អានតួអត្ថបទ
កម្ពុជា-ច្បាប់

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចូលខ្លួនបំភ្លឺសំណុំរឿងលោក កឹម សុខា

ដូច​ការ​គ្រោង​ទុក នៅ​ព្រឹក​ថ្ងៃ​ទី​៧​មិថុនា​អ្នកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុ​ស្ស​កម្ពុជា​បាន​ចូលបំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ ក្នុង​សំណុំ​រឿង​លោក កឹម សុខា ដែល​ត្រូវ​​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ។ អ្នកស្រី ចក់ សុភាព ស្ថិត​ក្នុង​ចំណោម​សាក្សី​៨រូប​ផ្សេង​ទៀត ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកាកោះ​ហៅ កាល​ពី​ថ្ងៃ​ទី​៣​ខែ​ឧ​សភា។

រូបភាព៖ លោកស្រី ចក់ សុភាព ចេញ​ពី​តុលាការ​នៅ​ថ្ងៃ​ទី​០៧​មិថុនា​នេះ
រូបភាព៖ លោកស្រី ចក់ សុភាព ចេញ​ពី​តុលាការ​នៅ​ថ្ងៃ​ទី​០៧​មិថុនា​នេះ @FB
ផ្សាយពាណិជ្ជកម្ម

តុលាការ​ក្រុងភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​មិថុនា​នេះ បាន​បញ្ចប់​ការ​សួរ​ដេញ​ដោល​អ្នក​ស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ចន្លោះ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក។ អ្នកស្រី​ ចក់ សុភាព បានលើក​ឡើង​នៅ​ចំពោះ​មុខ​អ្នក​កាសែត ក្រោយ​ចេញ​ផុត​ពី​របង​តុលាការ​ថា នៅ​ក្នុង​សំណុំ​រឿង លោក កឹម សុខា ចៅ​ក្រម​ស៊ើប​សួរ​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សួរ​នាំ​អ្នក​ស្រី​អំពី​ស្ថាន​ភាព​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្សនា​ពេល​បច្ចុប្បន្ន​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នកស្រី និង​អំឡុង​ពេល​នៃ​ការ​គ្រប់​គ្រង​របស់​លោក កឹម សុខា។ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស ក្រោម​ការ​គ្រប់​គ្រង​របស់​លោក កឹម សុខា បែប​ណា​នោះ​អ្នក​ស្រី មិន​អាច​លើក​ឡើង​ជា​សាធារណៈ​បាន​ទេ​ព្រោះ​នេះ​ជា​នីតិវិធី​សម្ងាត់​របស់​តុលាការ។

ខណៈ​មាន​ការ​ចោទ​សួរ​អំពី​ការ​គាប​សង្កត់​សេរីភាព​មក​លើ​អង្គការ​សង្គម​ស៊ីវិល​តាមរយៈ​ដីកា​កោះ​ក្នុង​នាម​ជាសាក្សី អ្នក​ស្រី ចក់ សុភាព ពន្យល់​ថា នេះ​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​នៅ​ក្នុង​ការ​ឆ្លើយ​បំភ្លឺ។ ទោះ​ជា​បែប​នេះក៏​ដោយ អ្នកស្រី ចក់ សុភាព សង្ឃឹម​ថា តុលាការ​នឹង​ធ្វើ​ការ​ដោយ​ឯករាជ្យ និង​ធានា​ដល់​សិទ្ធិ​សេរីភាព​របស់សាក្សី​ក៏​ដូច​ជា​ជន​ជាប់​ចោទ ដើម្បី​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។

ជា​ការ​កត់​សម្គាល់ ការ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​របស់​អ្នកស្រី ចក់ សុភាព នៅ​ពេល​​នេះ ធ្វើ​ឡើង បន្ទាប់​ពី​តុលាការ​តម្រូវ​ឲ្យ​លោក គ្រី សុង ដែល​ជា​មន្ដ្រី​នៃ​អតីត​​គណ​បក្ស​សង្គ្រោះ​ជាតិ ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​​តុលាការ​មុនគេ កាល​ថ្ងៃទី ៥ ខែ​មិថុនា។ ​ ក្រៅ​ពី​អ្នក​ទាំង​២ តុលាការ​ក្រុង​ភ្នំពេញ​បាន​កោះ​ហៅ​ប្រធាន​អង្គការ​ផ្សេង​ទៀត​រួម​មាន​ លោក ប៉ាង ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ (CCIM), លោក សៀ ភារ​ម្យ ប្រធាន​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន និងលោក មាស គឹម​សេង អតីតប្រធាន​អង្គការ​ធាងត្នោតជាដើម។ ​មេធាវី​ការពារ​​ក្តី​ឲ្យ​លោក កឹម សុខា ធ្លាប់បាន​លើកឡើង​​ថា ​ចម្លើយ​របស់​សាក្សី អាចជា​ការដាក់បន្ទុក ហើយក៏​អាចជា​ការ​ដោះ​បន្ទុក​ក៏​ថា​បានដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ