អានតួអត្ថបទ
កម្ពុជា-សង្គម

ចូល​ឆ្នាំ​ចិន៖ អាជ្ញាធរ​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​៣០០​គ្រឿង​និង​កម្លាំង​អន្តរាគមន៍​ជាង​១​ពាន់​នាក់

អគ្គស្នងការ​នគរបាល​ជាតិ ត្រៀម​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​៣៣៨​គ្រឿង និង​កម្លាំង​អន្ត​រាគមន៍មានចំនួន​​១៣៣៩នាក់ នៅទូទាំង​ប្រទេស ដើម្បី​ត្រៀម​ឆ្លើយ​តប​ករណី​អគ្គិ​ភ័យ និង​បញ្ហា​ផ្សេង​ៗ​ដែលកើតឡើងក្នុង​​អំឡុង​ពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​វៀត​ណាម ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៧​ខែ​កុម្ភៈ។ បន្ថែមលើនេះ អាជ្ញាធរ​ក៏​បាន​អំពាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​សែ​ស្រឡាយ​ចិន​និង​វៀតណាម ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លើង​ធូប​និង​បណ្ដាញអគ្គិសនី​ជា​ដើម។

រូបថតតំណាងៈអគ្គិភ័យ​ដែល​បាន​ឆាប​ឆេះ​នៅ​ខណ្ឌ​សែន​សុខនៅ​ថ្ងៃ​ទី១៥​ខែ​មករា​ឆ្នាំ​២០១៧
រូបថតតំណាងៈអគ្គិភ័យ​ដែល​បាន​ឆាប​ឆេះ​នៅ​ខណ្ឌ​សែន​សុខនៅ​ថ្ងៃ​ទី១៥​ខែ​មករា​ឆ្នាំ​២០១៧ @ប៉ូលីសជាតិ
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​រថយន្ត​ពន្លត់​អគ្គិភ័យ​៣៣៨​គ្រឿង​ដែល​ត្រៀម​ប្រតិបត្តិ​ការ​ពន្លត់​អគ្គិភ័យ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូល​ឆ្នាំ​ចិន​ទូទាំង​ប្រទេស​នេះ គឺ​នៅ​រាជធានី​ភ្នំពេញ អាជ្ញាធរ​បាន​ដាក់​រថយន្ត​ពន្លត់​អគ្គិភ័យ​និង​រថយន្ត​សង្គ្រោះជិត​៤០​គ្រឿង​មក​ពី​គ្រប់​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ប្រតិបត្តិ​ការ​នៅ​គោល​ដៅ​ចំនួន​៨។ គោល​ដៅ​ចំនួន​៨​នោះ​រួមមាន ខណ្ឌ​ឬស្សី​កែវ ខណ្ឌទួលគោក ខណ្ឌដង្កោ​ ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌច្បារអំពៅ និង​នាយកដ្ឋាន​អង្គរក្ស​ជាដើម។

លោក នេត្រ វណ្ណថា ប្រធាន​នាយកដ្ឋាន​នគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃ​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យដឹង​ថា ការណ៍​ដែល​អាជ្ញាធរ​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ​ជិត​៤០​គ្រឿង​ប្រចាំ​ការ​នៅ​រាជធានី​ភ្នំពេញ ព្រោះ​រាជធានី​ភ្នំពេញ​ជា​កន្លែង​ប្រមូលផ្ដុំ សំបូរ​ទៅ​ដោយ​ពលរដ្ឋ​ខ្មែរ​ជាប់​សែ​ស្រឡាយ​ចិន ខណៈ​ដែល​រាល់​ឆ្នាំ​អគ្គិភ័យ​នៅភ្នំពេញ​កើត​ឡើង​ញឹក​ជាង​នៅ​តាម​បណ្ដា​ខេត្ត។

មូល​ហេតុ​ចំបង​ដែល​នាំ​ឲ្យ​អគ្គិភ័យ​កើត​ឡើង​មិន​ដែល​ខាន ក្នុង​ឱកាស​នៃ​ពិធី​សែន​ចូល​ឆ្នាំ​ចិន គឺ​ការ​ធ្វេសប្រហែស​របស់​ពលរដ្ឋ ដែល​សកម្មភាព​ទាំង​នោះ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ដុត​ធូប​ទៀន និង​ក្រដាស​សែន​ជា​ដើម។ ឆ្លៀត​ឱកាស​នេះ នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្រ្គោះ នៃ​ក្រសួង​មហាផ្ទៃ បាន​អំពាវនាវ​ឲ្យពលរដ្ឋ​និង​អាជីវករ កុំ​ប្រើប្រាស់​និង​លក់​សាធាតុ​ផ្ទុះ ដែល​អាច​បង្ក​គ្រោះ​អគ្គិភ័យ។

ជាមួយ​គ្នា​នេះ សាលា​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ពលរដ្ឋ មិន​ត្រូវ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ ព្រម​ទាំង​មិន​ឲ្យ​លេង​ល្បែង​ស៊ីសង​។ ដោយ​ឡែក រាល់​ការ​ហែ​ក្បួន​ផ្សេង​ៗ ទាំង​បែប​សាសនា​ឬ​ប្រពៃណី​ដែល​គ្មាន​ការ​អនុញ្ញាត ក៏​ត្រូវ​បាន​ហាម​ឃាត់​ផង​ដែរ​។

សូមជម្រាបថា ៣​ឆ្នាំ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ដោយ​រាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​ដល់​២០១៨ ​អគ្គិភ័យកើត​ឡើង​ជិត​៦០​លើក​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​មិន​មាន​មនុស្ស​ស្លាប់​ឡើយ។ ដោយ​ឡែក​សម្រាប់​រយៈ​ពេល​១​ខែដើម​ឆ្នាំ​២០១៩​នេះ អគ្គិភ័យ​ទូទាំង​ប្រទេស​កើត​ឡើង​៥០​លើក បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​បាន​ស្លាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ