អានតួអត្ថបទ
កម្ពុជា-ច្បាប់

សង្គម​ស៊ីវិល​នាំ​គ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី ដល់​កន្លែង​គេ​បាញ់​សម្លាប់

មួយ​ថ្ងៃ​មុន​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់ លោកបណ្ឌិតកែម ឡី នៅ​ព្រឹក​ថ្ងៃ​អាទិត្យទី​៩​កក្កដា​នេះ ក្រុមអង្គការ សង្គមស៊ីវិល សហជីព និង​ក្រុមយុវជន មួយ​ចំនួន បាន​នាំ​គ្នា​ទៅគោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី នៅ​ស្តាម៉ាត់​ស្តុបបូកគោ​ជាទី​ដែល​ខ្មាន់​កាំ​ភ្លើង​បាញ់សម្លាប់​លោក​នៅ​ទី​នោះ។ តែ​យ៉ាង​ណា​ក៏​ដោយ កម្លាំង​សន្តិសុខ​ខណ្ឌ​ចំការ​មន​បានរារាំង​មិន​ឲ្យ​ការ​គោរព​វិញ្ញាណក្ខន្ធ​ធ្វើ​លើស​ពេល​២០​នាទី​ឡើយ។

រូបថត​លោក ​កែម ឡី ​តំណាងឲ្យការជួបជុំថ្ងៃនេះ
រូបថត​លោក ​កែម ឡី ​តំណាងឲ្យការជួបជុំថ្ងៃនេះ @Heam Chetra
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ពេល​គោរពវិញ្ញាណក្ខន្ធ​នោះ​មាន​ការ​ទាស់​ពាក្យ​សម្ដី​គ្នា​រវាង​អ្នក​ចូល​រួម​និងកម្លាំង​សន្តិសុខ​ខណ្ឌចំការ​មន តែ​មិន​បាន​ឈាន​ដល់​ការ​ប្រើ​ហិង្សា​នោះ​ទេ។ ភាគី​ទាំងពីរ​បាន​លើក​ហេតុ​ផល​ត្រូវ​រៀង​ខ្លួន។ ចំពោះ​អាជ្ញាធរ​ដែល​មាន​គ្នា​ប្រហែល​៣០​នាក់​ថា ការ​គោរពវិញ្ញាណក្ខន្ធ លោក កែម ឡី ដោយ​មាន​ការ​ដាក់​កម្រង​ផ្កា និង​រូបថត​នេះ ជា​សក​ម្មភាព​ខុស​ច្បាប់​គ្មាន​ការ​អនុញ្ញាតពី​សាលា​ក្រុង​ភ្នំពេញ។​ ហើយ​ថា ប្រសិន​បើសកម្មភាព​ថ្ងៃ​នេះ​មាន​ការ​ជូន​ដំណឹង​មុន​ទៅ​សាលា​ក្រុង​នោះ​អាជ្ញាធរ និង​ជួយ​សម្របសម្រួល ឬ​ការពារ​ថែម​ទៀត​ផង។

ចំណែក​ខាង​សហជីព​អះអាង​ថា អ្វី​ដែល​ខ្លួន​កំពុង​តែ​ធ្វើ​នៅ​ពេល​នេះ មិន​មែន​ជា​រឿងខុស​ច្បាប់​ទេ​ដោយ​គ្រាន់​តែ​ដាក់​ផ្កា និង​រូប​ថត​នោះ ព្រោះ​នេះ​គ្រាន់​តែ​ជា​ការ​គោរពវិញ្ញាណក្ខន្ធ​ក្នុង​ន័យ​បែប​សាសនា​ប៉ុណ្ណោះ។ ខុស​ច្បាប់​លុះ​ត្រា​តែ​មាន​ការ​កាន់​កាប់​អាវុធ​មក​ជាមួយ។

អ្នកស្រី អ៊ូ ទេពផល្លីន មន្ត្រី​សហព័ន្ធ​សហជីព​កម្មករ និង​សេវាកម្ម​កម្ពុជា បាន​ហៅ​ការ​រារាំង​​របស់​អាជ្ញាធរ​ជា​ទង្វើ មួយ​ហួស​ហេតុ​ព្រោះ​ខាង​ក្រុម​ហ៊ុន​កាល់​តិច​បាន​អនុញ្ញាត្ត​ឲ្យ​មាន​ដាក់​កម្រង​ផ្កា ឬ​រូប​ថត​នៅ​កន្លែង​គេ​បាញ់​សម្លាប់ លោកកែម ឡី នេះ​ហើយ។ ​តាម​គម្រោង សហជីព​បំរុង​ដាក់​រូប​ថត​លោក កែម ឡី មួយ​ថ្ងៃ​មួយ​យប់​នៅ​ក្នុង​ស្តាម៉ាត់នេះ​តែម្ដង​ តែ​តំណាង​ក្រុម​សន្តិសុខ​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​គូស​បញ្ជាក់​ថា មិន​មែន​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​គោរព​​វិញ្ញាណក្ខន្ធ​នោះ​ទេ​គឺសកម្មភាព​នេះ​អាច​ធ្វើ​បាន​ត្រឹម​រយៈ​ពេល​មួយ​ខ្លី​ប៉ុណ្ណោះ ចាប់​ពី​១៥​ទៅ​២០​នាទី។ ​

ដោយ​ឡែក​ទាក់​ទង​ពិធី​បុណ្យ​ខួប​១​ឆ្នាំ​របស់ លោក កែម ឡី នៅ​ឯ​ស្រុក​កំណើត​វិញ​គិតរហូត​មក​ដល់​រសៀល​នេះ​ចំនួន​អ្នក​ចូល​រួម​ប្រហែល​ជា​៥០០​នាក់​មក​ពី​ខេត្ត​ផ្សេងៗ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក កែម រិទ្ធីសិទ្ធិ ប្អូន​ប្រុស​លោក​កែម ឡី។ លោកបន្ថែម​ថា នៅ​ថ្ងៃ​ស្អែក​ដែល​ជា​ថ្ងៃ​បង្ហើយ​បុណ្យ​នឹង​មាន​ការ​រាប់​បាត្រ​ព្រះសង្ឃ​៥១​អង្គ​ឲ្យ​ត្រូវ​នឹង​អាយុ​លោក កែម ឡី ៥១​ឆ្នាំ។ គួរ​រម្លឹកថា លោក​បណ្ឌិត​កែម ឡី អ្នក​វិភាគសង្គម​និង​នយោបាយ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០​កក្កដា នៅ​ក្នុងស្តា​ម៉ាត​ស្តុប​បូក​គោ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ