ក្រសួងមហាផ្ទៃស្នើឲ្យអតីតមន្ត្រីសង្គ្រោះជាតិមើលគំរូល្អ លោក ប៉ុល ហំម
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានរម្លឹកទៅមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ១១៨នាក់ដែលបាត់សិទ្ធិធ្វើនយោបាយគួររក្សាភាពស្ងៀមស្ងាត់ដោយយកគំរូតាមលោក ប៉ុល ហំម។ លោក ប៉ុល ហំម អតីតអ្នកនយោបាយជើងចាស់ ដែលធ្លាប់ធ្វើជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ត្រូវបានមន្ត្រីក្រសួងមហាផ្ទៃលើកសសើរថា មិនដែលមកពាក់ព័ន្ធក្នុងរឿងនយោបាយទៀតឡើយ ក្រោយគណបក្សសង្គ្រោះជាតិរំលាយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៥
ភាពស្ងៀមស្ងាត់របស់លោក ប៉ុល ហំម ដែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស១១៨នាក់ដែលបានបាត់សិទ្ធិធ្វើនយោបាយគឺជាគំរូដ៏ល្អបង្ហាញពីការរស់នៅចុះសម្រុងគ្នារវាងខ្មែរ និងខ្មែរ។ លោក ប៉ុល ហំម គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គល ឯទៀតបានគោរពសាលដីការបស់តុលាកំពូល។ នេះបើតាមការកត់សម្គាល់របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
ការថ្លែងរបស់ លោក ខៀវ សុភ័គ បែបនេះធ្វើឡើងស្របពេលដែលសមាជិកចលនាសង្គ្រោះជាតិ និងអតីតសមាជិកគណបក្សសង្គ្រោះជាតិជាច្រើនត្រូវបានប្រព័ន្ធយុត្តិធម៌កម្ពុជាធ្វើការស៊ើបអង្កេត។ ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានដាក់ពាក្យប្ដឹងមនុស្ស៥នាក់ដែលជាបុគ្គលសំខាន់ៗជាប់ពាក់ព័ន្ធទៅនឹងការបង្កើតចលនាសង្គ្រោះជាតិ ដែលរដ្ឋាភិបាលហៅថា ជាចលនាខុសច្បាប់។
តែយ៉ាងណាមិញមកដល់ថ្ងៃនេះ លោក ខៀវ សុភ័គ នៅតែមិនទាន់បង្ហាញឲ្យបានច្បាស់ថា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិទាំង៥រូបនោះជាអ្នកណាឡើយ។ ត្បិតតែមិនបញ្ចេញឈ្មោះ តែបានបង្ហាញសកម្មភាពលោក ខៀវ សុភ័គ ថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការកៀងគរឲ្យបរទេសដាក់គំនាបលើរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមនោះមានម្នាក់ដែលទាមទារឲ្យគេព្យួរអសនៈកម្ពុជានៅអង្គការសហប្រជាជាតិ។ បើតាមលោក ខៀវ សុភ័គ កាលដែលបន្តលាក់អត្តសញ្ញាណពួកគេទាំង៥នេះគឺ កុំឲ្យគេដឹងខ្លួនមុន ហើយបន្តប្រព្រឹត្តបទល្មើសដើម្បីបន្ថែមទម្ងន់ទោស។
ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សសំខាន់លើសពី៥នាក់ទៀត ក្រសួងមហាផ្ទៃ និងតុលាការចាត់ការតាមនីតិវិធី។ ត្រង់នេះលោក ខៀវ សុភ័គ ថា សកម្មភាពអ្នកដទៃនៅមិនទាន់ប្រព្រឹត្តដល់ចំណុចក្រហមនៅឡើយទេ។ ចំណុចក្រហមគឺស្ថិតនៅក្នុងគោលដៅមួយដែលក្រសួងមានចំណាត់ការ។
ទោះបីជាប្រឈមនឹងបញ្ហាក្ដីក្ដាំនេះក៏ដោយលោក អេង ឆៃអ៊ាង សហស្ថាបនិកនៃចលនាសង្រ្គោះជាតិ ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុបារាំង ថា លោក មិនចាប់អារម្មណ៍ចំពោះចំណាត់ការនេះឡើយ ។ មិនចាប់អារម្មណ៍ ព្រោះថានេះ មិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលកម្ពុជា ចាត់វិធានការមកលើអតីតគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។ នេះបើតាមលោក អេង ឆៃអ៊ាង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ