អានតួអត្ថបទ
កម្ពុជា-ច្បាប់

សមត្ថកិច្ច​ដោះ​លែង​មនុស្ស​ពីរ​នាក់​ក្រោយ​បង្ហោះ​រូប​ធ្លាក់​យន្ត​ហោះ​នៅ​សៀ​ម​រា​ប​

មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ នៅ​ថ្ងៃ​ម្សិល​មិញ ជា​ថ្ងៃ​តែ​មួយ​ដែល​សមត្ថកិច្ច សួរ​នាំ​ពួក​គេ​ពាក់ព័ន្ធ​ករណី​បង្ហោះ​រូបភាព​ធ្លាក់​យន្ត​ហោះ​នៅ​ខេត្ត​សៀមរាប​។ ​ការដោះ​លែង​ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​ទទួល​បាន​ការ​អប់រំ​ និង​ការ​ណែ​នាំ​ពី​កម្លាំង​សម​ត្ថ​​កិច្ច។

រូបថតៈនេះគឺជាយន្តហោះនៅប្រទេសវៀតណាម ដែលគេប្រឌិតថា ធ្លាក់នៅខេត្តសៀមរាប
រូបថតៈនេះគឺជាយន្តហោះនៅប្រទេសវៀតណាម ដែលគេប្រឌិតថា ធ្លាក់នៅខេត្តសៀមរាប @សារព័ត៌មានវៀតណាម
ផ្សាយពាណិជ្ជកម្ម

សមត្ថកិច្ច​បាន​អះ​អាង​ថា សកម្មភាព​បង្ហោះ​រូបភាព​ធ្លាក់​យន្ត​ហោះ​នៅ​ខេត្ត​សៀម​ដែលជា​ករណី​ប្រឌិត​នេះ​ គឺ​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់​យ៉ាង​ខ្លាំង និង​ជាពិសេស​វា​បាន​ប៉ះ​ពាល់ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ដែល​កំពុង​ស្នាក់​នៅ​កម្ពុជា នឹង​គ្រោង​មក​កម្ពុជា។

តែ​បើ​តាម​ចម្លើយ​សារភាព​របស់​ពួក​គេ​មិន​នឹក​ស្មាន​ថា អ្វី​ដែល​ខ្លួន​បាន​ធ្វើ​វា​ក្លាយ​ជារឿង​ធំ ហើយ​ឈាន​ដល់​ករណី​នាំ​ខ្លួន​ពួក​គេ​មក​សួរ​នាំ​យ៉ាង​ដូច្នេះ​សោះ។ នេះ​បើ​តាមការ​គូស​បញ្ជាក់​របស់​ស្នងការ​នគរបាល​ខេត្ត​សៀម​រាប លោក ទិត្យ ណារ៉ុង។

ទន្ទឹម​នឹង​នេះ សាធារណៈ​ជន​មួយ​ចំនួន​ក៏​សម្ដែង​ការ​ហួស​ចិត្ត​ចំពោះ​ទង្វើ​របស់​ពួក​គេទាំង​ពីរ។ ហួស​ចិត្ត​ព្រោះ​ពួក​គេ​ជា​បុគ្គលិក​បំរើ​លើ​យន្ត​ហោះ​​ ​ទៅ​ហើយ​នៅ​ឡើយ​ធ្វើ​រឿង​បែប​នេះ​ទៀត។ តែ លោក ទិត្យ ណារ៉ុង បាន​បញ្ជាក់ថា ពួក​គេ​ទាំង​ពីរ​នាក់​ដែល​ជា​បុរស និងស្ត្រី គឺ​ម្នាក់​ជា​បុរស​ទេ​ដែល​ជា​អ្នក​បង្ហោះ​រូបភាព​នោះ។ ចំណែក​ម្នាក់​ជា​ស្ត្រី​គ្រាន់​តែ​ហៅ​មក​សួរ​នាំ​ធម្មតា​ប៉ុណ្ណោះ​ព្រោះ​គាត់​មានជាប់​ពាក់​ព័ន្ធ​ជា​មួយ​គ្នា។ បន្ថែម​ពី​លើ​នេះ​លោក ទិត្យ ណារ៉ុង ស្នើ​ឲ្យ​ពួក​គេ​មាន​ភាពប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ហ្វេស​បុក។​

សូមបញ្ជាក់ថា​ កាល​ពី​ថ្ងៃ​ម្សិល​មិញ គណនេយ្យ Facebook ឈ្មោះ «Bondet Panha Vatanak» បង្ហោះ​រូបភាព​ធ្លាក់​យន្ត​ហោះ និង​សរសេរ​ជា​ភាសា​អង់​គ្លេស​ថា «Aircraft come to completely stop and safe landed at siem reap» ។

ចំណែក​លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណ​នេយ្យភាព​សង្គម​កម្ពុជា​បាន​កត់​សម្គាល់​​ថា ពលរដ្ឋ​ខ្មែរ​នៅ​មាន​កម្រិត​ក្នុង​ការ​ប្រើ​ប្រាស់​ហ្វេសបុក​ដែល​នាំ​ខ្លួន​ឯង​ជួប​បញ្ហា​​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​ហ្វេសបុក។ ជាក់​ស្ដែង​ករណី​បង្ហោះ​ព័ត៌មាន​ប្រឌិត​​ធ្លាក់​យន្ត​ហោះ​គឺ​នាំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​សន្តិសុខ​ជាតិ។ លោក សន ជ័យ អំពាវនាវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេស​បុក​ពិនិត្យ​ឲ្យ​បាន​ច្បាស់​មុន​ចែក​រំលែក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ