ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT
កម្ពុជា

ក្រសួងអប់រំ ពន្យា​ពេល​មួយ​ថ្ងៃ ចំពោះ​ការ​ជ្រើស​រើស​និស្សិត​អាហារ​រូបករណ៍

media  
បេក្ខជនប្រលងសញ្ញាបត្របាក់ឌុប កំពុងពិនិត្យមើលលទ្ធផល។ @RFI

ក្រសួងអប់រំ យុវជន ​និងកីឡា បាន​ប្រកាស​ពន្យា​ពេល​មួយ​ថ្ងៃ ចំពោះ​ការ​ជ្រើស​រើស​និ​ស្សិត​​អាហារ​រូបករណ៍ ដែល​គ្រោង​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ នៅ​តាម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​សាធារណៈ និង​ឯកជន ចាប់​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៨​ខែ​កញ្ញា។ អ្វី​ជា​ការ​កត់​សម្គា​ល់​ ការ​ពន្យា​ពេល​របស់​ក្រសួង​អប់រំ​នៅ​ពេល​នេះ ទំនង​ជា​ឆ្លើយ​តប នឹង​សំណើ​សុំ​ពន្យា​ពេល​របស់ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា ផង​ដែរ។

 

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា​ លោក រស់ សុវាចា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​ពន្យា​ពេល​ជ្រើសរើស​និស្សិត​អាហាររូបករណ៍​ក្នុង​ឆ្នាំ​សិក្សា​​២០១៨​ ដល់​២០១៩ ដោយ​សារ ​ក្រសួង​អប់រំ​ទើប​តែ​បិទ​បញ្ចប់​ការ​ប្រកាស​លទ្ធ​ផល​​ប្រឡង​លើក​ទី២ ​កាល​ពី​ថ្ងៃ​ទី​១៥​កញ្ញា។ ដូច្នេះ​ទើប​ក្រុម​ការងារ​ក្រសួង​អប់រំ សម្រេ​ច​ពន្យា​ពេល​ មួយ​ថ្ងៃ​ដើម្បី​សម្រួល​ការងារ។ ក្រោយ​ការ​ពន្យា​ពេល​មួយ​ថ្ងៃ​ការ​ជ្រើ​ស​រើស​និស្សិត​អាហាររូបករណ៍ នឹង​ដំណើការ​ធម្មតា។ នេះ​បើ​តាម​លោក រស់ សុវាចា។

ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ក្រសួងអប់រំ លទ្ធផល​នៃ​ការ​ជ្រើស​រើស​និស្សិត​អាហារូបករណ៍ នឹង​បង្ហាញ​នៅ​តាម​វិទ្យាល័យ ដែល​មាន​បេក្ខជន​ជាប់​អាហា​រូបករណ៍ឬ​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ និង​ឯកជន ដែល​សាមី​ជន​បាន​ដាក់​ពាក្យ​ស្នើ​សុំ។ លទ្ធផល​នេះ ក៏​បង្ហាញ​ផង​ដែរ នៅ​គ្រប់​មន្ទីរ​អប់រំ ឬ​ក្នុង​ទំព័រ​ហ្វេសបុក​ផ្លូវការ​របស់​ក្រសួ​ង​។

គួរកត់សម្គាល់​ថា ការ​ពន្យា​ពេល​មួយ​ថ្ងៃ​ ជ្រើស​រើស​និស្សិត​អាហារ​រូបករណ៍​របស់​ក្រសួង​​អប់រំ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ កាល​ពី​ថ្ងៃទី​១២​ខែ​កញ្ញា បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​អប់រំ លោក ហង់ ជួនណារ៉ុន ពន្យា​ពេល​ដល់​ការប្រឡង​ជ្រើស​រើស​អាហារូបករណ៍ និង​ការ​ប្រឡង​ចូល​រៀន​តាម​សាកលវិទ្យា​ជា​ដើម។ មូល​ហេតុ​របស់​សមាគម កាលណោះ​ដោយ​សារ​តែ​មើល​ឃើញ​ពី​សន្ទុះ ​នៃ​ការ​តវ៉ា​របស់សិស្ស​លើ​មុខ​វិជ្ជា​​គណិត។

​អ្នកស្រី អ៊ុក ឆាយវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ស្វាគមន៍​ចំពោះ​សេចក្ដី​សម្រេច​​របស់​ក្រ​សួង​ក្នុង​ការ​ពន្យា​ពេល ទោះ​ជា​បី​ក្រសួង មិន​និយាយ​ឲ្យ​ចំ​ថា ការ​ពន្យា​ពេល​​របស់​ខ្លួន​ធ្វើ​តាម​សំណើ​របស់​សមាគម​ក៏​ដោយ។

ជាថ្មី​ទៀត ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​រូប​នេះ នៅ​តែ​ទទូច​ឲ្យ​ក្រសួង​អប់​រំ​បន្ត​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ ក្រោយ​ការ​ប្រកាស​លទ្ធផល​បាក់​ឌុប​ជា​លើ​ក​ទី​២​​នេះ រួមមានៈ ការ​ឡើង​ចុះ​នៃ​ពិន្ទុ នាំ​ឲ្យ​សិស្ស​ខ្លះ​ជាប់ និង​ធ្លាក់ ដោយ​សារភាព​មិន​សមា​មាត្រ​​នៃ​ពិន្ទុ រួម​នឹង​ករណី​សិស្ស​ពូកែ​រូបវិទ្យា​ទូទាំង​ខេត្ត​កំពង់ចាម​ទទួល​បាន​និទ្ទេ​ស ​F ​លើ​មុខ​វិទ្យា​រូប។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​បាន​គូស​បញ្ជាក់​ថា ក្រសួង​បាន​ទុក​ពេល​៣០​ថ្ងៃ​ក្រោយ​ការ​ប្រកា​ស​​លទ្ធផល​ជា​លើក​ទី២ ដើម្បី​ទទួល​ពាក្យ​បណ្ដឹង​របស់​សិស្សានុ​សិស្ស​ទាំង​ឡាយ ដែល​នៅ​តែ​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធ​ផល៕

 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ