ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT
កម្ពុជា

ខ្មែរ​នៅ​អូស្រ្តាលី​ធ្វើ​បាតុកម្ម​ទាម​ទារ​ឲ្យ​ផ្តល់​សេរី​ភាព​ពេញ​លេញ​ដល់​ លោក​ កឹម​ សុខា​

media សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​នៅអូស្រ្តាលី​ថ្ងៃទី១៥​កញ្ញា​ឆ្នាំ​២០១៨ @CBN

ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី​ទៀត​នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី ​នៅថ្ងៃ​សៅរ៍នេះ​ ដោយ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​ពន្លឿន​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​កម្ពុជា​មួយ​ចំនួន​​ដែល​ចូល​រួម​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ជាពិសេស​ ពួកគេ​បាន​ស្រែក​ទាម​ទារ​ឲ្យអាជ្ញាធរ​​ខ្មែរ​ ផ្តល់​សេរីភាព​ពេញ​លេញ​ ដល់​លោក​ កឹម​ សុខា​ ក្រោយ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​មក​ឲ្យ​នៅ​ក្នុង​ផ្ទះ​ផ្ទាល់​ខ្លួន​កាល​ពី​ដើម​សប្តាហ៍​នេះ​។​

ក្រៅ​តែ​ពី​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​ផ្តល់​សេរី​ភាព​ដល់​លោក​ កឹម​ សុខា​ ឲ្យ​បាន​ពេញ​លេញហើយ​ ពលរដ្ឋ​ខ្មែរ​និង​អ្នក​គាំទ្រ​អតីត​គណ​បក្ស​ប្រឆាំង​ ក៏​បាន​ទាម​ទារ​ឲ្យ​​សហគមន៍​អន្តរ​ជាតិ​ ជា​ពិសេស​ប្រទេស​ចិន​ បញ្ឈប់​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា​។​ រដ្ឋាភិបាល​កម្ពុជា​ដែល​ក្រុមអ្នក​តវ៉ា​លើក​ឡើង​ថា​ ជា​រដ្ឋាភិបាល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ក្លែង​ក្លាយ​ ដោយ​​សា​រ​​តែ​មិនអនុញ្ញាត​ឲ្យ​គណ​បក្ស​សង្រ្គោះ​ជាតិ​ចូលរួម​។

​ក្នុង​ចំណោម​ក្រុម​បាតុករ​ខ្មែរ​រាប់​រយ​នាក់​នោះ ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​ លោក ​ម៉ៅ ​មុនីវណ្ណ ​និង​ លោក​ ងឹម​ ញ៉េង​ អតីត​តំណាង​រាស្ត្រគណ​បក្ស​ប្រឆាំង​​ចូល​រួម​ផងដែរ​ នៅ​ក្នុង​​ទីក្រុង​​ស៊ីដនី​។​ លោក​ ងឹម​ ញ៉េង ​ បាន​ថ្លែង​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តីលី​ដាក់​ទណ្ឌកម្ម​ឲ្យ​បានលឿន​ទៅ​លើ​ជន​ទាំង​ឡាយ​ណាដែល​​ចូល​រួម​​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅកម្ពុជា​។​ ចំណែក​ លោក​ ម៉ៅ ​មុនីវណ្ណ ​បានថ្លែង​ថា ​ការ​ធ្វើ​បាតុកម្ម​នេះ​គឺ​ជា​សេរីភាព​របស់​ពលរដ្ឋខ្មែរ​នៅ​ក្រៅប្រទេស​ ខណៈ​ពលរដ្ឋ​ខ្មែរ​នៅក្នុង​​ស្រុក​​ ត្រូវ​បាន​រឹត​បន្តឹង​សេរីភាព​មិន​ឲ្យ​ធ្វើ​​បាតុកម្ម​នោះ​ទេ​នៅពេលនេះ​។

​សូម​បញ្ជាក់​ថា ​ក្រោយ​បោះឆ្នោត​ថ្ងៃ​ទី​២៩​​កក្កដា​ឆ្នាំ​២០១៨​ ពលរដ្ឋ​ខ្មែរ​​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើបាតុកម្ម​ចំនួន​៣​ដង​ហើយ​ ដើម្បី​​ទាម​ទារ​​ឲ្យ​​ចិន​​បញ្ឈប់​គាំទ្រ​​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​។​ បាតុ​កម្ម​​លើក​ទី​១​ គឺ​មុខ​ស្ថាន​កុងស៊ុល​ចិន​ក្នុង​រដ្ឋ ​California ​លើក​ទី​២ ​នៅទី​ក្រុង​ប៉ារីស​ប្រទេសបារាំង​ និង​លើក​ទី​៣​នៅ​ទី​ក្រុង​ស៊ីដនី​ ប្រទេស​​អូស្រ្តាលី​។​

យ៉ាង​ណាក៏​ដោយ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ​ផៃ ​ស៊ីផាន​ បាន​ចាត់​ទុក​ ការ​​ធ្វើ​​បាតុ​កម្ម​ទាម​ទារ​ឲ្យ​អូស្រ្តាលី​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​នេះ ​រាប់​ទាំងទាម​ទារ​កុំ​ឲ្យចិន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​នោះ ​គឺ​មិន​មាន​ឥទ្ធិពល​អ្វី​ឡើយ​។​ ចំណែក​ ករណី​លោក​ កឹម ​សុខា ​អ្នក​នាំ​ពាក្យ​រូប​នេះ ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច​។

​បើ​​តាម​​គម្រោង​ពលរដ្ឋ​ខ្មែរ​នៅ​សហ​រដ្ឋអាមេរិក ក៏​នឹង​ធ្វើ​បាតុ​កម្ម​ជា​ថ្មី​ទៀត​នៅ​ចុង​ខែ​កញ្ញា​ខាងមុខ​នេះ ប្រសិន​បើ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​អង្គការ​សហ​ប្រជាជាតិ។ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​រួច​ហើយ​ថា លោក​នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នោះ ហើយ​បាន​ផ្គើន​ឲ្យ​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ធ្វើ​បាតុ​កម្ម​ប្រឆាំង​រូប​លោក​ទៀត​ផង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ