អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រសួងមហាផ្ទៃ​បើក​ភ្លើង​ខៀវ​ឲ្យ​អង្គការ​សមធម៌​មាន​សកម្មភាព​ឡើង​វិញ

បន្ទាប់​ពី​ផ្អាក​សកម្មភាព​អង្គការ​សមធម៌​មួយ​រយៈ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង នៅ​ថ្ងៃ​ទី​២៣​កុម្ភៈ​ម្សិលមិញ បាន​សម្រេច​ឲ្យ​អង្គការ​មួយ​នេះ ដំណើរ​ការ ការងាររបស់​ខ្លួន​ឡើង​វិញ។ សេចក្ដី​សម្រេច​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ស ខេង និងលោក George Edgar អគ្គរដ្ឋ​ទូត​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ។

អង្គការសមធម៌
អង្គការសមធម៌ @facebook
ផ្សាយពាណិជ្ជកម្ម

ជំហរ​របស់​លោក George Edgar អគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា​នៅ​ចំពោះ​មុខលោក​ឧបនាយករដ្ឋមន្ត្រី ស ខេង គឺ​មិន​ចង់​ឲ្យ​អាជ្ញាធរ​កម្ពុជា​រារាំង​សកម្មភាព​ការ​ងាររបស់​អង្គការ​សមធម៌​ឡើយ។ សម្រាប់​លោក ស ខេង បើ​សិន​ជា​អង្គការ​សមធម៌​អនុវត្តតាមលក្ខន្តិកៈ និងច្បាប់ស្តីពី អង្គការ​និង​សមាគម​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​នោះ គឺមិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ ដូច្នេះ​អង្គការ​សមធម៌​អាច​ធ្វើ​សកម្មភាព​ស្រប​ច្បាប់របស់​ខ្លួនបាន ហើយ​ក្រសួង​នឹង​មិន​បិទ​នោះ​ទេ។ នេះ​បើ​តាម លោក ស ខេង ។

ជុំវិញ​សេចក្ដី​សម្រេច​នេះ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ព្រឹក​នេះ​ថា អង្គការ​សមធម៌​គឺជា​ដៃ​គូរ​ការងារ​ដ៏​ល្អ​នៅក្នុង​កិច្ចការ​ងារ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា ជាមួយ​ក្រសួង​ដែនដី​នគររូបនីយកម្មនិង​សំណង់។ បើតាមលោក ខៀវ សុភ័គ បច្ចុប្បន្ន​ក្រសួង​ដែន​ដី និង​អង្គការ​សមធម៌កំពុង​ធ្វើ​ការ​លើ​គម្រោង​ដោះស្រាយ​ដីធ្លី​ជាមួយ​គ្នា។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២៨​ខែ​កញ្ញា​ឆ្នាំ​២០១៧ បាន​ប្រកាស​ផ្អាកសកម្មភាព​របស់​អង្គការ​សមធម៌​កម្ពុជា​បណ្ដោះ​អាសន្ន ក្រោម​ហេតុផល​ថា អង្គការ​នេះធ្វើ​សកម្មភាព​ផ្ទុយ​ពី​ខ្លឹម​សារ​ច្បាប់​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ។ ភាព​ត្រឹមត្រូវ​ស្រប​ច្បាប់​ដែល​ក្រសួង​មហា​ផ្ទៃ​ចង់​ឲ្យ​ប្រធាន​អង្គការ​សមធម៌ប​ង្ហាញ​នោះគឺ លេខគណនេយ្យ​ធនាគារ​សម្រាប់​ប្រតិបត្តិការ និង​ផ្ដល់​របាយការណ៍​បូក​សរុប​សកម្មភាពការងារ ក៏​ដូច​ជា​របាយការណ៍​ហិរញ្ញវត្ថុ។ ក្រៅ​ពី​នោះ អង្គការនេះ​ក៏​ត្រូវ​ផ្ដល់​នូវ​របាយការណ៍​សកម្មភាព​របស់​អង្គការ ពាក់ព័ន្ធ​នឹង​ជម្លោះ​រវាង​ក្រុមហ៊ុន PHNOM PENH SUGER ដែល​ជា​ក្រុមហ៊ុន លោក​ឧកញ៉ាលី យ៉ុងផាត់ ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល និងប្រជាពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

កន្លង​មក​ក្រសួង​មហាផ្ទៃ​ធ្លាប់​បញ្ជាក់​ថា ការ​ផ្អាក​បណ្ដោះ​អាសន្ន សកម្មភាព​របស់​អង្គការ​សមធម៌​កម្ពុជា ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋជា​ជនជាតិ​ដើម​ភាគ​តិច​សួយ រស់​នៅ​ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៣០​ខែសីហា​ឆ្នាំ​២០១៧។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​នេះ ធ្លាប់បាន​ឡើង​មក​តវ៉ា​ដល់​ទី​ស្នាក់​ការ​អង្គការ​សមធម៌​កម្ពុជា​នៅ​ភ្នំពេញ ដោយ​បាន​ចោទ​អង្គការ​នេះ​ថា ញុះញង់​សហគមន៍​ដែល​មាន​ជម្លោះ​លើ​ដីធ្លី​ជាមួយ​លោកឧកញ៉ាលី យ៉ុងផាត់។ ប៉ុន្តែ​RFI មិន​ស្វែង​រក​ការ​បំភ្លឺ​ពី​តំណាង​អង្គការ​សមធម៌​បាន​នៅ​ឡើយ។ សមធម៌គឺ​ជា​អង្គការ​តស៊ូ​មតិ ការពារ​សិទ្ធិ​លំនៅឋាន ដីធ្លី​ និង​ធនធាន​ធម្មជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ