អានតួអត្ថបទ
កម្ពុជា-អឺរុប

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរុបលើកទី១៣ នៅឆ្នាំ២០២០ខាងមុខ

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ នៅ​ឆ្នាំ​២០២០​ខាង​មុខ​។ នេះ​គឺ​ជា​ការ​សម្រេច​របស់​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរុប ឬ​ហៅ​កាត់​ថា ASEM លើក​ទី​១២​។ កិច្ច​ប្រជុំ ASEM លើក​ទី​១២ ដែល​បាន​បិទ​បញ្ចប់​ហើយ នៅ​យប់​ថ្ងៃ​ទី​១៩​ខែ​តុលា​នេះ ​ម៉ោង​ក្នុង​ប្រទេស​កម្ពុជា​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ី​អឺរុប​លើក​ទី​១២ នៅ​ទី​ក្រុង​ព្រុចសែល បាន​បង្ហាញ​មោទនភាព​ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​ និង​បាន​អញ្ជើញ​តំណាង​ប្រទេស​នានា​ ចូលរួម​ប្រជុំ​លើ​ទឹក​ដី​កម្ពុជា​។

កម្ពុជា នឹង​ធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបអាស៊ីអឺរុបលើកទី ១៣។
កម្ពុជា នឹង​ធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបអាស៊ីអឺរុបលើកទី ១៣។ @Facebook Hun Sen
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​លើក​ទី​១​ហើយ តាំង​ពី​ឆ្នាំ ១៩៩៦​មក​ ដែល​កម្ពុជា​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ដែល​រៀប​ចំ​ធ្វើ​២​ឆ្នាំ​ម្តង​នេះ​។ កិច្ច​ប្រជុំ​នេះ គឺ​ជា​ការ​បើក​ផ្លូវ​ឲ្យ​មាន​ជំនួប​ពិភាក្សា​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​សកលលោក​ទាំង​មូល រួម​មាន​ទាំង​បញ្ហា​នយោបាយ ការ​ទូត ការ​អភិវឌ្ឍ បរិស្ថាន អាកាសធាតុ ការ​លើក​កម្ពស់​សមភាព​ស្រ្តី និង​កុមារី ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​អាស៊ី និង​អឺរុប សន្តិសុខ ការ​ទប់​ស្កាត់​ភេរវកម្ម ជន​អន្តោប្រវេសន៍ សេដ្ឋកិច្ច​ ការ​វិនិយោគ ទេសចរណ៍ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ជា​ដើម​។

ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​បង្ហាញ​មោទនភាព​ក្នុង​ការ​ទទួល​រៀប​ចំ​ជំនួប​អាស៊ី​អឺរុប​លើក​ទី​១៣​នៅ​ពេល​ខាង​មុខ​។ ឆ្លៀត​ឱកាស​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ី​អឺរុប​លើក​ទី​១២ លោក​ហ៊ុន សែន ក៏​បាន​អញ្ចើញ​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេង​ទៀត ឲ្យ​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ​។

ក្រៅ​ពី​នេះ​ លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ សែន ក៏​បាន​ជួប​ជាមួយ​លោក ម៉ា​ទីន ហេយ តំណាង​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាស៊ាន-សហភាព​អឺរ៉ុប​។ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់​នៅ​មុខ​ពាណិជ្ជករ វិនិយោគិន និង​មន្រ្តី​សំខាន់​ៗ​មក​ពី​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាស៊ាន​សហភាព​អឺរ៉ុប​ថា ទោះ​បី​សហភាព​អឺរ៉ុប មាន​បំណង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សព្វ​សារពើ​លើក​លែង​តែ​សព្វាវុធ ហៅ​កាត់​ថា​ EBA ពី​កម្ពុជា​យ៉ាង​ណា​ក្តី ក៏​កម្ពុជា​មិន​សង​សឹក​ទៅ​លើ​ក្រុមហ៊ុន​មក​ពី​សហគម​អឺរ៉ុប ឬ​មក​ពី​បណ្តា​ប្រទេស​ដទៃ​ឲ្យ​មាន​ការ​ពិបាក ឬ​ទទួល​ការ​ខាត​បង់​ដោយ​សារ​ការ​សម្រេច​ចិត្ត​មិន​ត្រឹម​ត្រូវ​របស់​សហភាព​អឺរ៉ុប​ដែរ​។

នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​រុស្ស៊ី​វិញ​ កម្ពុជា​ក៏​ទទួល​បាន​ប្រយោជន៍​។ ​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក Dmitry Medvedev បាន​អះអាង​ក្នុង​ជំនួប​ទ្វេ​ភាគី​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ​រុស្ស៊ី​នឹង​ប្រើ​ប្រាស់​បំណុល​ដែល​កម្ពុជា​ជំពាក់ សម្រាប់​ជា​ការ​វិនិយោគ​នៅ​កម្ពុជា​វិញ​។

ដោយ​ឡែក ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សមភាគី​ចិន លោក​នាយក​រដ្ឋ​មន្ត្រី​ចិន​ លី ខឺ​ជាំង​ បាន​ថ្លែង​សាទរ​ការ​ជាប់ឆ្នោត​ជា​ប្រមុខ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​លោក​ហ៊ុន សែន​។ និង​ថា លោក​ចង់​ឃើញ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន និង​កម្ពុជា ​កាន់​តែ​បោះ​ជំហាន​ទៅ​មុខ​ថែម​ទៀត​។ តាម​រយៈ​កិច្ច​សន្ទនា​ដដែល​នេះ ចិន និង​កម្ពុជា​ក៏​បាន​ពិភាក្សា​គ្នា​អំពី​ការ​សន្យា​របស់​ចិន ដែល​ផ្ដល់​កូតា​ឲ្យ​កម្ពុជា​នាំ​ចូល​អង្ករ​៣០​ម៉ឺន​តោន​។ ប្រទេស​ចិន បាន​អះអាង​ថា ខ្លួន​នឹង​បន្ត​គាំទ្រ​ដល់​ការ​នាំ​ចូល​ផលិតផល​ពី​កម្ពុជា​ទៅ​ចិន​ត​ទៅ​មុខ​ទៀត​។

សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ​អាស៊ី​អឺរុប​លើក​ទី ១២ បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ព្រុច​សែល ប្រទេស​បែល​ហ្ស៊ិក ក្រោម​ការ​រៀប​ចំ​ ​ដោយ​សហភាព​អឺរុប និង​មាន​លោក​ប្រធាន​ក្រុម​ប្រឹក្សា​អឺរុប Donald Tusk ជា​ប្រធាន​។ កិច្ច​ប្រជុំ បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៨​ខែ​តុលា និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៩​ខែ​តុលា​នេះ​។ មិន​ខុស​ពី​រាល់​ឆ្នាំ កិច្ច​ប្រជុំ​នេះ មាន​ការ​ចូលរួម​ពី​ប្រមុខ​រដ្ឋ រដ្ឋាភិបាល និង​តំណាង​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​អឺរុប​ចំនួន ៥១ និង​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​»​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ