អានតួអត្ថបទ
កម្ពុជា-ចិន

កម្ពុជា-ចិន ចុះ​កិច្ច​ព្រមព្រៀង​៨​ចំណុច​បន្ថែម​លើ​ការ​ផ្ដល់​ជំនួយ​៦០០​លាន​ដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​មក​ដល់​កម្ពុជា​វិញ​ហើយ​នៅ​ថ្ងៃ​នេះ ក្រោយ​ទស្សនកិច្ច​នៅ​ប្រទេ​ស​ចិន​រយៈ​ពេល​៤​ថ្ងៃ។ ក្នុង​នោះ​កិច្ច​ព្រមព្រៀង​និង​អនុស្សារណៈ​ចំនួន៨ ត្រូវ​បាន​ចុះ​ហត្ថលេខារួម​គ្នា​រវាង​កម្ពុជា​និង​ចិន។ ជា​កត់​សម្គាល់​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ ធ្វើ​ឡើង​បន្ថែម​ពី​លើ​ការផ្ដល់​ជំនួយ​៦០០​លាន​ដុល្លារ និង​ការ​សន្យា​ទិញ​អង្ករ​៤០​តោន​ពី​កម្ពុជា។  

រូបភាព៖ពិធីចុះកិច្ចព្រមព្រៀងអំឡុងពេលនៃការបំពេញទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅក្នុងប្រទេសចិន
រូបភាព៖ពិធីចុះកិច្ចព្រមព្រៀងអំឡុងពេលនៃការបំពេញទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅក្នុងប្រទេសចិន @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

កិច្ច​ព្រម​ព្រៀង​៨​ចំណុច​នោះ​រួម​មាន គម្រោង​កែ​លំអរ​ផ្លូវ​ជន​បទ គម្រោង​ផ្គត់ផ្គង់​ទឹក​ជន​បទ ជំហា​ន​​ទី២ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ខេត្ត​ព្រះសីហនុ គម្រោង​សាងសង់​អគារ​អង្គរក្ស​នៃទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី គម្រោង​ជួសជុល​ផ្លូវ​ជាតិ​លេខ​៧​ ដែល​រង​ការ​ខូច​ខាត​ដោយ​ទឹក​ជំនន់ គ​ម្រោង​ជួស​ជុល​ប្រាសាទ​តាកែវ គម្រោង​អភិវឌ្ឍន៍​អាង​រក្សា​ទឹក​ក្នុង​ខេត្ត​ព្រះវិហារ និង​ចុងក្រោយ​ជម្រុញ​កិច្ច​សហ​ប្រតិបត្តិការ​វិនិយោគ​ក្រោម​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ ។

គួរ​ជម្រាប​ជូន​ថា ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​ក្រោយ កិច្ច​ប្រជុំ​ទ្វេភាគី​រវាង​នាយ​ក​រដ្ឋ​មន្រ្តីចិន​លោក លី ខឺឈាង​និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី​២២​មករា។

ក្នុង​ចំណោម​កិច្ច​ព្រម​ព្រៀង​៨​ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​អះអាង​ថា កម្ពុជា​បាន​​ត្រៀ​ម​ខ្លួន​ជា​ស្រេច ដើម្បី​ជំរុញ​គម្រោង​ផ្លូវ​១​ខ្សែ​ក្រវាត់​១ ជាមួយ​ចិន​ឲ្យ​បាន​ជោគជ័យ ​ខណៈ​គម្រោង​នេះ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ត​ភ្ជាប់​ពាណិជ្ជកម្ម​តំបន់ អាច​ផ្តល់​ឱកាស​វិជ្ជ​មានដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។ ប៉ុន្តែ​យ៉ាង​ណា​មិញ ​មតិ​ខ្លះ​ថា គម្រោង​ផ្លូវ​១​ខ្សែ​ក្រវាត់១ ក៏​អាច​មានហានិភ័យ​មួយ​ចំនួន​ដល់​កម្ពុជា​ដែរ ដែល​កម្ពុជា​ត្រូវ​សិក្សា​ឲ្យ​បាន​លម្អិត​ជាង​នេះ អំពី​ឥទ្ធិពលវិជ្ជមាន និង​អវិជ្ជមាន​នៃ​គម្រោង​នេះ។

ទាក់ទង​ទៅ​នឹង​ការ​វិនិយោគ នៅ​ក្នុង​វេទិកា​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា-ចិន កាល​ពីថ្ងៃ​ម្សិល​មិញ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ទំហំ​វិនិ​យោគ​​នៅ​កម្ពុជាបាន​ស្ទុះ​ឡើង​រហូត​ដល់​ប្រមាណ ៦,៨ប៊ីលានដុល្លា កើន​ប្រមាណ៧% ធៀប​ឆ្នាំ​២០១៧ ។ ក្នុងនោះ​ចិន​បន្ត​ស្ថិត​នៅ​ជា​ប្រទេស​នាំ​មុខ ដែល​បាន​បណ្តាក់​ទុន​វិនិយោគ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ ដែល​មាន​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាន ៣,៦ ប៊ីលានដុល្លា ស្មើ៥៣% នៃទំហំ​វិនិយោគ​សរុប ពោល​គឺ​កើន​ឡើង​ប្រមាណ ៥៤% ធៀប​ឆ្នាំ​២០១៧។

សូមបញ្ជាក់ថា ក្រៅ​ពី​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​៨​ចំណុច​រវាង​កម្ពុជា-ចិន ប្រទេស​ចិន​ក៏​បាន​ផ្តល់​ជំនួយ​ឥត​សំណង ចំនួន​៦០០​លាន​ដុល្លារដល់​កម្ពុជាផងដែរ រួមទាំងការសន្យា​ទិញ​អង្ករ​កម្ពុជាចំនួន៤០​ម៉ឺន​តោន​ ការប្ដេជ្ញា​ជម្រុញ​ទំហំ​ពាណិជ្ជកម្ម​ចិន​-កម្ពុជា ​ឲ្យ​កើន​ដល់​១០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៣។ ជាការជម្រុញធ្វើឡើងតាមរយៈ ​ការ​បន្ត​លើក​ទឹកចិត្ត​អ្នក​វិនិយោគទុន​ចិន​មក​វិនិយោគ ​នៅ​កម្ពុជា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ