អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ក្រសួង​មហា​ផ្ទៃ​ថា​នឹង​ប្តឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​អ្នក​ដែល​អំពាវ​នាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​

ក្រសួង​មហា​ផ្ទៃ​ បាន​ព្រ​មាន​ថា ​នឹង​ប្តឹង​​ទៅ​តុលាការ​​ដើម្បី​​រឹប​អូស​​ទ្រព្យ​សម្បត្តិ​អ្នក​​ន​យោ​បាយ​ណា​​ដែល​​អំពាវ​នាវ​​កុំ​ឲ្យ​​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ខាង​មុខ​។ ​ការ​​ព្រ​មាន​​របស់​​ក្រសួង​​មហាផ្ទៃ​ ធ្វើ​​ឡើង​​បន្ទាប់​ពី​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ គ.ជ.ប​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៧​ឧសភានេះ​ថា ​ខ្លួន​បាន​ស្នើ​ទៅ​ក្រសួង​មហា​ផ្ទៃ​ ចាត់​វិធាន​ការ​លើ​បុគ្គល​ណាដែល​ប្រាប់​ពលរដ្ឋ​មិន​ឲ្យ​ទៅបោះ​ឆ្នោត​។ ​ជា​វិធាន​ការ​ដែល​ក្រសួង​មហា​ផ្ទៃ​សំដៅ​ដល់​លោក​ សម​ ​រង្ស៊ី​ ។​

លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ @សហការី
ផ្សាយពាណិជ្ជកម្ម

ការដែល​ក្រសួង​មហាផ្ទៃ​ព្រមាន​ប្តឹង​រឹបអូស​ទ្រព្យសម្បត្តិ អ្នកដែល​អំពាវនាវមិនឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោតនោះ គឺដោយសារតែ​​សមត្ថកិច្ចកម្ពុជា​ មិនអាចចាប់ខ្លួន ​លោក សម រង្ស៊ី ខណៈអតីត​មេដឹកនាំបក្សប្រឆាំងរូបនេះកំពុង​នៅក្រៅ​ប្រទេស ហើយថែមទាំង​មាន​សញ្ជាតិបារាំងថែមទៀតនោះ។ នេះជាការ​គូសបញ្ជាក់​របស់​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ នៅថ្ងៃសៅរ៍នេះ។

បើតាម លោក ខៀវ សុភ័គ ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យ​អគ្គស្នង​ការ​នគបាល​ជាតិ​តាម​ដាន​និង​ចាត់​វិធានការ លើ​ជនទាំងឡាយ​ណា​ដែល​អំពាវ​នាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ បន្ទាប់​ពី​មាន​សំណើរបស់​គ.ជ.ប ។

យ៉ាងណាក៏ អ្នកនាំពាក្យរូបនេះ បានអះអាងថា នៅក្នុង​ប្រទេស​កម្ពុជាមិនមាន​ចលនា​ណាមួយ​រារាំង​ពលរដ្ឋ​មិនឲ្យ​ទៅ​បោះ​ឆ្នោត​នោះទេ ពោលមានតែ​នៅក្រៅ​ប្រទេស​ប៉ុណ្ណោះ។ ក្រៅ​ប្រទេស​ដែល លោក ខៀវ សុភ័គ សំដៅ​ដល់លោក សម រង្ស៊ី និង​លោក អេង ឆៃអ៊ាង។​

ប៉ុន្តែ​ពីទីក្រុង San Francisco សហរដ្ឋអាមេរិក កាលពីម្សិលមិញ លោក សម រង្ស៊ី បាន​បកស្រាយ​ម្តងទៀត​ចំពោះ​អ្វី​ដែល​លោក​អំពាវ​នាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ។ លោក សម រង្ស៊ី​ ថា« ការចូលរួមបោះឆ្នោត ជាសិទ្ធិរបស់ពលរដ្ឋគ្រប់រូប តែការមិន​ចូលរួមបោះឆ្នោត ក៏ជាសិទ្ធិរបស់ពលរដ្ឋគ្រប់រូបដែរ»។

លោក សម រង្ស៊ី ចាត់ទុកថា​ការ​បោះឆ្នោត​ដែល​គ្មាន​គណបក្សសង្រ្គោះជាតិ​ចូលរួមនេះ​ថាជា«ការបោះឆ្នោតក្លែងក្លាយមួយ ដែលមិនផ្តល់ជម្រើសពិតប្រាកដជូនប្រជាពលរដ្ឋ ហើយដែលធ្វើឡើងគ្រាន់តែដើម្បីបំភ្លៃឆន្ទៈប្រជាពលរដ្ឋ ក្នុងគោលបំណងតែមួយគត់ គឺផ្តល់ភាពស្របច្បាប់ ឲ្យរបបផ្តាច់ការ ដែលប្រជាពលរដ្ឋភាគច្រើនស្អប់ខ្ពើម»។

សូមរំឮកថា តុលាការ​ក្រុង​ភ្នំពេញ បានចេញដីកា​បង្កក​ទ្រព្យ​សម្បត្តិ​លោក សម​ រង្ស៊ី ដែលជា​ទី​ស្នាក់​ការ​ធំរបស់គណបក្ស​សង្រ្គោះជាតិនោះ បន្ទាប់ពីមាន​បណ្តឹង​បរិហាកេរ្តិ៍ដាច់ដោយឡែកពីគ្នា របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក ហេង សំរិន ដែលទាមទារជំងឺចិត្តសរុបជាង១លានដុល្លារអាមេរិក។ ប៉ុន្តែ​លោក សម រង្ស៊ី ថា​មិនភ្ញាក់​ផ្អើល​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ