អានតួអត្ថបទ
កម្ពុជា-ច្បាប់

ខួប​២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់ លោក កែម ឡី៖ ខ្មែរ​អូស្រ្តាលី​អំពាវនាវ​ឲ្យ​ចង​ចាំ

សមាគម​ខ្មែរ​នៅ​ប្រទេស​អូស្រ្តាលី​រួម​នឹង​ភរិយាសព លោក កែម ឡី អ្នកស្រី ប៊ូ រចនាបាន​រៀបចំ​ពិធី​បុណ្យ​ខួប​២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់ លោក​បណ្ឌិត កែម ឡី នៅថ្ងៃទី៧​ខែកក្កដា​នេះ។ ពិធី​នេះ រៀបចំ​ធ្វើ​នៅ​វត្ត​ពុទ្ធ​រង្សី​ម៉ែល​ប៊ន ប្រទស​អូស្ត្រាលី​។ នៅ​ក្នុង​ពិធី​នេះ ខ្មែរ​អូស្រ្តាលី អំពាវនាវ​ឲ្យ​ពលរដ្ឋខ្មែរ​ចង​ចាំ​ហេតុការណ៍​បាញ់​សម្លាប់ លោក កែម ឡី ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

លោកបណ្ឌិត កែម ឡី កាលនៅរស់
លោកបណ្ឌិត កែម ឡី កាលនៅរស់ @RFI
ផ្សាយពាណិជ្ជកម្ម

ការ​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោកបណ្ឌិត កែម ឡី អ្នក​វិភាគ​បញ្ហា​សង្គម​នៅថ្ងៃ​ទី​៧​ខែ​កក្កដា​នេះ ប្រារព្ធ​ឡើង​មុន​៣​ថ្ងៃ នៃ​ហេតុការណ៍​បាញ់​សម្លាប់​លោក កែម ឡី នៅ​ថ្ងៃទី​​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច​។ នៅ​ក្នុង​ពិធី​នេះ អ្នក​ចូល​រួម​ជា​អាថិ៍៖ លោក ហុង លឹម តំណាង​រាស្រ្ត​អូស្ត្រាលី​ដើម​កំណើត​​ខ្មែរ​ប្រចាំរដ្ឋ Victoria និងអ្នកស្រី ប៊ូ រចនា ជាដើម បាន​រម្លឹក​វីរភាព​លោក កែម ឡី និង​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋខ្មែរ​ចងចាំ​ហេតុការ​ណ៍​បា​ញ់​សម្លាប់ លោក កែម ឡី។

លោក ហុង លឹម បាន​ចាត់​ទុក​លោក កែម ឡី ជា​ទ្រព្យ​សម្បត្តិ​ដ៏​កម្រ​សម្រាប់​ខ្មែរ នៅក្នុង​ការ​ទាមទារ​យុត្តិធម៌​សង្គម។ ហើយ​លោក កែម ឡី សម​ជា​បុគ្គល​នាយករដ្ឋមន្ត្រី ព្រោះ​ជា​និមិត្ត​រូប​នៃ​ការ​តស៊ូ។ ចំណែក​អ្នក​ស្រី ប៊ូ រចនា ភរិយាសព​លោក កែម ឡី បាន​រៀប​រាប់​​ទាំង​អួល​ដើម​ក ដោយ​ប្រកាស​ចែក​រំលែក​ថវិកា​៤០​ភាគរយ​ក្នុង​ចំណោម​បច្ច័យទទួល​បាន​ជាង​៩០០០​ដុល្លារ ក្នុង​ពិធី​ខួប​២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី ដល់ពលរដ្ឋ​ខ្មែរ​ដែល​ជា​យុវជន​តស៊ូ​មតិ និង​ពលរដ្ឋរង​គ្រោះ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គួរសម្គាល់ថា ការ​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី នៅ​ប្រទេស​អូស្ត្រា​លី ​ប្រារព្ធ​ឡើង​ស្រប​ពេល​បណ្ដា​គណបក្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ប្រារព្ធ​យុទ្ធ​នាការ​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៧​ខែ​កក្កដា​នេះ។

ទាញ​ភ្ជាប់​នឹង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ថ្ងៃ​ទី​៧​ខែ​កក្កដា​នេះដែរ លោក ហុង លឹម តំណាង​រាស្រ្ត​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំរដ្ឋ Victoria បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​បោះឆ្នោត តាម​រយៈ​ម្រាម​ដៃ​ស្អាត ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។ រដ្ឋាភិបាលកម្ពុជា​ដែល​ត្រូវ​បាន​លោក ហុង លឹម អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា មាន​ជាប់​ទាក់​ទងនឹង​ការ​សម្លាប់​របស់​លោក កែម ឡី ។

ដោយឡែក ទាក់ទង​បច្ចុប្បន្ន​ភាព​នៃ​សំណុំ​រឿង​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​ឃាតករ​ឈ្មោះ អឿត អាង ឬជួប សម្លាប់ បាន​ប្តឹង​សារទុក្ខ​ទៅ​កាន់​តុលាការកំពូល​កាល​ពី​ខែ​មិថុនា ដើម្បី​បន្ថូរ​បន្ថយ​ទោស បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​តំកល់​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទា​ទោស​ឈ្មោះ អឿត អាង ឬ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ចំពោះ​ករណី​ឃាតកម្ម​សម្លាប់​លោក​បណ្ឌិត​ កែម ឡី៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ