ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT
កម្ពុជា

ភរិយា ​លោក ​កែម​ ឡី ​អំពាវ​នាវ​ឲ្យ​ចូល​រួម​បាតុកម្ម​ប្រឆាំង ​លោក ​ហ៊ុន ​សែន

media  
អ្នកស្រី ប៊ូ រចនា ភរិយា លោក កែម ឡី @SK Media

បន្ទាប់ពីបានសិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្រ្តាលី​ ភរិយា​លោក​បណ្ឌិត​ កែម​ ឡី ​គឺ​អ្នក​ស្រី ​ប៊ូ ​រចនា​ បាន​ចេញមុខ​តាម​​បណ្តាញ​ផ្សព្វ​ផ្សាយ​ ដោយ​​អំពាវ​នាវ​​ឲ្យ​ពលរដ្ឋ​ខ្មែរ​​នៅក្រៅ​​ប្រទេស​​ចូល​រួម​​ធ្វើ​​បាតុកម្ម ​នៅពេល​​ប្រមុខ​រដ្ឋាភិបាល​​កម្ពុជា ​លោក ​ហ៊ុន​ សែន​ ទៅ​​ចូល​​រួម​​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​​-​អូស្រ្តាលី​នៅ​សប្តាហ៍​ក្រោយនេះ​។ ​ចំណែក​ លោក​ ហុង​ លីម​ តំណាង​រាស្ត្រ​អូស្រ្តាលី​ ដែល​មាន​ដើម​​កំណើត​​ខ្មែរ​ បាន​អះអាងថា ​នេះជា​ការ​លើក​​ទឹក​​ចិត្ត​​ឲ្យ​​មាន​អ្នក​ចូលរួម​បាតុកម្ម​​កាន់​តែច្រើន​ ប៉ុន្តែ​​​រដ្ឋាភិបាលកម្ពុជា​​ ឆ្លើយតប​ថា ​វានៅ​តែ​គ្មាន​ឥទ្ធិ​ពលណា​មួយ​​មក​​លើ​​ខ្លួន​​ដដែល​។ ​

វាជាលើកទី១ហើយ ដែល​អ្នកស្រី ប៊ូ រចនា ភរិយា លោកបណ្ឌិត កែម ឡី ចេញមុខ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរនៅឯនាយសមុទ្រ​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​វត្តមានមេដឹកនាំ​កម្ពុជា។

ក្នុង​វីដេអូ​ដែលមានរយៈពេល​តែ១៧វិនាទីដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នា​ថ្ងៃ​អាទិត្យ​នេះ អ្នកស្រី ប៊ូ រចនា បានលើកដៃ​សំពះ ហើយ​អំពាវនាវ​​ឲ្យ​ពលរដ្ឋខ្មែរ​នៅទីក្រុង​ស៊ីដនី ចូលរួមបាតុកម្មជាមួយលោក​ស្រី ​នៅថ្ងៃសុក្រ​និង​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​ក្រោយ​នេះ។

ចំណែក លោក ហុង លីម តំណាងរាស្ត្រប្រចាំរដ្ឋ​វិចតូរីយ៉ា ប្រទេស អូស្រ្តាលី ដែលមានដើម​កំណើត​ខ្មែរ បានអះអាងថា ការអំពាវនាវរបស់​ភរិយា លោកកែម ឡី គឺជាការលើក​ទឹក​ចិត្ត​ឲ្យ​មានអ្នកចូលរួមបាតុកម្ម​កាន់តែច្រើន មក​ពីបណ្តា​រដ្ឋនានា​នៅប្រទេស​អូស្រ្តាលី។ លោក ហុង លីម ដែលតែងតែ​រិះគន់​មិន​សំចៃមាត់​លើ​រដ្ឋាភិបាលកម្ពុជា បានគូស​បញ្ជាក់​បន្ថែម​ថា ​ពីដំបូងឡើយលោក​មិនជឿថា ​អ្នកស្រី ប៊ូ រចនា មានទឹក​ចិត្ត​ក្លាហាន​ក្នុង​ការ​ចេញ​មុខទាមទាររក​យុត្តិធម៌ជួន លោក កែម ឡី យ៉ាងដូច្នេះឡើយ។

បើតាមលោក ហុង លីម បាតុកម្ម​របស់​ពលរដ្ឋខ្មែរ ​នឹង​ធ្វើ​ឡើងនៅ​ទីតាំងសំខាន់​ៗ ដែល​លោក​ហ៊ុន សែន ឆ្លងកាត់ និង​ស្នាក់នៅ ដូចជាសណ្ឋាគារ ​ភោជនីយដ្ឋាន និង​នៅមុខ​សាលា​ក្រុង​ស៊ីដនីជាដើម។

ក៏ប៉ុន្តែ​លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​បាតុកម្មប្រឆាំង​នឹង​វត្តមាន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ពេល​​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្រ្តាលី ទៅលើ​អាជ្ញាធរ​របស់​ប្រទេសនេះតែម្តង។

បើតាមលោក សុខ ឥសាន ទោះបីជាមានការ​ធ្វើ​បាតុកម្ម​ក្នុង​ទ្រង់​ទ្រាយ​ធំយ៉ាងណា​ក៏ដោយ ក៏វាមិនមានឥទ្ធិពល​អ្វីសោះឡើយ​មក​លើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា។ នោះគឺ​លោក​នាយក​រដ្ឋមន្រ្តី​ច្បាស់ហើយ​ថា​នឹងនៅតែ​ទៅ​ចូល​រួមកិច្ច​ប្រជុំ​នៅ​ទី​នោះ​ដោយ​សង្ឃឹមថា​នឹង​មាន​អ្នក​គាំទ្រលោក​ច្រើនជាង​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​។

សូមបញ្ជាក់ដែរថា មិនមែនមានតែ​ពលរដ្ឋខ្មែរ​នៅអូស្រ្តាលីទេ​ ដែល​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​​នឹង​វត្តមាន​មេដឹកនាំរបស់​ខ្លួន។ ក្នុង​ពេល​ជាមួយ​គ្នា ប្រជាជនថៃនៅអូសស្រ្តាលី គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹងនាយករដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា។ ចំណែក​​ប្រជាជន​ហ្វីលីពីន​ នឹង​ធ្វើ​បាតុកម្ម​ប្រឆាំងលោកប្រធានាធិបតី ឌុយទែ តេ។ ប៉ុន្តែលោក ឌុយទែ តេ បានលុប​ចោល​ដំណើរទស្សនកិច្ចនោះវិញ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ