យ​ពិភាក្សា​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​វិសាមញ្ញ​នៅ ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។ 

កិច្ចប្រជុំរបស់សង្គមស៊ីវិលស្តីពីកំណែទម្រង់ការបោះឆ្នោត
កិច្ចប្រជុំរបស់សង្គមស៊ីវិលស្តីពីកំណែទម្រង់ការបោះឆ្នោត RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ​ហៅ​កាត់​ថា​(​E​R​A​) ​និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មួយចំនួន​ទៀត ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ ​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ​ដែល​ពេល​នេះ​បាន​ចូល​ដល់ដៃ​រដ្ឋ​សភា​ហើយ ​ហើយ​ត្រូវគេ​គិត​ថា​នឹង​ដាក់​ឲ្យ​ពិភាក្សា ​អនុម័ត​ភ្លាម​ៗ ​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​នា​ថ្ងៃ​ចន្ទ​ទី​២០​កុម្ភៈ​ខាងមុខ​នេះ។

 
សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ​ឲ្យ​ដឹង​ថា​ខ្លឹមសារ​នៃ​សេចក្តី​ស្នើ​ច្បាប់​នេះ ​បាន​ផ្តល់​អំណាច​ឲ្យ​ក្រសួង​មហា​ផ្ទៃ​នៃ​រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច ​និង​តុលាការ​ក្នុងការ​បកស្រាយ​សកម្ម​ភាព​ហាមឃាត់ ​កំហុស ​ឬ​បទល្មើស​ របស់​គណបក្ស​នយោបាយ​ណាមួយ​ដែល​«​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​»​ឬ​/​និង​ការ​«​ធ្វើ​ការ​ញុះញង់​ដែល​អាច​នាំ​ឲ្យ​មាន​ការ​បែកបាក់​ជាតិ​» ​ដែល​បាន​ចែង​ក្នុង​មាត្រា​៦​ថ្មី​នៃ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ​។

លើស​ពីនេះ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​រិះគន់​ខ្លាំង​លើ​មាត្រា​១៨​ថ្មី ​នៃ​សេចក្តី​ស្នើច្បាប់​ ដែល​ហាម​មិន​ឲ្យ​បុគ្គល​ជា​ទណ្ឌិត​ជាប់ទោស​ដាក់​ពន្ធនាគារ ​ពី​បទ​ឧក្រិដ្ឋ ​ឬ​ពី​បទ​មជ្ឈិម​ កា្ល​យ​ជា​ប្រធាន ​អនុ​ប្រធាន​គណបក្ស​នយោបាយ ​និង​សមាសភាព​នៃ​គណៈកម្មាធិការ​នាយក ​ឬ​គណៈ​កម្ម​ធិ​ការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​នយោបាយ​។

E​R​A​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ​បាន​លើក​ឡើង​ទៀត ​ថា​ការ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ ​នឹង​ឈានដល់​ការ​លុបបំបាត់​ឆន្ទៈ​នយោបាយ​របស់​ប្រជា​ពលរដ្ឋ ​ដែល​ផ្តល់​ឲ្យ ​តំណាង​ជាប់​ឆ្នោត​របស់​ខ្លួន​តាម​រយៈ​ការ​បោះឆ្នោត​។ ​សេចក្តី​ព្រាងច្បាប់​នេះ ​ត្រូវគេ​មើលឃើញ​ថា ​បាន​វិវត្តន៍​ទៅមុខ​យ៉ាង​លឿន ​ហើយ​រង់ចាំតែ​ការ​លើកដៃ​អនុម័ត​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធនកម្ម​ស្តីពី​គណបក្ស​នយោបាយ​នេះ ​មាន​២៣​មាត្រា ​ក្នុង​ចំណោម​មាត្រា​ច្បាប់​ទាំងមូល​ចែក​ចេញ​ជា​១១​ជំពូក ​សរុប​៥០​មាត្រា​។ ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​តែង​ថ្លែង​ប្រាប់​កាសែត​ដដែល​ៗ​ថា ​ការ​ស្នើ​ឲ្យ​មាន​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ​នៅ​ពេលនេះ ​គឺ​ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ការ​វិវត្ត​នៃ​បរិបទ​នយោបាយ ​និង​ សង្គម​កម្ពុជា​បច្ចុប្បន្ន ​ខណៈ​ច្បាប់​នេះ​ខកខាន​កែប្រែ​អស់​រយៈពេល ​២០​ឆ្នាំ​មក​ហើយ​។ ​ទោះយ៉ាងណា ​ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅតែ​មើល​ឃើញ​ថា ​វា​ជា​ហេតុផល​នយោបាយ​ច្រើន​ជាង​វឌ្ឍនៈ​ភាព​សង្គម​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ