អានតួអត្ថបទ
កម្ពុជា-នយោបាយ

ជប៉ុន​ ចោទ​សួរ​ ​លោក ​ហ៊ុន​ សែន​ ពី​លទ្ធភាព​ចរចា​ជា​មួយ​អតីត​បក្ស​ប្រឆាំង​

ទីប្រឹក្សា​នាយក​រដ្ឋមន្រ្ដី​ជប៉ុន​ កាល​ពី​ម្សិលមិញ​នេះ ​បាន​ចោទ​សួរ​ត្រង់ៗ​នៅ​ចំពោះ​មុខ​​ប្រមុខ​​រដ្ឋាភិបាល​កម្ពុជា​ អំពី​លទ្ធភាព​​នៃ​ការ​​ចរចា​ ឬ​កិច្ច​សន្ទនា​ផ្នែក​​នយោបាយ​​ជា​មួយ​អតីត​​គណបក្ស​សង្រ្គោះជាតិ​។ ​ជា​ការ​​ឆ្លើយតប​លោក​​នាយក​​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​លើក​​ឡើង​ថា ​លោក​​បរាជ័យ​ម្តង​ហើយ​ម្ដង​​ទៀត​ ក្នុង​​ការ​​ប្រើ​​ប្រាស់​​វប្បធម៌​សន្ទនា​ជាមួយ​​លោក​ សម​ រង្ស៊ី​។ ​យ៉ាង​​ណា​​ក៏​ដោយ​ អ្នកវិភាគ​នៅតែ​មាន​សុទិដ្ឋិនិយម​ថា​​ ប្រទេស​ជប៉ុន​ អាច​​​មាន​តួនាទី​​សំខាន់​​ក្នុង​​ការ​រក​​ដំណោះ​ស្រាយ​​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ ខណៈ​ជប៉ុន​មិន​បាន​​ដក​ជំនួយ​ពី ​គ.ជ.ប ​ដូច​​បណ្ដា​​ប្រទេស​​នានា​​នោះ​​។​

ជំនួបរវាង លោក ហ៊ុន សែន និង​លោក​​Kentaro Sonoura
ជំនួបរវាង លោក ហ៊ុន សែន និង​លោក​​Kentaro Sonoura @សហការី
ផ្សាយពាណិជ្ជកម្ម

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម និង​ជាអ្នកវិភាគ​នយោបាយ​ផងនោះ យល់​ឃើញថា ភាព​ស្ងាត់ស្ងៀម​របស់​ប្រទេសជប៉ុន​តាំងពី​ដើម​មកចំពោះ​បញ្ហានយោបាយ​កម្ពុជា ហើយ​​នៅតែ​បន្តជួយ​ដល់​ គ.ជ.ប​ ទៀត​នោះ អាច​ជា​ឱកាស​ឲ្យ​ប្រទេស​នេះ បំពេញ​តួនាទី​សំខាន់ ​ក្នុងការ​​រក​ច្រកចេញ​សម្រាប់​ស្ថានការ​ណ៍​​​នយោបាយ​កម្ពុជា។​​

បើតាមលោក មាស នី រដ្ឋាភិបាលកម្ពុជា អាចមានការទុក​ចិត្តច្រើន​ទៅ​លើ​ប្រទេស​ជប៉ុន ​ក្នុង​ការ​ដើរតួនាទីជាអាជ្ញាកណ្តាលដែលអព្យាក្រឹត។ លោកថា ការ​ដាក់​សម្ពាធលើ​រដ្ឋាភិបាលកម្ពុជាពី​សំណាក់​​ប្រទេសជាច្រើន​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​​ គឺប្រៀប​បី​ដូចជា​ការ​រុញ​បញ្ហា​ខ្ទប់​ជញ្ជាំង ដែលពិបាកស្វែងរក​ដំណោះស្រាយ​។ ​ប៉ុន្តែ​នៅពេល​ជប៉ុនដែល​​ប្រើ​នយោបាយ​ការទូត​ទន់​ភ្លន់​ជាអ្នកចេញមុខ​ នោះគេ​​ទំនងជា​អាច​​ស្វែង​រក​ដំណោះស្រាយ​ដែលអាច​​ទទួល​យកបាន​សម្រាប់​ភាគី​ទាំងសងខាង។ នេះបើតាម​អ្នកវិភាគដដែល។

សូមជម្រាបថា ទីប្រឹក្សានាយករដ្ឋមន្រ្ដីជប៉ុន បានចោទសួរប្រមុខ​រដ្ឋាភិបាលកម្ពុជា អំពីលទ្ធភាពចរចា ជាមួយអ្នកនយោបាយ​អតីតគណបក្សសង្រ្គោះជាតិ ខណៈលោក Kentaro Sonoura បានជួបសវនាការជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៣ ខែមីនា ។ នេះបើតាមអ្វី​ដែល​លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនោះ។

បើតាម លោក ស្រ៊ី ថាមរ៉ុង្គ លោក ហ៊ុន សែន បានឆ្លើយ​តប​ទៅសមភាគីជប៉ុនថា លោកបានទទួលបរាជ័យក្នុងការបង្កើតវប្បធម៌សន្ទនាជាមួយលោក សម រង្ស៊ី។ លោក សម រង្ស៊ី ដែលកាលពីដើមខែមីនានេះ ប្រកាសចង់ឲ្យមានការចរចានយោបាយជាមួយ​លោក ហ៊ុន សែន ដើម្បី​ដោះស្រាយបញ្ហានយោបាយកម្ពុជា​បច្ចុប្បន្ន។ ក៏ប៉ុន្តែ​លោក ហ៊ុន សែន បានប្រកាសបិទផ្លូវចរចា​ទាំងស្រុងជាមួយអតីតបក្សប្រឆាំង បន្ទាប់ពីមានបាតុកម្ម​ដោយ​ដុតរូបទីងមោង​តំណាងរូបលោកនៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១៥និង១៦​ខែមីនានេះ។

គួរបញ្ជាក់ដែរថា នៅ​ថ្ងៃ​ទី​ ២១​មីនា ប្រទេស​នូវែលហ្សេឡង់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ តំណាង​ឲ្យ​ ៤៥​ប្រទេស បានស្នើឲ្យដោះលែង លោក កឹម សុខា និង​អនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិដំណើការឡើងវិញ។

សេចក្តី​ថ្លែងការណ៍​ដដែល បញ្ជាក់​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក ដូច​ជា​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​រឹត​ត្បិត​សេរី​ភាព​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​សារព័ត៌មាន​នៅ​កម្ពុជា គឺ​ជា​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ការ​អនុវត្ត​សិទ្ធិ​មនុស្ស។ ប៉ុន្តែ ស្ថានឯក​អគ្គរដ្ឋ​ទូត​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ចាត់​ទុក​ការ​ព្រួយ​បារម្ភ​នេះ​ថា ជា​រឿង​អយុត្តិធម៌​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ