ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/06 12h00 GMT
កម្ពុជា

លទ្ធផល​បឋម​របស់​គ.ជ.ប.​៖ CPP ស្វាគមន៍ តែ CNRP បន្ត​ប្តឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​

media ប្រជាពលរដ្ឋតម្រង់​ជួរ​នៅ​មុ​ខ​ការិយាល័យ​បោះ​ឆ្នោត​ ក្នុង​ថ្ងៃ​បោះឆ្នាត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ២០១៧។ @REUTERS/Samrang Pring

លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ ត្រូវ​បាន គ.ជ.ប. ​ប្រកាស​រួច​រាល់​ហើយ កាល​ពី​ថ្ងៃ​ទី​ ៧ មិថុនា។ គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​ចំពោះ​លទ្ធផល​បឋម​នេះ ក៏​ប៉ុន្តែ​បក្ស​សង្រ្គោះ​ជាតិ មិន​ទាន់​វាយ​តម្លៃ​យ៉ាង​ណា​នោះ​ទេ ដោយ​បក្ស​ប្រឆាំង​នេះ​នៅ​តែ​បន្ត​ប្តឹង​សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ តាមការិយាល័យ​មួយ​ចំនួន​ដែល​មាន​ភាព​មិន​ប្រក្រតី​។

បើ​ផ្អែក​តាម​លទ្ធផល​បឋម​របស់​គ.ជ.ប. គណ​បក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ការ​គាំទ្រ នៅ​ឃុំ សង្កាត់​ចំនួន ជាង​១១៥០​។ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ នៅ​ឃុំ សង្កាត់​ជាង ៤៨០ និង​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ឈ្នះឆ្នោត នៅ​ឃុំ សង្កាត់​ត្រឹម​តែ​១ ប៉ុណ្ណោះ​។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច បាន​សាទរ​ចំពោះ​លទ្ធផល​បឋម​នេះ បើទោះ​បីជា​លោក បញ្ជាក់​ថា មាន​ភាព​លម្អៀង​តិច​តួច បើ​ធៀប​នឹង​តួលេខ​ដែល​គណបក្ស​ទទួល​បាន​ក្រោយ​ការ​រាប់​សន្លឹក​ឆ្នោត​ភ្លាម​ៗ​។

ចំណែក​លោក​ស្រី មូរ សុខហ៊ួរ អនុ​ប្រធាន​គណ​បក្ស​ប្រឆាំង​វិញ មិន​ទាន់​យល់​ស្រប​ចំពោះ​លទ្ធផល​បណ្តោះ​អាសន្ន​ដែល​ចេញ​ដោយ​គ.ជ.ប.នេះ​ទេ។ ព្រោះ​ថា មក​ទល់​ពេល​នេះ គណបក្ស​សង្រ្គោះ​ជាតិ​ នៅបន្ត​ដាក់​ពាក្យ​ប្ដឹង​ទៅ​គ.ជ.ប. ជា​បន្ត​បន្ទាប់​។ ជា​បណ្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​តាម​ការិយាល័យ​មួយ​ចំនួន និង​បណ្ដឹង​អំពី​ភាព​មិន​ប្រក្រតី​នៅ​តាម​បណ្តា​ការិយាល័យ​បោះ​ឆ្នោត​ខ្លះ​នៅ​ទូ​ទាំង​ប្រទេស​។
 
អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា គណបក្ស​បាន​ប្តឹង​ទៅ​គ.ជ.ប. ជុំវិញ​ភាពមិន​ប្រក្រតី​នៃ​ឃុំ​បឹង​ប្រាំ ស្រុក​បវេល​ ខេត្ត​បាត់​ដំបង ក្រោយ​ពេល​រក​ឃើញ​ថា សន្នឹក​ឆ្នោត​ឥត​បានការណ៍​មាន​ចំនួន​ច្រើន​លើស​លុប។
 
លទ្ធផល​បឋម​ក្រៅ​ផ្លូវ​ការ គណបក្ស​សង្រ្គោះ​ជាតិ ឈ្នះ​សម្លេង​គាំទ្រ​បន្ថែម​ទៀត នៅ​ក្នុង​ឃុំ​បឹង​ប្រាំ ស្រុក​បវេល​ ដែល​ដំបូង​ឡើយ នាំ​មុខ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ដូច្នេះ​មាន​ន័យ​ថា លទ្ធផល​ឆ្នោត​អាច​នឹង​មាន​ការ​ប្រែ​ប្រួល​ទៀត​នា​ពេល​ខាង​មុខ​។
 
ក្នុង​ន័យ​នេះ​ដែរ លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប. បាន​អំពាវនាវ​កុំ​ឲ្យ​សាធារណៈជន​ យល់​ច្រលំចំពោះ​ការ​ប្រកាស​នូវ​លទ្ធផល​បោះ​ឆ្នោត​បឋម​នេះ។ លទ្ធផល​បឋម គឺ​បង្ហាញ​ត្រឹម​សំឡេង​ឆ្នោត​ ដែល​គណបក្ស​នីមួយៗ ទទួល​បាន​ប៉ុណ្ណោះ។ ហើយ​វា​មិន​មែន​ជា​លទ្ធផល​ឆ្នោត​ចុង​ក្រោយ​ដែល​គណបក្ស​នយោបាយ​ទទួល​បាន​នោះ​ទេ​។ ព្រោះ​ថា គជប នៅ​បន្ត​ផ្ទៀង​ផ្ទាត់​ទិន្នន័យ​លទ្ធផល​ឆ្នោត​ជា​បន្ត​បន្ទាប់​។
 
ចំណែក​ការ​បែង​ចែក​ចំនួន​អាសនៈ​នៃ​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ ដែល​គណបក្ស​នីមួយៗ ត្រូវ​ទទួល​បាន​ក៏​មិន​ទាន់​មាន​ដែរ ដរាប​ណា​ការ​ដោះ​ស្រាយ​បណ្ដឹង​របស់​គណបក្ស​នយោបាយ​នៅ​មិន​ទាន់​ចប់​សព្វ​គ្រប់​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ