ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/06 12h00 GMT
កម្ពុជា

មន្ត្រី​អង្គការ​អាដហុក ជំរុញ​ឲ្យ​ក្រសួង​ដែន​ដី​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​នៅ​កោះ​កុង​ឲ្យ​បាន​ឆាប់

media រូបភាព​៖កិច្ចប្រជុំមួយដែលរៀបចំឡើងនៅក្រសួងដែនដីនៅថ្ងៃទី០៦មិថុនានេះដឹកនាំដោយលោក ជា សុផារ៉ា @FB Chea Sophara

ក្រសួង​ដែន​ដី​នៅ​ថ្ងៃ​ទី​៥​មិថុនា​ម្សិលមិញ បាន​សន្យា​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​កោះកុង​ចំនួន ៣១៧គ្រួសារ នៅ​ត្រឹម​ដំណាច់​ខែ​មិថុនា។ ការ​សន្យា​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​ពលរដ្ឋ​ទាំង​៣១៧​គ្រួសារ ឡើង​មកភ្នំពេញ​ចំនួន​៣​លើក​រួច​មក​ហើយ​នៅក្នុង​ខែ​ឧសភា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ពី​ស្ថាប័ន​ពាក់​ព័ន្ធ។ ក្នុង​សំណុំ​រឿង​នេះ មន្ត្រី​អង្គការ​អាដហុក​ប្រចាំ​នៅ​ខេត្ត​កោះកុង បាន​ជំរុញ​ឲ្យ​ក្រសួង​ដែន​ដី ដោះ​បញ្ហា​ដីធ្លី​នៅ​ខេត្ត​កោះ​កុងឲ្យ​បាន​ឆាប់ ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​ជម្លោះ​ទាំង​ស្រុង​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​។

ក្រសួងដែនដី​បាន​ប្រកាស​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​កោះកុង​ចំនួន​៣១៧​គ្រួ​សា​រ​នៅ​ស្រុក​ស្រែ​អំបិលនិង​ស្រុក​បទុម​សាគរ​ខេត្ត​កោះកុង​។ ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង​ទាំង​៣១៧​គ្រួសារ ដែល​មាន​បញ្ហា​វិវាទ​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ Koh Kong Plantation និងក្រុមហ៊ុន Koh Kong Plantation Sugar Industry រយៈ​ពេល​ជាង​១០ឆ្នាំ​ហើយ។ ទំនាស់​នេះ​ផ្ដើម​ចេញ​ពី​ការ​ផ្ដល់​សំណង ដែល​ពលរដ្ឋ​មិន​អាច​ទទួល​យក​បាន និង​មិន​ព្រម​ទទួល​យក​។ ប្រជាពលរដ្ឋ​យល់​ថា ដី​ពួក​គាត់​ជា​ដី​កសិកម្ម​មាន​លទ្ធភាព​ដាំដុះ​ខ្ពស់​ តែ​បែរ​ជា​បាន​ទទួល​សំណង​តិច​តួច​ទៅ​វិញ​។ នេះ​បើ​តាម​ការ​អះអាង​របស់​តំណាង​ពលរដ្ឋ​លោក ឱម ផុន ។

លោក ឱម ផុន បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ពុធ​ទី​០​៦​មិថុនា​នេះថា គិត​ត្រឹម​ពេល​នេះ ពលរដ្ឋ​បាន​ធ្វើ​ដំណើរទៅ​ដល់​ខេត្ត​កោះកុង​វិញ​ហើយ ដោយ​រង់​ចាំ​មើល​ដំណោះស្រាយ​របស់​ក្រសួង។ ក្រសួង​ដែល​សន្យា​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ទោះ​ដំណោះ​ស្រាយ​នោះ​ធ្វើ​ឡើង​ដូច​ភ្លៀង​រលឹម​ក៏​ដោយ។

អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ ពលរដ្ឋទាំង​៣១៧​គ្រួសារ​បាន​ស្វែង​រក​ដំ​ណោះ​ស្រាយ​នៅ​ថ្នាក់​ខេត្ត តែ​មិន​ទ​ទួល​បានចម្លើយ​តប ទើប​ងាក​មក​ស្វែង​រក​អន្តរាគមន៍​ពី​ក្រសួង​ដែនដី​នៅ​ពេល​នេះ។ គួរ​កត់​សម្គាល់​ថា ថ្មី​ៗ​នេះ ក្រសួងដែនដី ទើប​តែ​បាន​ផ្ដល់​ដំណោះ​ស្រាយ​សមស្រប​មួយ​ដល់​ពលរដ្ឋ២​ក្រុម ដែល​រស់​នៅ​ក្នុ​ង​ឃុំ​ចំនួន​បួន​ស្ថិត​នៅស្រុក​ស្រែ​អំបិល និង​ស្រុក​បទុមសាគរ​ខេត្ត​កោះកុង។ ដំណោះ​ស្រាយ​នោះ គឺ​ការ​វាស់​វែង​បែង​ចែក​ដី​ឡូតិ៍​ជូន​ព​ល​រដ្ឋ​សរុប​៥៨៥​គ្រួសារ​ឲ្យ​បាន​រួច​រាល់ នៅ​ក្នុង​ចន្លោះ​ថ្ងៃ​ទី​២០​មិថុនា​ដល់​ដំណាច់​ខែ​មិថុនា​។

តំណាង​ឲ្យ​ពលរដ្ឋ​ចំនួន៣១៧គ្រួសារ ដែល​មាន​វិវាទ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុនស្ករ Koh Kong Platation និង​ក្រុមហ៊ុន Koh Kong Plantation Sugar Industry លោក ឱម ផុន ជឿជាក់​ស្ទើរ​តែ​ទាំង​ស្រុង​ថា ពួក​លោក​នឹង​បាន​ទទួលដំណោះស្រាយពី​សំណាក់​ក្រសួង​ដែនដី​។ ពោល​គឺ​ពួក​លោក​រំពឹង​ថា​នឹង​បាន​ទទួល​ការ​វាស់​វែង​បែង​ចែក​ដី​ឡូតិ៍​ដូចប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង​ពីរក្រុមទៀត​ដែរ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ