ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT
កម្ពុជា

កម្ពុជា​ចិន​ពង្រឹង​ទំនាក់​ទំនង​យោធា

media  
ជំនួយរបស់ចិនដល់វិស័យយោធាកម្ពុជា Siv Channa/RFI

កម្ពុជា​និង​ចិន​កំពុង​បន្ត​ពង្រឹង​ទំនាក់ ទំនង​វិស័យ​យោធា​ជាមួយ​គ្នា​ឲ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត។ ការ​ពង្រឹង​ទំនាក់​ទំនង​យោធា​រវាង​ភ្នំពេញ និង​ប៉េកាំង​បាន​ធ្វើ​ឡើង​តាម​រយៈ​ទស្សន​កិច្ច​របស់ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​នៅ​ថ្ងៃ​សៅរ៍​នេះ។ គឺ​ជា​ទស្សនកិច្ច​ដែល​នឹង​ពិភាក្សា​អំពី​ការ​ផ្តល់​សម្ភារៈ​យោធា​របស់​ចិន​មក​ឲ្យ​កម្ពុជា។ ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​យោធា​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ។

ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ដឹក​នាំ​គណៈប្រតិភូ​មួយ​ក្រុម​ចេញ​ទៅ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។ គឺ​ជា​ទស្សន​កិច្ច​ក្រៅ​ផ្លូវ​ការ ប៉ុន្តែ មាន​អត្ថន័យ​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​វិស័យ​យោធា​នៃ​ប្រទេស​ទាំងពីរ។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​លោក​ប្រមុខ​យោធា​កម្ពុជា​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​មុន​ពេល​ចេញ​ដំណើរ។

លោក ទៀ បាញ់ មិន​បាន​ប្រាប់​លម្អិត​អំពី​របៀប​វារៈ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ។ ប៉ុន្តែ លោក​គ្រាន់​តែ​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​នោះ នឹង​មាន​ការ​ពិភាក្សា​អំពី​ការពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កម្ពុជា-ចិន ជា​ពិសេស​ការ​ផ្គត់ផ្គង់​សម្ភារៈ​យោធា និង​ធ្វើយ៉ាង​ណា​ឲ្យ​ទំនាក់​ទំនង​វិស័យ​ការពារ​ជាតិ​ប្រទេស​ទាំង​ពីរ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត។

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​បាន​ចេញ​សេចក្តីសម្រេច​ឲ្យ​កងទ័ព​ថៃ​ដក​ចេញ​ពី​ទឹក​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ និង​ស្រប​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្ស៊ូ អាបេ មក​ទស្សន​កិច្ច​នៅ​កម្ពុជា។ ប៉ុន្តែ លោក ទៀ បាញ់​បាន​បដិសេធ​ថា​ទស្សនកិច្ច​នេះ​គ្មាន​បំណង​អ្វី​ផ្សេង​ក្រៅពី​រឹតចំណង​ទាក់ទង​ទ្វេភាគី​រវាង​យោធា​កម្ពុជា​ចិន​នោះទេ។

គួរ​កត់​សម្គាល់​ថា ចិន​និង​កម្ពុជា​កំពុង​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​គ្នា​កាន់​តែ​ស្អិត​ល្មួត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​និង​លើ​គ្រប់​វិស័យ។ នាយក​រដ្ឋមន្ត្រី​ចិន លោក លី​ខឺ​ឈាំង បានបញ្ជាក់​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​លិខិត​ជួយ​រម្លែក​ទុក្ខ​ដល់​ជនរងគ្រោះ​ដោយ​ទឹក​ជំនន់​កាល​ពី​ថ្មីៗ​នេះ​ថា ចិន​ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​ជួយ​កម្ពុជា​ទៅ​តាម​តម្រូវ​ការ។

ចិន​ក៏​បាន​ជួយ​វិស័យ​យោធា​កម្ពុជា​យ៉ាង​ច្រើន​ដែរ។ កាល​ពី​ឆ្នាំ ២០១០ ចិន​បាន​ផ្តល់​ជំនួយ​រថយន្ត​យោធា​ចំនួន ២៥៧ គ្រឿង។ មួយ​ឆ្នាំ​ក្រោយ​មក ចិន​ក៏​បាន​ផ្តល់​កម្ចីសម្បទាន​ដល់​វិស័យ​យោធា​កម្ពុជា​ដើម្បី​ទិញ​ឧត្ថម្ភាគចក្រ​ធន់  Zhi-9 ចំនួន ១២ គ្រឿង។ កាល​ពី​ឆ្នាំ​មុន ក្រសួង​ការពារ​ជាតិ​ចិន​ក៏​បាន​សម្រេច​ផ្តល់​ជំនួយ​ដែល​មាន​តម្លៃ ១៩ លាន​ដុល្លារ​ដល់​កម្ពុជា​ផងដែរ។

យ៉ាងណា​ក៏ដោយ ជំនួយ​របស់​ចិន និង​ចំណង​ទាក់ទង​ចាក់​ទឹក​មិន​លិច​រវាង​ភ្នំពេញ​និង​ប៉េកាំង​ត្រូវ​បាន​មជ្ឈដ្ឋាន​ខ្លះ​ព្រួយ​បារម្ភ​ថា អាច​នឹងធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ចិន​កាន់​តែ​ខ្លាំង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ