អានតួអត្ថបទ
កម្ពុជា-នយោបាយ

ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​នៅ​អូស្រ្តាលី​ធ្វើ​បាតុកម្ម​ ខណៈ​មួយ​ក្រុម​ទៀត​អបអរ​ថ្ងៃ​៧​មករា​

ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ គ្រោង​ធ្វើ​បាតុកម្ម​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ ដើម្បី​ប្រឆាំង​នឹង​ការ​ប្រារព្ធ​ទិវា ​៧ ​មករា ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​លើ​ទឹកដី​អូស្ត្រាលី។​ អ្នក​រៀប​ចំ​បាតុកម្ម​ចាត់​ទុក​៧មករា​ ថា​ជា​ថ្ងៃ​ដែល​វៀតណាម​ឈ្លាន​ពាន​ទឹក​ខ្មែរ​ និង​រៀបចំ​សម្លាប់​ខ្មែរ​តាម​រយៈ​ផែន​ការ​ ក៥​។​ ប៉ុន្តែ​ខ្មែរ​មួយ​ក្រុម​ទៀត​ដែល​នឹង​រៀបចំ​អបអរ​ខួប​៧​មករា​នេះ​នៅ​អូស្ត្រាលី​ដែរ ​បាន​ចាត់​ទុក​បាតុកម្ម​នេះ​ថា ​ធ្វើ​ឡើង​ដោយ​មនុស្ស​ច្រឡំ​ប្រវត្តិសាស្ត្រ​។​

ពលរដ្ឋខ្មែរនៅអូស្ត្រាលីធ្វើបាតុកម្មកន្លងមក
ពលរដ្ឋខ្មែរនៅអូស្ត្រាលីធ្វើបាតុកម្មកន្លងមក @FB/ Hong Lim
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​ដែល​ថា​មាន​មនុស្ស​ចូល​រួម​រាប់​រយ​នាក់​នេះ​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម ​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ម៉ោង​៥​ល្ងាច​ ម៉ោង​នៅ​អូស្ត្រាលី ​នៅ​មុខ​ភោជនីយដ្ឋាន​ Maxim Saigon​ ក្នុង​ទី​ក្រុង​ស្ព្រីងវែល​ នៃ​រដ្ឋ​វ៉ិកតូរីយ៉ា។​

​លោក ជា ​យូហន​ ជា​អភិបាល​ក្រុង​ស្ព្រីង​វែល​ គឺ​ជា​អ្នក​ដឹក​នាំ​បាតុកម្ម​ម្នាក់​ ត្រូវ​បាន​ស្រង់​សំដីថា ​ការ​ដែល​សម្រេច​ធ្វើ​បាតុកម្ម​ប្រឆាំង​ថ្ងៃ​៧​មករា​នៅ​មុខ​ភោជនីយដ្ឋាន ​Maxim Saigon​ ដោយ​លោក​ទទួល​ដំណឹង​ថា​ ក្រុម​មន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា​នឹង​រៀបចំ​អបអរ​ថ្ងៃ​ទី​៧ ​មករា​ នៅ​ក្នុង​ភោជនីយដ្ឋាន​នោះដែរ​។

បើ​តាម​ លោក​ ជា​ យូហន​ បាតុកម្ម​នេះ​គឺ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ក្នុង​នៅ​រដ្ឋ​ វីកតូរីយ៉ា​ ក្រុម​ការងារ ២៣​ តុលា​ គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​មក​ពី​រដ្ឋ​ផ្សេង​ទៀត​នៃ​ប្រទេស​នេះ ដែល​មាន​ចំនួន​រាប់​រយ​នាក់​។

ពី​ខាង​សមាគម​ខ្មែរ​មួយ​ទៀត​នៅ​អូស្ត្រាលី ​ដែល​មិន​គាំទ្រ​បាតុកម្ម​នេះ ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ ថា ​ការ​ធ្វើ​បាតុកម្ម​របស់​ខ្មែរ​នៅ​អូស្ត្រាលីនេះ​ គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​នៅ​ប្រទេស​នេះ​ទេ​។​ លោក​ លឹម​ សំអាត​ ប្រធាន​សមាគម​យុវជន​ខ្មែរ​ស៊ីដនី​ បាន​អះអាងថា ​អ្នក​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ថ្ងៃ​៧​មករា​ គឺ​ជា​អ្នក​ច្រឡំ​ប្រវត្តិសាស្ត្រ​។​ សម្រាប់​ប្រធាន​សមាគម​យុវជន​រូប​នេះ​ វៀតណាម​មិន​មែន​ជា​អ្នក​សម្លាប់​ខ្មែរ​ឡើយ​ គឺ​ខ្មែរក្រហម​ទេ​ ដែល​ជា​អ្នក​សម្លាប់​ខ្មែរ​។​ ប៉ុន្តែ​លោក​ ជា​ យូហន ​ជា​អភិបាលក្រុង​ស្ព្រីងវែល​ នៃ​រដ្ឋ​វ៉ិកតូរីយ៉ា ​បាន​ថ្លែង​ថា​ «បើ​យើង​ស្ដាប់​សំដី​លោក ប៉ែន សុវណ្ណ គាត់​បាន​និយាយ​ច្បាស់​ហើយ ថ្ងៃ ៧ មករា​នេះ ជា​ថ្ងៃ​ដែល​យួន (វៀតណាម) ​ចូល​មក​ឈ្លានពាន​ទឹក​ដី​កម្ពុជា​យើង ហើយ​ដែល​នាំ​ឲ្យ​មាន​ផែន​ការ​ក៥​ ដែល​សម្លាប់​ខ្មែរ​ក្រោយ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩​»​ ។

សូម​បញ្ជាក់​ថា​ នេះ​មិន​មែន​ជា​បាតុកម្ម​លើក​ទី​១​ទេ ​របស់​ខ្មែរ​នៅអូស្ត្រាលី​។​ កាល​ពី​ឆ្នាំ​២០១៨​ ក្រុម​ដដែល​ក៏​បាន​ធ្វើ​បាតុកម្ម​ផង​ដែរ​ ប្រឆាំង​នឹង​វត្តមាន​លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន​ សែន​ ដែល​ទៅទស្សនៈ​កិច្ច​នៅ​ទី​នោះ ​បន្ទាប់ពី​ពួកគេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា និង​បាតុ​កម្ម​ជំរុញ​ឲ្យ​ស្វែង​រក​យុត្តិធម៌​ជូន​លោក​ កែម ​ឡី ​ជាដើម​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ