ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

មេធាវី៖ តុលាការគ្រោងបិទការស៊ើបសួរករណី លោក កឹម សុខាក្នុងពេលឆាប់ៗខាងមុខនេះ

media លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក @សហការី

មេធាវី​ការ​ពារ​ឲ្យ​លោក​ កឹម​ សុខា​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ តុលាការ​គ្រោង​បិទ​ការ​ស៊ើប​សួរ​លើ​សំណុំ​រឿង​ប្រធាន​អតីត​គណ​បក្ស​ប្រឆាំង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​ ចំណែក​ក្រុម​​មេធាវី​ការពារ​ក្តី​វិញ​អះអាង​ថា ​ខ្លួន​កំពុង​តែ​មមា​ញឹក​ក្នុង​ការ​រៀប​ចំ​ឯកសារ​ដាក់​ជូន​តុលាការ​ផង​ដែរ​។​

ភស្តុតាង​ដែល​តំណាង​អយ្យការ​បាន​ដាក់​ជូន​តុលាការ​ គឺ​មិន​មាន​អ្វី​ថ្មី​ទៀត​ទេ​ ក្រៅ​តែ​ពី​វីដេអូ​ចាស់​​ និង​សាក្សី​ដែល​សមត្ថកិច្ច​យក​មក​ធ្វើ​ជា​សម្អាង​​ដើម្បី​ចោទ​ប្រកាន់​ លោក ​កឹម​ សុខា​ នា​ពេល​កន្លង​មក​។​ នេះ​ជា​ការ​កត់​សម្គាល់​​របស់ លោក ផេង ហេង សហ​មេធាវីការ​ពារ​ក្តី ​លោក កឹម សុខា។

លោក​ ផេង​ ហេង​ យល់​ថា​ តំណាង​អយ្យការ​មិន​មាន​បទ​ល្មើស​ ឬ​ភស្តុតាង​ដាក់​បន្ទុក​ណាមួយ​សម្រាប់​ចោទ​ប្រកាន់​កូន​ក្តី​របស់​លោក​ទេ ហើយ​ក្រុម​មេធាវី​នៅតែ​ប្រកាន់​ជំហរ​ស្នើ​សុំ​ចៅ​ក្រម ឲ្យ​​​ទម្លាក់​ចោល​បទ​ចោទ​​លើ លោក ​កឹម​ សុខា​ ដដែល​។

សូម​រំឭក​ថា លោក ​កឹម សុខា ​ត្រូវ​បាន​តុលាការ​ផ្ទេរ​ពីការ​ឃុំ​ខ្លួន​នៅពន្ធនាគារ​ត្រពាំង​ផ្លុង​ជាប់​ព្រំ​ដែន​វៀតណាម មកដាក់​ឲ្យនៅ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ខណ្ឌ​ទួល​គោក ​​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការកាលពីពាក់​កណ្តាល​ខែកញ្ញា។ ការ​ផ្ទេរកន្លែង​ឃុំ​ខ្លួន​ លោក កឹម សុខា គឺ​តុលាការ​ផ្អែក​លើ​បញ្ហាសុខភាព​ជនជាប់ចោទ បន្ទាប់ពី ​លោក កឹម សុខា ជាប់​ឃុំ​នៅពន្ធ​នាគារ​ជាង១ឆ្នាំ។

មេធាវី​ការពារ​ក្ដី ឲ្យ​ដឹង​ថា នា​ពេល​នេះ ​លោក កឹម សុខា ត្រូវបានអនុញ្ញាត​ឲ្យ​ទទួល​ការ​ព្យាបាល​​ពី​គ្រូពេទ្យ​​​ជាប្រចាំ តែ​លោក​នៅតែ​មានបញ្ហា​ជាប់​សរសៃខ្នងដដែល។ សម្រាប់​មេធាវី ​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នេះ គឺ​គ្រាន់​បើ​​ជាង​ការ​ឃុំ​ខ្លួន​នៅពន្ធនាគារ​ ដោយ ​លោក កឹម សុខា ទទួល​បាន​ការ​ថែទាំ​ដិតដល់​ពីក្រុម​គ្រួសារ ហើយ​លោកក៏អាចមានសិទ្ធិ​ទទួល​បានព័ត៌មាន​ពី​បញ្ហា​ប្រទេស​ជាតិ​ផងដែរ។ ​យ៉ាង​ណា​ក៏​ដោយ លោក កឹម សុខា មិនអាច ​បញ្ចេញ​មតិ​ទាក់​នឹង​បញ្ហានយោបាយទេ ពិសេស ការ​វិវត្តថ្មីៗ ទាក់​ទង​នឹង​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ពី​ប្រទេស​កម្ពុជា ព្រោះ​តុលាការ​ដាក់​បម្រាម​មិន​ឲ្យ​លោក​​ធ្វើ​នយោបាយ។ ​នេះបើតាម លោក ផេង ហេង។

ចំណែក ​ការ​ប្រតិបត្តិ​តាម​បែប​​សាសនាវិញ លោក កឹម សុខា ​គ្រោង​និមន្ត​ព្រះ​សង្ឃ​មក​រាប់​បាត​នៅផ្ទះរបស់​លោក​ផ្ទាល់ក្នុង​នៅឱកាសបុណ្យ​ភ្ជុំ​បិណ្ឌ ប៉ុន្តែ​​ក្រោយមក​បាន​លុប​គម្រោង​នេះ​ចោល​វិញ ​ដោយ​សារតែ​​មានស្ថានភាព​លំបាកក្នុង​ការ​ចេញ​-ចូលរបស់​​អ្នក​មកចូល​រួម៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ