អានតួអត្ថបទ
កម្ពុជា-រដ្ឋសភា

លោក ​ឡេង ​ប៉េងឡុង​ ថា​សភា​កម្ពុជា​នឹង​តវ៉ា​ចំពោះ​ការ​អញ្ជើញ ​លោក ​សម​ រង្ស៊ី​ ចូល​ប្រ​ជុំ​អន្តរ​សភា​ IPU​

គណៈ​ប្រតិ​ភូ​សភា​កម្ពុជា​ដឹកនាំ​ដោយ​លោក​ស្រី ​ឃួន​ សុដារី ​កំពុង​តែ​ចូល​រួម​មហា​សន្និ​បាត​សហភាព​​អន្តរសភា​ហៅកាត់​ថា​IPU​នៅ​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ចាប់​ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៨​ខែ​តុលានេះ​។​ ជា​មួយ​គ្នា​នេះ ​លោក​ សម​ រង្ស៊ី ​អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា ​ក៏​ត្រូវ​គេ​អះ​អាងថា​ ត្រូវ​បាន​ប្រធាន​សហ​ភាព​​អន្តរ​សភា​ IPU​ អញ្ជើញ​ឲ្យ​ចូល​រួម​ផង​ដែរ​។​ ប៉ុន្តែ ​លោក ​ឡេង ​ប៉េងឡុង អ្នក​នាំ ​ពាក្យ​រដ្ឋសភា​ខ្មែរ​ បាន​អះអាង​ថា ​គណៈ​ប្រតិ​ភូ​សភា​កម្ពុជា​នឹង​តវ៉ា​ចំពោះ​ការ​អញ្ជើញនេះ។

សហភាព​អន្តរសភា ឬ ហៅ​កាត់​ថា IPU
សហភាព​អន្តរសភា ឬ ហៅ​កាត់​ថា IPU @សហការី
ផ្សាយពាណិជ្ជកម្ម

លោក​ ឡេង ​ប៉េងឡុង​ អ្នក​នាំ​ពាក្យ​រដ្ឋសភា​ខ្មែរ បាន​អះអាង​ថា ​ការ​ដែល​ប្រធាន​សហ​ភាព​​​អន្តរ​​សភា​អញ្ជើញ ​លោក ​សម​ រង្ស៊ី ​​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី​១៣៩​ របស់​IPU ​នៅទី​ក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស ​គឺ​ជា​រឿង​ខុស​ច្បាប់​។​ ខុស​ច្បាប់​ដែល លោក​ ឡេង​ ប៉េងឡុង​ សំដៅ​ដល់​ច្បាប់​របស់​ប្រទេស​កម្ពុជា ​ដែល​ចាត់​ទុក​លោក​ សម​ រង្ស៊ី ​ថា​ជា​ទណ្ឌិត​ និង​ មិន​មែន​ជា​តំណាង​រាស្ត្រ​ទៀត​ឡើយ​។​

បើ​តាម​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​រូប​នេះ ​គណៈ​ប្រតិ​ភូស​ភាកម្ពុជា​ដែល​មាន​លោក​ស្រី ​ឃួន ​សុដារី និង​ លោក​ ឈាង​ វុន ​ទៅ​ចូល​រួម​នោះ នឹង​ធ្វើ​ការ​តវ៉ា​ចំពោះ​ការ​អញ្ជើញ ​លោក ​សម​ រង្ស៊ី ​ចូល​រួម​ប្រជុំ​IPU​នេះ ​ដូច​គ្នា​នឹង​ករណី​ដែល​ លោក​ ឈាង​ វុន​ បណ្តេញ ​លោកស្រី​ មូរ ​សុខហួរ ​ចេញ​ពី​កិច្ច​ប្រជុំ​ភាព​ជា​ដៃ​គូ​នៃ​សភា​អាស៊ី​ អឺរ៉ុប​ កាល​ពី​ចុង​ខែ​កញ្ញា​នោះ​ដែរ​។

​ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ តាម​រយៈ​អ៊ីម៉ែល ​លោក ​សម​ រង្ស៊ី ​បានបញ្ជាក់​ថា​ពេល​នេះ​លោក​កំពុង​នៅ​ទី​ក្រុង ហ្សឺណែវ ​ដើម្បី​តាម​ដាន​ការ​ងារ​របស់ ​IPU​។ ​លោក​អះអាង​ថា​លោក​ជួប​មេ​ដឹក​នាំ ​សភា ​IPU​ ដើម្បី​បង្ហាញ​ប្រាប់​គេ​ពី​ស្ថាន​ការណ៍ប្រទេស​កម្ពុជា​ និង​ ប្រាប់គេ​ពី​ករណី​តំណាង​រាស្ត្រ​កម្ពុជា​ ដែល​សិទ្ធិ​របស់​ពួកគេ​ ត្រូវ​បានរំលោភ​ ដោយ​រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ​ ដែល​ពេល​នេះ​តំណាង​ដោយ​រដ្ឋសភា​ក្លែង​ក្លាយ ​និង​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​។

រី​ឯ​ករណី​គណៈ​ប្រតិ​ភូ​សភា​កម្ពុជា​ថា​នឹង​តវ៉ា​ចំពោះ​ការ​អញ្ជើញ​ លោក ​សម ​រង្ស៊ី ​ឲ្យ​ចូល​រួម​ប្រជុំ​IPU​ ដែរ​នោះ ​លោក​ សម​ រង្ស៊ី ​បាន​ឆ្លើយ​តប​ថា ​IPU ​មាន​សិទ្ធិ​អំណាច​ក្នុង​ការសម្រេច​ គ្មាន​អ្នក​ណា ​មក​បង្គាប់​បញ្ជា​បាន​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ