ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
កម្ពុជា

សមាគម​សហ​គ្រិន​វ័យ​ក្មេង​កម្ពុជា​ ​បារម្ភ​​ចំពោះ​​ការ​​ទូ​ទាត់​ប្រាក់​​អតីត​​ភាព​​ការ​​ងារ​​របស់​​កម្មករ​​ និយោជិត​​

media  
សមាគមសហគ្រិនវ័យក្មេងកម្ពុជា @YEAC

សមាគម​សហ​គ្រិន​វ័យ​ក្មេង​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃទី​៥​ខែ​តុលា​ដោយ​សំដែង​ក្តី​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​ផល​ប៉ះពាល់​ដល់​ក្រុម​ហ៊ុន​ធុរកិច្ច​ និង​អាជីវកម្ម​ឯកជន​ ដោយ​សារ​ក្រសួង​ការងារ​​តម្រូវ​ឲ្យ​ទូទាត់​ប្រាក់​បំណាច់​អតីត​ភាព​ការងារ។ ​ប៉ុន្តែ​សមាគម​នេះ ​បាន​បញ្ជាក់​ថា​ពួកគេ​ គាំទ្រ​ការ​បង់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ចាប់ពីឆ្នាំ​២០១៩​ត​ទៅ ​តែ​ការ​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ដែល​មាន​អនុភាព​ប្រតិសកម្ម​ ឬ​ការ​អនុវត្ត​ធាក់​ថយ​ក្រោយ​​ពួកគេ​ថា​ប៉ះពាល់​ដល់​ការ​វិនិយោគនៅកម្ពុជា​​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជាង​ពីរ​ទំព័រ សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា បានលើក​ហេតុ​ផល​ជាច្រើន​មក​អះអាងពីផល​ប៉ះពាល់​ជា​អវិជ្ជមាន​ចំពោះ​ការ​តម្រូវ​របស់​ក្រសួង​ការងារ​ឲ្យ​និយោជក​ឬថៅកែ បង់​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ជូន​កម្មករ និយោជិត​តាម​សេចក្តី​ប្រកាស​ថ្ងៃទី២១​ខែកញ្ញាឆ្នាំ២០១៨។ ​

ផល​លំបាក​របស់​សមាគមសហគ្រិន​វ័យ​ក្មេង​កម្ពុជា គឺដោយ​សារតែ​កម្ពុជា​មានថ្ងៃ​ឈប់​សម្រាក​បុណ្យជាតិ​ និង​ការ​ឈប់​ប្រចាំ​ឆ្នាំច្រើនលើស​លប់ ហើយកម្មករ​ និយោជិត​មាន​ផលិត​ភាព​ការងារទាប ប្រៀប​នឹង​បណ្តា​ប្រទេស​អាស៊ាន។ លើស​ពីនេះ​ទៀត សមាគមសហគ្រិន​វ័យ​ក្មេង​កម្ពុជា បានបន្ថែមថា អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ ត្រូវ​ចំណាយ​ថវិកា​យ៉ាង​ច្រើន​លើ​ថ្ងៃ​ឈប់​សម្រាក​ឥតធ្វើ​ការ និង​ការ​ចំណាយ​លើ​ការ​បណ្តុះ​បណ្តាល​ជំនាញ​ ដើម្បី​ផលិតភាព​ការងារ​។

ជាមួយគ្នានេះ ការ​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​អាជីវកម្ម​បង់​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ជាលក្ខណៈ​ប្រតិសកម្ម​ ឬការអនុវត្ត​ធាក់​ថយ​ក្រោយ​ដល់​កម្មករ និយោជិតនោះ គឺជាការ​បង្កើន​បន្ទុក​ហិរញ្ញវត្ថុ ​ដែល​មិនបាន​គ្រោង​ទុកជាមុន ហួសពីការ​ស្មាន។

ទោះជាយ៉ាងណាក៏ដោយ ​សមាគមនេះ បាន​បញ្ជាក់​ថា​ពួកគេ​ គាំទ្រ​ការ​បង់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ចាប់ពីឆ្នាំ​២០១៩តទៅ តែ​ការ​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ ដែល​មានអនុភាព​ប្រតិសកម្ម ឬការអនុវត្ត​ធាក់​ថយ​ក្រោយ​​ពួកគេ​ថា​ប៉ះពាល់​ដល់​ការ​វិនិយោគ​នៅកម្ពុជា​ពេល អនាគត​។​

ជាងនេះទៅទៀត ការ​តម្រូវ​ឲ្យ​បើក​ប្រាក់​ខែ​ពីរ​ដង​ក្នុង​មួយ​ខែ ​ក៏ជាអ្វី​ដែល​សមាគម​សហគ្រិន​​វ័យ​ក្មេង​កម្ពុជា យល់ថា​ ជាបន្ទុក​ចំណាយ​ និង​កង្វះ​ការ​ពិភាក្សា​គ្រប់​គ្រាន់​ជាមួយ​ដៃគូ​ឯកជន​ ដែល​ជាក្តីបារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ការ​បង្កើត​ការងារ​ថ្មីៗ។ ជាមួយគ្នា​នេះ ពួកគេ​លើក​ឡើងទៀតថា ប្រកាស​របស់​ក្រសួងការងារ​នេះ ហាក់​ផ្ទុយ​​នឹង​​ឆន្ទៈ​​លើក​ទឹក​ចិត្ត​ដល់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​តាម​រយៈ​ការ​​​បន្ធូរ​​បន្ថយ​​ពន្ធ ​ឬ​លើក​លែង​ពន្ធ​។

សូមបញ្ជាក់ថា នៅក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ ការ​ទូទាត់​ប្រាក់​អតីតភាព​ការងារ គឺធ្វើ​ឡើង​ចំពោះ​កម្មករ និយោជិត ដែលមានកិច្ចសន្យាមិន​កំណត់​តែ​ប៉ុណ្ណោះ​។ ចំណែក​កម្មករ​ និយោជិត​ដែល​ប្រើ​​កិច្ច​សន្យា​មាន​​ថេរវេលា​កំណត់​ ការ​ទូទាត់​ប្រាក់​អតីត​ភាព​ការងារ ​គឺ​ត្រូវ​ធ្វើនៅពេល​បញ្ចប់​​កិច្ច​សន្យា ហើយ​ចំនួន​ប្រាក់​បំណាច់​​យ៉ាង​តិច​​៥%​នៃ​ប្រាក់​ឈ្នួល ប្រសិន​ជា​គ្មាន​ចែង​ក្នុង​អនុសញ្ញា​រួមទេ​នោះ​៕​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ