អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួង​មហា​ផ្ទៃ៖ ក្រុង ស្រុក ខណ្ឌ ចំនួន៦ នៅ​កម្ពុជា នឹង​ចេញ​រូប​រាង​ជា​ផ្លូវការ នៅ​ខែ​ឧសភា​ខាង​មុខ

រដ្ឋាភិបាល​បង្កើត ក្រុង ស្រុក ខណ្ឌ ថ្មីចំនួន៦ បន្ថែម​លើ​ក្រុង ស្រុក ខណ្ឌ ចាស់១៩៧។ បើ​តាម​គម្រោង ក្រុង ស្រុក ខណ្ឌ ចំនួន៦នេះ នឹង​ចេញ​រូបរាង​ជា​ផ្លូវ​ការ នៅ​ខែ​ឧសភា​ខាង​មុខ ខណៈ​បច្ចុប្បន្ន ក្រសួង​មហាផ្ទៃ កំពុងរៀប​ចំ​បែប​បទ​រដ្ឋបាល។ តើ​ក្រុង ស្រុក ខណ្ឌ ថ្មី​នេះ​ស្ថិត​នៅ​ទី​តាំង​ណា​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា?

រូបតំណាង៖ ផ្លូវបេតុងនៅតាមជនបទ
រូបតំណាង៖ ផ្លូវបេតុងនៅតាមជនបទ fb
ផ្សាយពាណិជ្ជកម្ម

ផ្ដើម​ពី​ភ្នំ​ពេញ ខណ្ឌ​ថ្មី​នោះ គឺ​ខណ្ឌ​បឹង​កេងកង ដែល​បំបែក​ចេញ​ពី ខណ្ឌ​ចំការ​មនខណៈ​​ខណ្ឌ​កំបូល បំបែកចេញ​ពី​ខណ្ឌ​ពោធិ៍សែនជ័យ។ រីឯ​ស្រុក​ថ្មី​ទាញ​ចេញ​ពី​ខេត្ត​ស្ទឹងត្រែង គឺស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខណៈខេត្តកំពង់ធំ មានស្រុក​ថ្មី​១ គឺ​ស្រុក​តាំង​គោក កាត់​ចេញ​ពី​ស្រុក​បា​រាយ។ ចំណែក​ខេត្តពោធិ៍សាត់​មាន​ស្រុក​ថ្មី​១ គឺ​ស្រុក​តា​លោ​សែន​ជ័យ ដែល​កាត់​ចេញ​ពី​ស្រុក​បាកាន​។ ខេត្ត​ព្រះសីហនុ ក៏​នឹង​មាន​ក្រុងថ្មីមួយ​ដែរ គឺ​ក្រុង​កោះ​រ៉ុង ដែល​កាត់​ចេញ​ពី​សង្កាត់​កោះរ៉ុង​និង​កោះរ៉ុង​សន្លឹម។

បច្ចុប្បន្ន ក្រសួង​មហាផ្ទៃ​បង្កើត​គណៈកម្មការ​គ្រប់​គ្រង ក្រុង ស្រុក ខណ្ឌ​ថ្មី​នេះ មុន​នឹង​ធ្វើ​ការ​បោះឆ្នោត​ទទួល​ជាផ្លូវ​ការ នៅ​ខែ​ឧសភា​ខាង​មុខ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ការ​បង្កើត ក្រុង ស្រុក ខណ្ឌ ថ្មី ចំនួន​៦​នេះ ត្រូវ​បាន​ក្រសួង​សិ​ក្សា​យូរ​ឆ្នាំ​មក​ហើយ ក្រោយ​អង្កេត​ឃើញ​ពីកំណើន​ប្រជាជន និងតម្រូវ​ការ​បង្ខិត​សេវា​សាធារណៈ​ឲ្យ​នៅ​ជិត​ពលរដ្ឋ។ ការ​បង្កើត​ក្រុង ស្រុក ខណ្ឌ ថ្មីនេះ គឺនឹង​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ថែរក្សា​សុខ​សន្តិ​សុខ សុវត្ថិភាព និង​ការ​អភិវឌ្ឍ នៅ​តាម​តំបន់​នីមួយៗ។ ជាក់ស្ដែង នៅ​ភ្នំពេញ កំណើន​ពលរដ្ឋ​មាន​ការ​កើន​ឡើង​ខ្ពស់ ដែល​ចាំ​បាច់​នៅ​ក្នុង​ការ​បំបែក​ខណ្ឌ ខណៈ​បច្ចុប្បន្នភ្នំពេញ​មាន​ខណ្ឌ​ចំនួន​១២។ នេះ​បើ​តាម លោក សក់ សេដ្ឋា។

សង្គម​ស៊ីវិល​បាន​រិះ​គន់​ចំពោះ​ការ​បង្កើត ក្រុង ស្រុក ខណ្ឌ ដែល​ធ្វើ​ឲ្យ​ប្រសិទ្ធ​ភាព​ការងារ​នៅ​ថ្នាក់​មូលដ្ឋានកាន់​តែ​អសកម្ម​។ ក្រៅ​ពី​ភាព​អសកម្ម ការ​បង្កើត​ ក្រុង ស្រុក ខណ្ឌ ថ្មី​បន្ថែ​ម​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ខ្ទង់​ចំណាយនៃ​ថវិកា​ជាតិ​ផង​ដែរ។ នេះ​បើ​តាម​អង្គការ​សង្គម​ស៊ីវិល​។ ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ លោក សក់ សេដ្ឋា បានថ្លែងការពារថា ការ​បង្កើត ក្រុង ស្រុក ខណ្ឌ ជា​យន្តការ​ដែល​ត្រូវ​បាន​អនុវត្តនៅ​គ្រប់​ប្រទេស​ទាំង​អស់ ឲ្យតែមានកំណើន​ប្រជាជន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ