ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/09 12h00 GMT
កម្ពុជា

រថយន្តក្រុង​មិន​គិត​ថ្លៃ​នឹង​ដឹក​ពលរដ្ឋ​ពី​ខេត្ត​វិញ​រហូត​ដល់​ថ្ងៃ​ទី​១៨​

media  
ប្រជាពលរដ្ឋ ធ្វើដំណើរទៅស្រុកកំណើត តាមរយៈរថយន្តក្រុងឥតគិតថ្លៃដែលអាជ្ញាធរផ្តល់ជូន នាឱកាសបុណ្យចូលឆ្នាំខ្មែរ។ @FB/រដ្ឋបាលរាជធានីភ្នំពេញ

រថយន្ត​ក្រុង​របស់​សាលារាជធានី​ភ្នំពេញ​នឹង​ដឹក​ពលរដ្ឋ​ត្រឡប់​មក​ពី​ខេត្ត​វិញ​រហូត​ដល់​ថ្ងៃទី១៨​ខែ​មេសា​នេះ ពោល​បន្ទាប់​ពី​ចូល​ឆ្នាំ​រួច។ ​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ក៏​អាច​ជិះរ​ថយន្ត​ក្រុង​មិន​គិត​ថ្លៃ​នេះ​ មកពី​តាម​បណ្តាខេត្ត​ត្រឡប់​ចូល​មក​រាជធានី​ភ្នំពេញ​វិញ​បាន ​ដោយ​ត្រូវ​រង់ចាំ​នៅ​តាម​ចំណត​រថយន្ត​របស់​ខេត្ត​នីមួយៗ ដែល​ឆ្លងកាត់​ផ្លូវជាតិ​ចំនួន​៥​ខ្សែ។  

ផ្លូវជាតិ​ចំនួន​៥​ខ្សែ​ដែល​រថយន្តក្រុង​ដឹក​ប្រជាពលរដ្ឋ​មិន​គិត​ថ្លៃរយៈ​ពេល​៨ថ្ងៃ​ ឆ្លង​កាត់​នោះ គឺ​មាន​ផ្លូវ​ជាតិ​លេខ​១ ភ្នំពេញ ព្រៃវែង ស្វាយរៀង។ ផ្លូវ​ជាតិ​លេខ​៣​ ភ្នំពេញ តាកែវ កំពត និង​កែប​។ ផ្លូវជាតិ​លេខ៤​ ភ្នំពេញ កំពង់ស្ពឺ និង​ខេត្តព្រះសីហនុ​។ ផ្លូវ​ជាតិ​លេខ​៥​ ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់​ដំបង និង​បន្ទាយមានជ័យ និង​ផ្លូវជាតិ​លេខ​៦ ភ្នំពេញ កំពង់ធំ សៀមរាប។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា រថយន្ត​ក្រុង​ជិះ​មិន​គិត​ថ្លៃ​នេះ ដឹក​ប្រជាពលរដ្ឋ​ទាំង​ទៅ​និង​ត្រឡប់​មក​ពី​ខេត្ត​វិញ។ ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​ខេត្ត​វិញ​គឺ​ត្រូវ​មក​រង់ចាំ​នៅ​តាម​ចំណត​រថយន្ត​នៅ​តាម​បណ្តា​ខេត្ត​នីមួយ។

បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល ក្នុង​មួយ​ថ្ងៃ​ រថយន្ត​ក្រុង​នេះ​បាន​ដឹក​ប្រជាពលរដ្ឋ​ចន្លោះ​ពី​៦០​ទៅ​៧០​ជើង មាន​ន័យថា ខេត្ត​ដែល​ជិតៗ​ រថយន្ត​នេះ អាច​រត់​បាន​ពីរ​ជើង​ក្នុង​មួយ​ថ្ងៃ ដែល​ជា​មធ្យម​អាច​ដឹក​មនុស្ស​បាន​ពី​៤៥​ទៅ​៥០នាក់ ក្នុង​មួយ​គ្រឿង។ ដូច្នេះ​ក្នុង​រយៈ​ពេល៨​ថ្ងៃ​ដែល​រថយន្ត​ក្រុង​ចំនួន​៦០​គ្រឿង​ដឹក​មនុស្ស​មិន​គិត​ថ្លៃ​អំឡុង​ពេល​ចូល​ឆ្នាំ​នេះ គឺ​អាច​ដឹក​ប្រជាពលរដ្ឋ​បាន​ជាង​២៥០០០​នាក់​។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​រដ្ឋាភិបាល​បាន​បញ្ចេញ​រថយន្ត​របស់​រដ្ឋ​ដឹក​ប្រជាពលរដ្ឋ​ទៅ​តាម​បណ្តា​ខេត្ត​ដោយ​មិន​គិត​ថ្លៃអំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នោះ។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ក៏​មាន​ការ​រិះ​គន់​ផង​ដែរ​ទៅ​លើ​អ្នកជិះ​រថយន្ត​ក្រុង​មិន​គិត​ថ្លៃ​នេះ​មួយ​ចំនួន​ ដែល​បោះចោល​សំរាម​ ពាសពេញ​រថយន្តក្រុង​នេះ​តែ​ម្តង​។ ប៉ុន្តែ​បើតាម​អាជ្ញាធរ គឺ​មាន​ពលរដ្ឋ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​ចោល​សំរាម​គ្មាន​សណ្តាប់​ធ្នាប់​បែប​នេះ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ