តុលាការបើកការស៊ើបអង្កេតបណ្ដាញចលនាសង្គ្រោះជាតិទាំងក្នុងនិងក្រៅប្រទេស
ភ្លាមៗបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ ទទួលបានពាក្យបណ្ដឹងពីក្រសួងមហាផ្ទៃនៅថ្ងៃទី១៦កុម្ភៈ ស្ថាប័នអនុវត្តច្បាប់មួយនេះ ក៏បានបើកការស៊ើបអង្កេតលើសំណុំរឿងនេះភ្លាមៗដែរ ដោយមន្ត្រីទាំងនោះ សុទ្ធសឹងតែជាបណ្ដាញចលនាសង្គ្រោះជាតិរស់នៅក្នុងនិងក្រៅប្រទេស។ នេះបើតាមមន្ត្រីតុលាការ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៤
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម LINE នៅថ្ងៃសៅរ៍ទី១៧កុម្ភៈនេះថា សមាជិកពេញសិទ្ធិនៃចលនាសង្គ្រោះជាតិដែលតុលាការកំពុងបើកការស៊ើបអង្កេតនោះរួមមាន៖ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ លោក រី គា ជាអគ្គលេខាធិការ និងលោក សៀ ភារម្យ ប្រធានអង្គការសិទ្ធិលំនៅដ្ឋានដែលបានភៀសខ្លួនទៅនៅក្រៅប្រទេស និងបានចូលរួមជាមួយចលនាសង្គ្រោះជាតិ។ ក្រៅពីនេះក៏មានដែរ អតីតសមាជិកគណបក្សសង្រ្គោះជាតិមួយចំនួនទៀត ដូចជា លោកស្រី ជូឡុង ស៊ូមូរ៉ា ភរិយាលោក សម រង្ស៊ី លោក ហូរ វ៉ាន់ និង លោក នុត រំដួល ជាដើម។
បើតាមលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បណ្ដឹងដាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញគឺសំដៅទៅលើបុគ្គល មានជាប់ពាក់ព័ន្ធនឹងការកៀងគរឲ្យបរទេសដាក់គំនាបលើរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមនោះមានម្នាក់ដែលទាមទារឲ្យគេព្យួរអសនៈកម្ពុជានៅអង្គការសហប្រជាជាតិ។ ត្បិតតែមិនបញ្ចេញឈ្មោះ តែតាមសកម្មភាពគេអាចសន្និដ្ឋានថា លោក ខៀវ សុភ័គ សំដៅដល់កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ដែលធ្លាប់មានសកម្មភាពផុសផុលនៅក្រៅប្រទេសរហូតមានដំណឹងមកថា កញ្ញាស្នើឲ្យអង្គការសហប្រជាជាតិព្យួរអានៈកម្ពុជា។
ចំពោះសកម្មភាពអ្នកដទៃទៀត ដែលស្ថិតក្នុងចំណោមមនុស្សទាំង១១៨ អស់សិទ្ធិធ្វើនយោបាយនោះ លោក ខៀវ សុភ័គ គូសបញ្ជាក់ថា នៅមិនទាន់ប្រព្រឹត្តដល់ចំណុចក្រហមនៅឡើយ។ ចំណុចក្រហមគឺស្ថិតនៅក្នុងគោលដៅមួយដែលក្រសួងមានចំណាត់ការ។
តែយ៉ាងណា លោក អេង ឆៃអ៊ាង សហស្ថាបនិកនៃចលនាសង្រ្គោះជាតិ ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុបារាំង ថា លោក មិនចាប់អារម្មណ៍ចំពោះចំណាត់ការនេះឡើយ ។ មិនចាប់អារម្មណ៍ព្រោះថានេះ មិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលកម្ពុជា ចាត់វិធានការមកលើអតីតគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។
ទោះជាបែបនេះក្ដីអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានរំឭកទៅមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ១១៨នាក់ដែលបាត់សិទ្ធិធ្វើនយោបាយគួររក្សាភាពស្ងៀមស្ងាត់ដោយយកគំរូតាមលោក ប៉ុល ហំម។ លោក ប៉ុល ហំម អតីតអ្នកនយោបាយជើងចាស់ ដែលធ្លាប់ធ្វើជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ត្រូវបានមន្ត្រីក្រសួងមហាផ្ទៃលើកសសើរថា មិនដែលមកពាក់ព័ន្ធក្នុងរឿងនយោបាយទៀតឡើយ ក្រោយគណបក្សសង្គ្រោះជាតិរំលាយ។ នេះបើតាមលោក ខៀវ សុភ័គ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ