អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រសួង​ការពារ​ជាតិ​៖​ការ​តាំង​ពិព័រណ៍​សម្ភារៈ​យោធា​កម្ពុជា​និង​ចិន​មិន​មែន​ជា​ការ​បង្ហាញ​សាច់​ដុំ​ទៅ​ប្រទេស​ណា​មួយ​នោះទេ​

ប្រទេស​កម្ពុជា ​និង​​ចិន​ នឹង​បើក​​ការ​តាំង​​ពិព័រណ៍​សម្ភារៈ​យោធា​រួម​គ្នា​នៅ​ថ្ងៃ​ស្អែក​នេះ​នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ​។ ​ការ​តាំង​ពិព័រណ៍​នេះ ​ធ្វើ​ឡើង​ ខណៈ​​ប្រមុខ​ការ​ពារ​ជាតិ​ចិន​កំពុង​តែបំពេញ​ទស្សន​កិច្ច​នៅកម្ពុជា​។ ​ប៉ុន្តែ​អ្នក​នាំពាក្យ​​ក្រសួង​ការ​ពារ​ជាតិ​ខ្មែរ​ អះ​អាងថា ​ការ​តាំង​ពិព័រណ៍​នេះ ​មិន​មែន​ជាការ​បង្ហាញ​សាច់​ដុំទៅ​ប្រទេស​ណាមួយ​នោះទេ ​បើទោះ​បី​ជា​អាមេរិក​​បិទ​​ទិដ្ឋាការ​ និង​​បង្កក​ទ្រព្យ​​សម្បត្តិ​មេទ័ព​ម្នាក់​​របស់​កម្ពុជា​ក៏ដោយ​។​

កិច្ចប្រជុំរវាងក្រសួងការពារជាតិខ្មែរ និង​ចិនថ្ងៃទី១៧មិថុនា
កិច្ចប្រជុំរវាងក្រសួងការពារជាតិខ្មែរ និង​ចិនថ្ងៃទី១៧មិថុនា @Fresh news
ផ្សាយពាណិជ្ជកម្ម

លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិកម្ពុជា បានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIថា គម្រោង​តាំង​ពិព័រណ៍​សម្ភារៈ​យោធារវាង​ប្រទេសទាំងពីរនេះ បានត្រៀម​តាំងពីយូរណាស់មកហើយ។ លោកអះអាងថា ការ​តាំងពិព័រណ៍នេះគឺដើម្បី​អបអរ​ខួប​លើក​ទី៦​០ឆ្នាំ​នៃទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា និង​ចិន ហើយក៏ជាការបង្ហាញពី​សមិទ្ធិផល​​​៥​ឆ្នាំ​នៃកិច្ច​សហការ​រវាង​កងទ័ព​នៃប្រទេសទាំងពីរ។

ក្រៅពីតាំងពិព័រណ៍សម្ភារៈយោធានៅពេលនេះ សមភាគីទាំងពីរ នឹងបន្តធ្វើ​សមយុទ្ធ​យោធា​នាគមាស នៅឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីរឹតចំណង​មិត្តភាព​រវាង​ប្រទេសទាំង​ពីរ​ ឱ្យជិតស្និទ្ធបន្ថែមទៀត។ នេះបើតាមអ្នកនាំពាក្យដដែល។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ (WEI FENGHE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួងការពារចិនកំពុងតែបំពេញទស្សនកិច្ចនៅកម្ពុជាតាំងពីថ្ងៃទី១៦ ហើយគ្រោង​បញ្ចប់នៅថ្ងៃទី២០​ខែមិថុនានេះ។

ក្នុងកិច្ចប្រជុំជាមួយក្រសួងការពារជាតិកម្ពុជា ថ្ងៃទី១៧ ខែមិថុនា លោក ទៀ បាញ់ រដ្ឋមន្រ្តីការពារកម្ពុជាបានថ្លែងថា កម្ពុជាក៏ត្រៀមខ្លួនដើម្បីទទួល នូវការសំចតនាវាកង​ទ័ពជើងទឹករបស់ចិន ដែលនឹងមកទស្សនកិច្ចកម្ពុជាដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​គ្នា​នៅពេល​ខាងមុខដែរនេះ​​។

ក្នុងដំណើរទស្សនកិច្ចរបស់​ប្រមុខ​ការពារចិននៅកម្ពុជានេះ ចិនប្រកាស​សន្យា​ថា​នឹង​បន្ត​ផ្តល់ជំនួយឥតសំណងចំនួន៦៤៥លានយ័ន ឬជាង១០០​លានដុល្លារ​អាមេរិក​ដល់វិស័យ​យោធាកម្ពុជា​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ