អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នក​គាំទ្រ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ប្រកាស​ធ្វើ​បាតុ​កម្ម​នៅ​មុខ​ទូត​ជប៉ុន​ដើម​ខែ​ក្រោយ​

ក្រុម​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ ប្រកាស​ថា ​ពួកគេ​នឹង​រៀប​ចំ​បាតុកម្ម​មួយ​ នៅ​មុខ​ស្ថាន​ទូត​ជប៉ុន​ប្រចាំអង្គការ​សហ​ប្រជា​ជាតិ​ ក្នុង​ទី​ក្រុង​ញូយ៉ក​ នៅថ្ងៃ​ទី​១​ខែ​មិថុនា​ខាង​មុខ​នេះ ​ដើម្បី​ស្នើ​សុំឲ្យ​ ប្រទេស​ជប៉ុន​ដក​ខ្លួន​ថយ​ និង​បញ្ឈប់​ការ​ផ្តល់​ជំនួយ​ សម្រាប់​ការ​បោះ​ឆ្នោត​ នៅ​កម្ពុជា​។ ​ការ​ប្រកាស​ធ្វើ​បាតុកម្ម​នេះ ​គឺ​បន្ទាប់ពី​ គ.ជ.ប​ បាន​បិទ​​ទ្វារ​ឈប់ទ​ទួល​​ពាក្យ​ចុះឈ្មោះ​គណ​បក្ស​​នយោបាយ​​កាល​ពី​សប្តាហ៍​មុន​ សម្រាប់​​ការ​​បោះ​ឆ្នោត​​ថ្ងៃ​ទី​២៩​​ខែ​កក្កដា ​ខាងមុខ​ ដោយ​មិន​មាន​គណ​បក្ស​សង្រ្គោះ​ជាតិ​។ ​

គម្រោងបាតុកម្ម​របស់​អ្នកគាំទ្រCNRPនៅមុខទូតជប៉ុន
គម្រោងបាតុកម្ម​របស់​អ្នកគាំទ្រCNRPនៅមុខទូតជប៉ុន @FB
ផ្សាយពាណិជ្ជកម្ម

លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ បានប្រាប់​វិទ្យុបារាំង​អន្តរ​ជាតិ​​ពីក្រៅប្រទេសមកថា ​ការ​ធ្វើ​បាតុកម្ម​នេះមិនមែនមានតែនៅមុខ​ស្ថានទូតជប៉ុន​ប្រចាំអង្គការ​សហប្រជាជាតិ​តែមួយនោះទេ គឺនឹងមាន​ធ្វើជាបន្តបន្ទាប់ទៀត នៅ​សហរដ្ឋអាមេរិក ដោយមានការគាំទ្រពីពលរដ្ឋខ្មែរទាំងនៅ កាណាដា អូស្រ្តាលី និង នៅអ៊ឺរ៉ុប ជាដើម។

ការដែល​ជ្រើសរើស​ការធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូតជប៉ុនមុនគេ លោក អេង ឆៃអ៊ាង បញ្ជាក់ថា ដោយសារតែ​ប្រទេសមហាអំណាច​សេដ្ឋកិច្ចមួយនេះ​បានជួយគាំទ្រ​ប្រទេសកម្ពុជា​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែលោកថា​ពេលនេះ​កម្ពុជាមិនបាន​ដើរលើ​ផ្លូវ​ប្រជាធិបតេយ្យទៀតទេ។

បើតាមលោក អេង ឆៃអ៊ាង ការធ្វើបាតុកម្មនៅពេលនេះ មិនមែនជាជម្រើស​ចុងក្រោយ​ទេ តែជាការ​បង្ហាញទៅកាន់​ប្រទេសមហាអំណាចធំៗថា ​ពលរដ្ឋខ្មែរ​មិនគាំទ្រការ​បោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ដែលអតីតគណបក្សប្រឆាំងនេះចាត់ទុកថា ជាការបោះឆ្នោត​«ក្លែងក្លាយ»នោះទេ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា យល់ថា ការ​ធ្វើ​បាតុកម្ម​នោះ នឹង​មានមិន​ឥទ្ធិពល​អ្វី​ឲ្យ​ជប៉ុន​ផ្អាក​ការ​គាំទ្រ​ដល់​ដំណើរ​ការ​បោះឆ្នោត​ដែលកំពុងតែ​ប្រព្រឹត្តិទៅយ៉ាងសកម្មដែលមាន​គណបក្ស​នយោបាយ​ចូល​រួម​ច្រើន​បែបនេះទេ។ ម្យ៉ាងទៀតលោកថា​បើទោះបីជា​ប្រទេស​មួយចំនួនផ្តាច់ជំនួយក៏ពិតមែនតែថាគ.ជ.ប មិន​ខ្វះថវិកានោះឡើយ។

សូមបញ្ជាក់ថា មកដល់ពេលនេះ​ប្រទេសជប៉ុនមិនបានផ្តាច់ជំនួយ​មក​កម្ពុជា ទាំងជំនួយ​អភិវឌ្ឍ និង​ជំនួយ​សម្រាប់​ការ​បោះឆ្នោត បើទោះបីជាសហភាពអ៊ឺរ៉ុប និង​សហរដ្ឋ​អាមេរិក​បាន​ផ្តាច់​ជំនួយនេះតាំងពីមានការរំលាយគណបក្សសង្រ្គោះជាតិឆ្នាំមុនក៏ដោយ។ ប៉ុន្តែ​ជំហរ​ចុង​ក្រោយនេះ​របស់​ប្រទេសជប៉ុន គឺបានប្រាប់មន្រ្តី​រដ្ឋាភិបាល​កម្ពុជាម្តង​ហើយ​ម្តងទៀតថា ក្នុង​នាមជាដៃគូរ ​ជប៉ុនចង់​ឃើញ​ការ​បោះឆ្នោត​នៅកម្ពុជា ឆ្លុះបញ្ចាំង​ពី​ឆន្ទៈពិតរបស់​ពលរដ្ឋខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ