អានតួអត្ថបទ
កម្ពុជា-ច្បាប់

រដ្ឋាភិបាល​កម្ពុជា តម្រូវ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ ផ្តល់​គណនី​របស់​ជនជាតិ​អាមេរិក

រដ្ឋាភិបាល​កម្ពុជា បាន​តម្រូវ​ឲ្យ ធនាគារ សហគ្រាស​ធានារ៉ាប់រង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ នៅ​កម្ពុជា ត្រូវ​បញ្ជូន​ព័ត៌មាន អំពី​គណនី​ជនជាតិ​អាមេរិក​នៅ​កម្ពុជា មក​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៩ ខែ​មីថុនា ឆ្នាំ​២០១៨​ជា​កំហិត។ ការ​តម្រូវ​បែប​នេះ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​សហ​រដ្ឋអាមេរិក​ក្នុង​ការ​តម្រូវ​ឲ្យ​ពលរដ្ឋ​ខ្លួន​បង់​ពន្ធចូល​រដ្ឋ។   

អគ្គនាយកដ្ឋាន​ពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋាន​ពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ©ABC Radio Australia
ផ្សាយពាណិជ្ជកម្ម

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា កាល​ពីថ្ងៃទី៣ ខែ​មេសា ការ​បញ្ជូន​នេះ​ធ្វើ​ឡើង​តាម​កិច្ច​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អនុលោមភាព​ពន្ធអន្តរ​ជាតិ និង​ដើម្បី​អនុវត្ត​ច្បាប់​ស្តី​អនុលោមភាព​ពន្ធ​ចំពោះ​គណនី​ក្រៅ​ប្រទេស​អាមេរិក (FATCA)។ ព័ត៌មាន​គណនី​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ នឹង​ត្រូវ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា បញ្ជូន​បន្ត​ទៅអាជ្ញាធរ​ចំណូល​ក្នុង​សុ្រក​អាមេរិក។

លោក​ស្រី ប៊ុន នារី អគ្គនាយិការង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា តាម​រយៈកិច្ច​ព្រម​ព្រៀង​ជា​មួយ​រដ្ឋាភិបាល​អាមេរិក ប្រទេស​នីមួយ​ៗ​ត្រូវ​បញ្ជូន​ព័ត៌មាន​គណនី​របស់​ជន​ជាតិ​អាមេរិក​តាម​ប្រទេស​ទាំង​នោះ ​ទៅ​កាន់​រដ្ឋាភិបាល​អាមេរិក ក្នុង​គោល​បំណង​ពន្ធដារ​របស់​អាមេរិក​។ លោក​ស្រី​បន្ថែម​ថា សម្រាប់​រដ្ឋាភិបាល​កម្ពុជា នេះ​គឺ​ជា​កិច្ច​សហប្រតិបត្តិការ ដែល​មិន​មាន​ប្រយោជន៍ ឬ​ចំណូល​អ្វី​ដល់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ជា​ការ​ជួយ​រដ្ឋាភិបាល​អាមេរិក​។

សេច​ក្តី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា បញ្ជាក់​ថា ក្នុង​ករណី​ហួស​កាល​កំណត់​ខាង​លើ​នេះ​ ធនាគារ សហ​គ្រាស​ធានា​រ៉ាប់រង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ស្ថិត​នៅ​ក្រោម​កាតព្វ​កិច្ចរាយ​ការណ៍​អនុលោក​តាម​កិច្ច​ព្រម​ព្រៀង ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​ចំពោះ​ការ​ពិន័យ​នានា។

នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ឆ្នាំ​២០១៧​ មាន​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ចំនួន​១១៧ ដែល​ត្រូវ​រាយការណ៍​ពី​ព័ត៌មាន​គណនី​ជនជាតិ​អាមេរិក​មក​អគ្គនាយកដ្ឋាន​ពន្ធដារ​។ នេះ​បើ​តាម​គេហទំព័រ​ស្តីពី​កិច្ច​ព្រមព្រៀង​ខាង​លើ។​

សូម​ជម្រាប​ជូន​ថា រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​អនុលោមភាព​ពន្ធអន្តរ​ជាតិ និង​ដើម្បី​អនុវត្ត​ច្បាប់​ស្តី​ពី​អនុលោម​ភាព​ពន្ធ​ចំពោះ​គណនី​ក្រៅ​ប្រទេស​របស់​អាមេរិក កាល​ពីថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ២០១៥​កន្លង​ទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ