អានតួអត្ថបទ
កម្ពុជា-នយោបាយ

ខ្មែរ​មួយ​ក្រុម​ប្រកាស​ស្វាគមន៍​ ខណៈ​មួយ​ក្រុម​ទៀត​ត្រៀម​ដុត​ទីង​មោង​ ពេល​ លោក​ ហ៊ុន​ សែន​ ទៅ​អូស្រ្តាលី

ពលរដ្ឋខ្មែរ-អូស្ត្រាលីមួយក្រុមបានប្រកាសគាំទ្រ និងស្វាគមន៍​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ទៅកាន់​ប្រទេស​អូស្រ្តាលី​នៅពាក់​កណ្តាល​ខែ​មីនា​ខាង​មុខ​ ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ-អូស្រ្តាលីមួយ​ក្រុមទៀត បាន​ត្រៀម​ធ្វើ​បាតុកម្ម​ដោយ​ដុតរូប​ទីង​មោង ប្រឆាំង​នឹង​វត្ត​មាន​​​​មេដឹក​នាំកម្ពុជា​រូបនេះ​។ ​ការ​​ប្រកាស​ជំហរ​ផ្ទុយ​គ្នា​បែប​នេះ​​ គឺ​ក្រោយ​ពេល​​ដែល​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បានព្រមាន​ទុក​ជាមុ​នហើយ​ថា លោក​នឹង​​តាម​​វាយ​​ដល់​​ផ្ទះ បើមាន​​ការ​​តវ៉ា​​ដោយដុត​​រូប​ទីងមោង​​តំណាង​រូប​លោក​មែន​នោះ។​

ការតវ៉ារបស់ពលរដ្ឋខ្មែរ​នៅអូស្រ្តាលីនាពេល​កន្លងមក
ការតវ៉ារបស់ពលរដ្ឋខ្មែរ​នៅអូស្រ្តាលីនាពេល​កន្លងមក @RFI
ផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់សមាគមខ្មែរ-អូស្រ្តាលីមួយដែលបង្កើតឡើងដោយកូនប្រុសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលថ្មីៗនេះ គឺសមាគមពលរដ្ឋខ្មែរទាំង៧​ដែលមានមូលដ្ឋាន​នៅ​ប្រទេស​អូស្រ្តាលី និងណូវ៉ែលហ្សេឡង់ បានចាត់ទុកថា វត្តមានរបស់លោក ហ៊ុន សែន នៅអូស្រ្តាលី គឺជាកិត្តិយសជាតិ ដែល​កម្ពុជា​បង្ហាញ​មុខ​មាត់​លើ​ឆាក​អន្តរជាតិ។

ទន្ទឹមនឹងគ្នានោះ សមាគមដដែលនេះ ក៏បាន​ប្រកាស​ប្រឆាំង​ដាច់​ខាត​នូវ​រាល់​ការ​ប៉ុនប៉ង​រៀប​ចំសកម្មភាព​ណាមួយ​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន ក្នុង​អំឡុង​ទស្សនៈកិច្ច​ផ្លូវ​ការ​ពី​ថ្ងៃទី១៧ដល់​១៨​ខែ​មីនាខាងមុខ។ គឺជាទស្សនៈកិច្ច​ក្នុង​នាម​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេសមួយ​ក្នុង​ចំណោម​បណ្តា​ប្រទេសក្នុងតំបន់​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អូស្រ្តាលី នៅទីក្រុងលស៊ីដនី។

បើតាម​សមាគមខ្មែរ​ដែល​បង្កើត​ឡើង​ដោយ លោក ហ៊ុន ម៉ាណែត ប្រចាំនៅអូស្ត្រាលី​និងណូវ៉ែលហ្សេឡង់នេះ ការ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង ​លោក​ ហ៊ុន សែន គឺមិន​ឆ្លុះ​បញ្ចាំងពីទស្សនៈ និង​ឆន្ទៈ​រួម​របស់​ប្រជាជនខ្មែរ​ដែល​កំពុង​រស់​នៅ​ប្រទេស​ស៊ីវិល័យ​ទាំងពីរនេះទេ។

ប៉ុន្តែ តំណាងរាស្ត្រម្នាក់ប្រចាំ រដ្ឋវិចតូរីយ៉ា ប្រទេសអូស្រ្តាលី ដែលមានដើមកំណើតខ្មែរ លោក ហុង លីម បានចាត់​ទុក​សមាគមដែលបង្កើតឡើងដោយ​កូនប្រុស​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន និង​ឯកអគ្គរាជទូតខ្មែរនៅទីនោះថា ជា”សមាគម​ខុស​ច្បាប់”។ លោក ហុង លីម អះអាងថា ​សមាគមនេះ​គ្មានបាន​​ចុះបញ្ជី​នៅក្រសួង​មានសមត្ថកិច្ច​របស់​អូស្រ្តាលី ហើយ​ក៏​មិន​បាន​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​ជូនរដ្ឋាភិបាល​ប្រទេស​អូស្រ្តាលី ដែល​ផ្ទុយនឹង​ច្បាប់​ប្រទេសនេះ។

លោក ហុង លីម ដែល​តែងតែ​រិះគន់​​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​មិនសំចៃមាត់ បាន​អះអាងថា ពលរដ្ឋខ្មែរ-អូស្រ្តាលី មួយក្រុមនឹងស្វាគមន៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយ​នឹង​ការដុតរូប​ទីងមោង ដូច​អ្វី​ដែល លោក ហ៊ុន សែន បានព្រមានទុកជាមុននោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ