អានតួអត្ថបទ
កម្ពុជា

កម្ពុជា ថៃ គ្រោង​បង្កើត​ការិយាល័យ​ទំនាក់​ទំនង​ព័ត៌មាន​នៅ​ព្រំដែន ខេត្ត​ឧត្តរមានជ័យ

យោធា​កម្ពុជា​​និង​ថៃ ​បាន​ប្រកាស​រួ​ម​គ្នាក្នុងការ​ពង្រឹង​សន្តិសុខ​នៅ​តាម​ព្រំដែនសម្រាប់​ផែន​ការបន្ត​ក្នុង​ឆ្នាំ២០១៩ តាមរយៈ​គម្រោង​បង្កើត​ការិយាល័យ​ទំនាក់​ទំនង​ព័ត៌មាន នៅ​តាម​ព្រំដែន​ក្នុងខេត្ត​ឧត្តរមានជ័យ។​ នេះ​បើ​ផ្អែក​តាម​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ស្ដី​​​ពី​​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC)​លើក​ទី​១៤ នៅ​ថ្ងៃទី​១៤​ខែ​កុម្ភៈ ​ម្សិលមិញ​ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស​ផ្ទះ។ 

រូបតំណាងៈ ទិដ្ឋភាពក្បែរ​ព្រំដែន​ខេត្តឧត្តរមានជ័យ​
រូបតំណាងៈ ទិដ្ឋភាពក្បែរ​ព្រំដែន​ខេត្តឧត្តរមានជ័យ​ © RFI
ផ្សាយពាណិជ្ជកម្ម

លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ឲ្យ​ដឹង​ថា កង្វះ​​ទំនាក់​ទំនង​តាម​ខ្សែ​ទូ​រសព្ទ​មិន​ទាន់​សភាពការណ៍ ទើប​ជា​ឱកាស​ដល់​អ្នក​ជួញ​ដូរ​គ្រឿងញៀន​និង​ឈ្មួញ​កាប់​ឈើ ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​​ឆ្ល​ង​កាត់​ព្រំដែន​ប្រ​ទេស​​ទាំង​ពីរ។ ប្រឈម​នឹង​បញ្ហា​នេះ កម្ពុជា​ថៃ មាន​គម្រោង​បង្កើត​ការិយា​ល័យ​ទំនាក់​​ទំនង​ព្រំដែន​នៅ​ក្នុង​ឆ្នាំ​២០១៩នេះ នា​ខេត្ត​ឧត្តរមានជ័យ ខណៈបច្ចុប្បន្នការិ​យាល័យ​នេះ​ មាន​មួយ​កន្លែង​រួចនៅ​ព្រំដែន​ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា គម្រោង​បង្កើត​ការិយាល័យ​ទំនាក់ទំនង​នៅ​ព្រំដែន​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​យោធាទាំង​២​មើល​ឃើញ​ថា ការ​រក្សា​សន្តិសុខ​នៅ​តាម​ព្រំដែន​បាន​ជួប​ឧបសគ្គ​មួយ​ចំនួន​ក្នុង​ឆ្នាំ​២០​១៨​ ។ ក្នុង​ឆ្នាំ​២០១៨ កង​ទ័ព​ជើង​គោក​បាន​ត្រួត​ពិនិត្យ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗសរុប​ចំនួន​៥១៩៣​ករណី​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន។ ប៉ុន្តែ​យ៉ាងណាមិញ រាល់​បទ​ល្មើស​ទាំងនេះ​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០១៧។

ជា​មួយ​គ្នា​នេះ តាម​រយៈ​កិច្ច​​ប្រជុំ​​គណៈ​កម្មា​ធិ​ការ​​ព្រំដែន​​ទូទៅ​លើក​​​ទី​​១៣​ កាល​​ពី​​​​ឆ្នាំ​​២០​១៨ ​នៅ​​​ទី​ក្រុង​​បាង​កក​ កម្ពុជា ថៃ ឯកភាព​ទប់​ស្កាត់​ការ​ប្រើប្រាស់ព្រំដែនដោយខុសច្បាប់​តាមរយៈការទប់ស្កាត់​ពល​ករឆ្លង់ដែន ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ។ ក្រៅពីទប់ស្កាត់ ភាគី​ទាំង២ ជំរុញកា​រ​លើក​កម្ពស់​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​រវាង​កង​ទ័ព​កម្ពុជា​ទាក់ទងកសិ​កម្ម​ បញ្ហា​សុខ​ភាព​សាធា​រណៈ​​ ការ​អភិ​វឌ្ឍជីវ​ភាព​រស់​នៅ ​ការ​អប់រំ​ សាសនា ​និង​វប្បធម៌។​​

គួរជ្រាបថា ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​មាន​ចម្ងាយ​ជាង​៨​០០​​គី​ឡូ​និងមានបង្គោល​ព្រំ​ដែន​ចំនួន៧៣​បង្គោ​ល​​ដែល​បាន​បោះ​នៅ​សម័យ​អាណា​និ​គម​និយម​បា​រាំង​នៅ​អំឡុង​ឆ្នាំ ​១៩១៩ ​និង ​១៩​២០។​ ក្នុង​ចំណោម​បង្គោល​ទាំង ​៧៣ ​មាន​បង្គោល​ ៤៥​ ​​បាន​ឯក​ភាព​គ្នា ​ខណៈ ២៨ ​បង្គោ​ល​​ទៀត​​ភាគី​ទាំង​ ២ មិន​ទាន់​​​បាន​ឯក​ភាព​គ្នា​​នៅ​ឡើយ​ ហើយ​ភាគី​ទាំង​ ២ ​​បាន​និង​កំពុង​ច​រចា​ដោះ​​ស្រាយ​​ដោយ​សន្តិ​វិធី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ