អានតួអត្ថបទ
កម្ពុជា-នយោបាយ

អង់គ្លេស​សង្ឃឹម​ថា ​កម្ពុជា​នឹង​បន្ត​ដោះ​លែង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ ដូច​អ្នក​កាសែត​ និង​សកម្មជន​ដីធ្លី​

រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​បរ​ទេស​អង់​គ្លេស​បាន​សំដែង​​ក្តី​​សង្ឃឹម​ថា​ កម្ពុជា​នឹង​បន្ត​​ដោះ​លែង​​អ្នកនយោ​បាយ​​របស់​​បក្ស​ប្រឆាំង​​ឲ្យ​មាន​សេរីភាព​ឡើង​​វិញ​ ដូច​អ្វី​​ដែល​​​បាន​ឃើញ​ជាក់​ស្តែង​ថ្មី​នេះ ​គឺការ​​ដោះ​លែង​អតីត​អ្នក​កាសែត​២​នាក់​ និង​​សកម្មជន​ដីធ្លី​ជាដើម​។​​ ការ​​លើក​​ឡើង​​ ​របស់​​លោក Mark​ Field​ យ៉ាង​ដូច្នេះ ​ធ្វើ​​ឡើង​​នៅ​ក្នុង​​សន្និសីទ​សារព័ត៌​មាន​នា​រសៀល​ថ្ងៃ​​ពុធ​​នេះ​ បន្ទាប់ពី​ លោក​​បា​ន​ជួប​​ជា​មួយ​លោក​ ហ៊ុន​ សែន​ រយៈ​ពេល​​ជាង​មួយ​ម៉ោង​នៅ​វិមាន​សន្តិភាព​។​

លោក Mark Field រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស
លោក Mark Field រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស @អ៊ឹង ប៊ុនថន
ផ្សាយពាណិជ្ជកម្ម

ថ្លែង​​ប្រាប់​អ្នក​កាសែត​​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​ក្នុង​​ដំណើរ​ទស្សន​កិច្ច​រយៈ​​ពេល​​២​ថ្ងៃ​នៅ​​កម្ពុជា​ លោក​ Mark​ Field​ រដ្ឋ​លេខា​​ធិការ​​ក្រសួង​ការ​បរទេស​អង់គ្លេស​ បាន​គូស​បញ្ជាក់​ថា ​បញ្ហា​នយោបាយ​​កម្ពុជា​ដែល​​ជា​កង្វល់​ធំ​នៅ​ពេល​នេះ ​ត្រូវ​បាន​លើក​​ឡើង​​នៅ​ចំពោះ​​មុខ លោក​ ហ៊ុន​ សែន​ ត្រង់​ទៅ​​ត្រង់​​មក​ ​ក្នុង​នាម​ប្រទេស​ជា​មិត្ត​​ដែល​មាន​ទំនាក់​ទំនង​គ្នាល្អ​ខាង​​ពានិជ្ជកម្ម​​។​ ផ្អែក​តាម​តួលេខ​ អង់គ្លេស​គឺ​ជាប្រទេស​​វិនិយោគ​​ធំ​ជាង​គេទី​៦នៅ​កម្ពុជា​ និង​ជាទីផ្សារ​ធំជាង​គេ​ទី៤ ​ខាង​ការ​នាំចេញទំនិញ​របស់​កម្ពុជា​។

លោក​ Mark​ Field​ បាន​កត់​​សម្គាល់​​ថា​ ក្រោយពី​អង់គ្លេស​បាន​បង្ហាញ​ពី​កង្វល់​ចំពោះ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ត្រង់​​ទៅ​​ត្រង់​មក​ជាង​មួយ​ម៉ោង ​​លោក​​ទទួល​​បាន​​សញ្ញា​ល្អ​ពី​​លោក​ ហ៊ុន សែន​ ហើយ​​លោក​​សង្ឃឹម​ថា​លោក ​ហ៊ុន ​សែន ​​នឹង​ធ្វើ​​​សញ្ញា​​វិជ្ជមាន​​នេះ ​កើត​​ឡើង​​ក្នុង​​រូប​ភាព​ជាក់​​ស្តែង​​​។​​ រូប​​ភាព​​ជាក់​​ស្តែង​​​ដែល​​មន្រ្តី​​ការ​ទូត​ជាន់​ខ្ពស់​រូប​នេះ​​សំដៅ​ដល់ ​គឺ​​ការ​​ដោះ​លែង លោក​ កឹម​ សុខា ​និង​​​អ្នក​​នយោបាយ​​បក្ស​ប្រឆាំង​​ឲ្យ​មាន​សិទ្ធិ​ធ្វើ​​នយោបាយ​ឡើង​វិញ​ ដូច​ការ​ដោះ​លែង​​អតីត​អ្នក​កាសែត​​២​នាក់​របស់​​វិទ្យុ​​អាស៊ី​សេរី ​និង​​សកម្មជន​ដីធ្លី ​អ្នកស្រី ​ទេព​ វន្នី​។ ​លើសពី​នេះទៀត​ លោក​ Mark​ Field​ ក៏​បាន​​បញ្ជាក់​ជំហរ​ជាថ្មី​ម្តង​ទៀត​ថា ​អង់គ្លេសក៏ចង់​​ឃើញ​ការ​​អនុវត្ត​បើក​​ចំហ​ឡើងវិញ​ជាក់​​ស្តែងនូវ​​សេរីភាព​​នយោបាយ​ សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មានជាដើម។

ចំពោះ​លទ្ធផលនៃការ​បោះឆ្នោត​ដែល​គណបក្សប្រជាជនកម្ពុជា​ឈ្នះ​អាសនៈ​ទាំង​អស់​នោះ​ លោក Mark Field មិន​និយាយអ្វី​ច្រើនទៀតទេនៅពេលនេះ ព្រោះ​មាននៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​អង់គ្លេសកន្លងមកនេះស្រាប់។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ អង់គ្លេស​​បាន​សម្តែង​ការមិន​ពេញចិត្តចំពោះ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​ ព្រោះ​អង់គ្លេស​យល់​ថា ការ​បោះឆ្នោត​នោះ​មិន​អាច​​ជឿ​ទុកចិត្តបាន ព្រោះ​គ្មាន​ការ​ចូល​រួម​ពី​​អតីត​បក្សប្រឆាំង និង​មេដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ ដែល​​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ