អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្ស​ប្រឆាំង​ទម្លាក់​ស្លាក​សញ្ញា​បក្ស​នៅ​ទី​ស្នាក់​ការ​កណ្តាល​ដោយ​ខ្លួន​ឯង​ មុន​អាជ្ញាធរ​ចាត់​វិធានការ​ដោយ​ផ្ទាល់

នៅ​ព្រឹក​មិញ​នេះ ស្លាក​សញ្ញា និង​រូប​សញ្ញា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ទី​ស្នាក់​ការ​កណ្តាល​បក្ស​នៅ​ចាក់​អង្រែ​លើ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​រុះរើ​ទម្លាក់​ចេញ។ ការ​រុះ​រើ​ចេញ​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​គណបក្ស​ប្រឆាំង​ខ្លួន​ឯង ហើយ​វា​ក៏​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​អាជ្ញាធរ​កំពុង​បើក​យុទ្ធនាការ​ទម្លាក់​ស្លាក​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ទូទាំង​ប្រទេស​តាម​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​តុលាការ​កំពូល​ចេញ​សាល​ដីកា​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​។  

គណបក្សប្រឆាំង ផ្តើមរុះរើស្លាកគណបក្សរបស់ខ្លួន នៅទីស្នាក់ការកណ្តាលគណបក្ស។
គណបក្សប្រឆាំង ផ្តើមរុះរើស្លាកគណបក្សរបស់ខ្លួន នៅទីស្នាក់ការកណ្តាលគណបក្ស។ @ហ្វេសប៊ុក
ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​ទម្លាក់​ស្លាក​សញ្ញា​គណបក្ស​ដោយ​ខ្លួន​ឯង​នៅ​ទី​ស្នាក់​ការ​ធំ​ក្នុង​ទី​ក្រុង​ភ្នំពេញ​នេះ គឺ​បន្ទាប់​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង ស្រេង បាន​ប្រាប់​ទៅ​លោក​ស្រី​ជូឡុង សូមូរ៉ា ដែល​ជា​ម្ចាស់​ដី​ឡូតិ៍​ដែល​ទីស្នាក់​ការ​បក្ស​ប្រឆាំង​តាំង​នៅ​នេះ​ឲ្យ​រុះ​រើ និង​ដក​ចេញ​នូវ​ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះ​ជាតិ​ឲ្យ​បាន​មុន​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧​ជា​កំហិត​។ តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី១៧ វិច្ឆិកា លោក​ឃួង ស្រេង ក៏​បាន​ព្រមាន​ផងដែរ​ថា បើ​មិន​មាន​ការ​រុះ​រើ​តាម​ការ​កំណត់​ទេ​នោះ គឺ​អាជ្ញាធរ​នឹង​ចុះ​ទៅ​រុះ​រើ​ដោយ​ខ្លួន​ឯង​តែ​ម្តង​ ដោយ​មិនទទួល​ខុស​ត្រូវ​នូវ​រាល់​ការ​ខូច​ខាត​នោះ​ឡើយ​។

គួរ​កត់​សម្គាល់​ថា ការ​អនុវត្ត​របស់​រដ្ឋបាល​ក្រុង​ភ្នំពេញ​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​គោល​បំណង​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល​ដែល​សម្រេច​រំលាយ​ចោល​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ ក្នុង​ការ​អនុវត្ត​សាល​ដីកា​នេះ ក្រសួង​មហា​ផ្ទៃ​បាន​តម្រូវ​ឲ្យ​រដ្ឋបាល​រាជធានី ខេត្ត និង អាជ្ញាធរ​ពាក់​ព័ន្ធ​ធ្វើ​ការ​ណែនាំ​ឲ្យ​មាន​ការ​ទម្លាក់​ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះជាតិ​នៅ​តាម​ទីស្នាក់​ការ​បក្ស​នេះ​ទាំង​អស់​នៅ​ទូ​ទាំង​ប្រទេស។ ក្រៅ​ពី​នេះ ក្រសួង​មហាផ្ទៃ​ក៏​បាន​ប្រាប់​ឲ្យ​ណែនាំ​ដល់​ម្ចាស់​អចនវត្ថុ​ទាំង​ឡាយ​ឲ្យ​ធ្វើ​ការ​ដក​ចេញ​នូវ​ស្លាក​សញ្ញា​នានា​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ជា​បន្ទាន់​ផង​ដែរ​។ ​ដោយ​ឡែក​ចំពោះ​ស្លាក​សញ្ញា​នានា​នៅ​តាម​ទី​សាធារណៈ​វិញ ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​រុះរើ​ទម្លាក់​ចោល​ជា​បន្ទាន់​តែ​ម្តង​។

នៅ​ពេល​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​តែ​បន្ត​រុះ​រើ​ទម្លាក់​ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះជាតិ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​សុក្រ ជា​ថ្ងៃ​តែ​មួយ​ដែល​តុលាការ​កំពូលបាន​ចេញ​សាល​ដីកា​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​៥​ឆ្នាំ​របស់​មន្រ្តី​បក្ស​ប្រឆាំង​១១៨​ទៀត​ជា​លាយ​លក្ខណ៍​អក្សរ​។ គិត​មក​ដល់​ពេល​នេះ ក្រសួង​មហាផ្ទៃ​មិន​អាច​ប៉ាន់​ប្រមាណ​ថា​ដំណើរការ​រុះ​រើ​ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ប៉ុន្មាន​ភាគ​រយ​ហើយ​ទេ​។ ទោះ​ជា​បែប​នេះ​ក្តី អ្នក​នាំ​ក្រសួងមហាផ្ទៃ​លោក​ខៀវ សុភ័គ បាន​អះ​អាង​ថា ដំណើរ​ការ​រុះ​រើ​នេះ​មាន​ភាព​រលូន​ដោយ​មិន​មាន​ការ​រារាំង​ ឫ​មួយ​ក៏​មាន​តវ៉ា​ណា​មួយ​ពី​ប្រជាពលរដ្ឋ​អ្នក​នាំ​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ