អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ធនាគារជាតិ៖​ រំពឹងសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩មាន​ភាព​រឹង​មាំ

ធនាគារជាតិ​កម្ពុជា​ហៅ​កាត់​NBC បាន​ចេញ​មក​អះអាង​ដោយ​មាន​ទំនុក​ចិត្ត​ថា សេដ្ឋកិច្ច​កម្ពុជាបន្ត​រីក​ចម្រើ​នឹង​មាន​ភាព​រឹង​មាំ​នៅ​ក្នុង​ឆ្នាំ​២០១៩។ ទន្ទឹម​នឹង​ភាព​រឹងមាំ​ធនាគារ​ជាតិ​​ក៏​បាន​ព្យា​ករ​ណ៍​ទុក​មុន​ថា សេដ្ឋ​កិច្ច​កម្ពុជា​នឹង​ប្រឈម​ហានិភ័យ​មួយ​ចំនួន​នៅ​ឆ្នាំ​២០​១៩​។ ក្នុង​នោះ​ជុំវិញ​គម្រោង​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ដែរ។ នេះ​បើ​តាម​របាយ​ការណ៍ ក្រោម​ចំណង​ជើង​ថា វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច​និង​ទស្សន​វិស័​យ​​ឆ្នាំ​២០១៨ ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ទី​២​ខែ​មករា។

ទិដ្ឋភាពពីលើនៃទីក្រុងភ្នំពេញ
ទិដ្ឋភាពពីលើនៃទីក្រុងភ្នំពេញ @RFI
ផ្សាយពាណិជ្ជកម្ម

ក្ដី​រំពឹង​របស់​ធនាគារជាតិ​ដែល​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នឹង​មាន​កំណើន​ក្នុង​រង្វង់​៧​ភាគរយ​និង​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ​ទៀត​នោះ ផ្អែក​ទៅ​លើ​អត្រា​អតិផរ​ណា​បន្ត​ស្ថិត​ក្នុង​កម្រិតទាប​២,៦ភាគរយ​ជាមួយ​នឹង​ស្ថិរភាព​នៃ​អត្រា​ប្ដូរ​ប្រាក់​៤.០៥០រៀល ក្នុង​មួយ​ដុល្លារ​អាមេរិក។ ក្នុង​នោះ​ក៏​មាន​ដែរ ទុន​បម្រុង​អន្តរជាតិ​រំពឹង​ថា នឹង​បន្ត​កើន​ដល់​១១,៣ប៊ី​លាន​ដុល្លារ​ដែល​ជាចំណែក​មួយ​ធានា ដល់​ការ​នាំ​ចូល​ទំនិញ​និង​សេវា​បាន​រយៈ​ពេល​៥​ខែ។ បន្ថែម​លើ​នេះ ឥណទាន​វិស័យ​ធនាគារ​រំពឹង​ថា បន្ត​កើន​ឡើង​ក្នុង​ល្បឿន​១៧,១​ភាគ​រយ។

យ៉ាង​ណា​ក៏​ដោយ មាន​ហានិភ័យ​៨​ចំណុច​ដែល​ធនាគារជាតិ​កម្ពុជា​ទទួល​ស្គាល់​ថា នឹង​ប៉ះទង្គិច​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩។ បញ្ហា​មួយ​ក្នុង​ចំណោម​ទាំង​នោះ គម្រោង​ដក​ប្រ​ព័ន្ធអនុ​គ្រោះ​ពន្ធ(EBA) ពី​កម្ពុជា ដែល​កម្ពុជា​ក៏​កំពុង​រង​ចាំ​មើល​នឹង​ទទួល​បាន​ចម្លើយ​បែ​ប​​ណា​ពី​អឺរ៉ុបដែរ។ ក្រៅ​ពី​EBA ការ​កើន​ឡើង​លឿន​នៃ​វិស័យ​សំណង់​និងអច​លន​ទ្រព្យ អា​ច​ធ្វើ​ឲ្យ​តម្លៃអចលន​ទ្រព្យ​កើន​ឡើង​ហួស​ពី​តម្រូវ​ការ​ជាក់​ស្ដែង​និង​អាច​ជា​ហានិភ័យ​សម្រាប់​វិស័យ​ធនាគារនិង​ការ​ទុក​ចិត្ត​ពី​អ្នក​វិនិយោគ​ដែរ។

ទប់​ស្កាត់​ហានិភ័យ​នេះ ធនាគារជាតិ​កម្ពុជា​ប្រកាស​គាំទ្រ​គោនយោបាយ​របស់​រដ្ឋាភិបា​ល​​ក្នុងការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ ការ​ធ្វើ​ពិពិធកម្ម និង​ការ​រក្សា​បរិយាកាស​អំណោយ​ផល​ដល់​អ្នក​វិនិយោគ​ជា​ដើម។

ដោយឡែកក្នុង​ឆ្នាំ​២០១៨ កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា កើន​ឡើង​ក្នុង​អត្រា​៧,៣​ភាគរយ ដែល​កំណើន​នេះ មាន​កម្រិត​ខ្ពស់​បើ​ធៀប​រយៈ​ពេល​៦​ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​ក៏ដោយ​សារ​វិស័យ​កាត់​ដេរ សំណង់​និង​ទេសចរណ៍​បន្ត​មាន​កំណើន​ក្នុង​អត្រា​ពីរ​ខ្ទង់​ដោយ​សារតែ​បរិយាកាស​អំណោយ​ផល​នៃ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក។

តាម​ការ​សិក្សា​របស់​ធនាគារ​ជាតិ​កម្ពុជា កម្ពុជា​អាច​ទទួល​បាន​កំណើន​វិនិយោគ​ក្នុង​វិស័​យកម្មន្តសាល​និង​កសិកម្ម​តាម​រយៈ​ការ​ផលិត និង​នាំ​ចេញ​ទំនិញ​មួយ​ចំនួន​ក្នុង​វិស័យ​នេះ ហើយ​មិនស្ថិត​ក្នុង​គោល​ដៅ​ដែល​ត្រូវ​ដំឡើង​ពន្ធ​ទាំង​នៅ​សហរដ្ឋ​អាមេរិក​និង​ចិន។ ជាក់​ស្ដែង ការ​នាំចេញ​របស់​កម្ពុជា​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ជា​ពិសេស​ផលិ​ត​ផល​កាត់​ដេរ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា កើន​ឡើង​២៤,៧ ភាគ​រយ ខណៈ​ការ​នាំ​ចេញ​អង្ករ​កើន​២៣​ភាគ​រយ ទោចក្រយាន​កើន១២​ភាគរយ​និង​គ្រឿង​បន្លាស​យាន​យន្ត​៣​ដង។

ថ្វី​បើ​នៅ​ក្នុង​ឆ្នាំ​២០១៨​ដដែល ការ​នាំ​ចេញ​ផលិតផល​កាត់​ដេរ​នៅ​តែ​បន្ត​មាន​ចំណែក​ធំ​ទ្រទ្រង់ផ្នែក​សេដ្ឋកិច្ច​ប្រមាណ​២\៣​នៃ​ការ​ចាំ​ចេញ​សរុប​ក៏​ដោយ ក៏​វិស័យ​នេះ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​បើ​ធៀប​កាល​ពី​១០​ឆ្នាំ​មុន។ ​ ជា​មួយ​គ្នា​នេះ វិស័យ​ធនាគារ​ក៏​បាន​រួម​ចំណែក​អនុវត្តគោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ