ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/05 12h00 GMT
កម្ពុជា

សិទ្ធិនារី៖ក្រសួង​យុត្តិធម៌​ពិនិត្យ​លទ្ធភាព​ឈាន​ទៅ​ដល់​ការ​ដោះលែង​និង​បន្ធូរបន្ថយ​ទណ្ឌិត​ជាស្ត្រី

media រូបភាព៖អ្នកទោសជាស្ត្រី @Internet

នៅ​ក្នុង​ឱកាស​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មិនា​នេះ ក្រសួងយុត្តិ​ធម៌នៅថ្ងៃទី៧មិនាម្សិលមិញ​បាន​ជួប​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ពិនិត្យ​លទ្ធភាព​ដើម្បី​ឈាន​ទៅ​ដោះលែង​និង​បន្ធូរ​ទោស​ទណ្ឌិត​ជាស្ត្រី នៅ​ថ្ងៃ​ខាង​មុខ។ សម្រាប់​សង្គម​ស៊ីវិល​លើក​ឡើង​ថា នេះ​ជា​ការ​ចាប់​ផ្ដើម​មួយ​ល្អ ប៉ុន្តែ​លទ្ធភាព​នៃ​ការ​ត្រួត​ពិនិត្យ​ដើម្បី​ឈាន​ទៅ​ដល់​ការ​ដោះលែង​និង​បន្ធូរ​បន្ថយ​ទោស ទណ្ឌិត​ជា​ស្ត្រី​គួរតែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ទៀង​ទាត់។

លោក នុត សវនា អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​វិទ្យុ​បារាំងនៅ​ថ្ងៃ​សុក្រ​នេះ​ថា គេ​នៅ​មិន​ទាន់​មាន​តួលេខ​ផ្លូវ​ការ​បញ្ជាក់​ពី​ការ​បន្ធូរ​បន្ថយ​នឹង​លើក​លែង​ទោ​ស​ទណ្ឌិត​ជា​ស្ត្រី​នៅ​ឡើយ​ទេ​គិត​មក​ដល់​ពេល​នេះ។ តែ​ក្នុង​ការ​ចូល​រួម​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មិនា​នេះ ភាគី​ពាក់ព័ន្ធ​បាន​យក​ឱកាស​នេះ ត្រួត​ពិនិត្យ​លទ្ធភាព​ជាក់​ស្ដែង​ដើម្បី​ឈានទៅ​ដល់​ការ​ដោះលែង និង​បន្ធូរ​បន្ថយ​ទោស​ទណ្ឌិត​ជា​ស្ត្រី សម្រាប់​ថ្ងៃ​បន្ត​បន្ទាប់។

ចំពោះ​អ្នកទោស ដែល​អាចមាន​អាទិភាព​ច្រើន ក្នុង​ទទួលបាន​ការលើកលែង​ទោស​នេះ គឺជា​ស្ត្រី​ពពោះ ស្ត្រី​ដែល​មានកូន​រស់នៅក្នុង​ពន្ធនាគារ ចាស់ជរា និង​អ្នក​ជាប់ពន្ធនាគារ ដែល​កំពុងមាន​ជំងឺ​ជាប់​ខ្លួន​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់លោក ជិន ម៉ា​លីន អ្នកនាំពាក្យក្រសួយុត្តិធម៌​។ គួរជម្រាប​ជូន​ថា បច្ចុប្បន្ន​អ្នក​ទោស​សរុប​មាន​ចំនួន​៣១២២៦​នាក់ ខណៈ​អ្នក​ទោស​ជា​ស្រ្តីមាន​ចំនួន​ប្រមាណ​២៥​១៤​នាក់​ភាគ​ច្រើ​ន​បណ្ដាល​មក​ពី​បទ​ល្មើស​គ្រឿង​ញៀន។

ជា​ការ​កត់​សម្គាល់ថា​ ការ​ត្រួត​ពិនិត្យ​ដើម្បី​ឈាន​ទៅ​ដល់​ការ​បន្ធូរ​បន្ថយ​និង​ដោះលែង​ស្ត្រី​នៅក្នុង​ឱកាស​សិទ្ធិ​នារី​អន្តរជាតិ​៨​មិនា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់​យោបល់​ថា ទណ្ឌិត​ជា​ស្ត្រី​គប្បី​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​សម្រាល​ទោស​ឬ​លើកលែង​ទោស ដោយ​មិន​ចាំ​បាច់​រង់​ចាំ ដល់​ពេល​បុណ្យ​ជាតិ​ធំៗ​នោះ​ទេ។

លោក សឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លើក​ឡើង​ថា ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធគារ​ដែល​មាន​កូន​តូច​នៅ​ជាមួយ គឺ​ជា​ផ្នែក​មួយ​ប៉ះពាល់​ដល់​ស្ត្រី​ផងដែរ​។ ដូច្នេះ​ប្រសិន​បើ​អ្នក​ទោស​ជា​ស្ត្រី​មួយ​ចំនួន​មាន​ទោស​ស្រាល​មិន​គួរ​ឃុំ​ខ្លួន​ឡើយ​ដោយគ្រាន់​តែ​ជំនួស​មក​វិញ​នូវ​ទោស​សហគម ឬ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ។

ដោយឡែក នៅ​ក្នុង​ការ​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ស្ត្រី​ជាប់​កំពុង​ជាប់​ឃុំ​លោក ហ៊ុន បាន​សម្រេច​​បង្កើត​ក្រុម​មេធាវី​ដើម្បី​ការ​ពារ​ក្ដី​ស្ត្រី​ក្រីក្រ កាល​ពី​ថ្ងៃ​ទី​៥ មីនា ក្នុង​ឱកាស​អញ្ជើញ​ ប្រា​រព្ធ​ទិវា​នារី​អន្តរ​ជាតិ​៨​មីនា៕

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ