អានតួអត្ថបទ
កម្ពុជា-ច្បាប់

សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​មួយ​អង្គ​ត្រូវ​ចាប់​ផ្សឹក​ក្រោយ​រិះគន់​រដ្ឋាភិបាល

សមាជិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យមួយ​អង្គ ឈ្មោះ សេង ណារ៉ា ត្រូវ​បាន​អាជ្ញាធរស្រុក​សណ្ដាន់ ខេត្តកំពង់ ចាប់ផ្សឹក កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ទី​៤​ឧសភា ម្សិលមិញ។ បើតាម​អាជ្ញាធរ ចំណាត់ការ​នេះ​កើត​ឡើង​ដោយ​សារ​តែ ព្រះ​សង្ឃ​ឈ្មោះសេង ណារ៉ា បាន​បង្កើត​ហ្វ៊េសបុក​ក្លែងក្លាយ​មួយ ដើម្បី​វាយ​ប្រហារ​រដ្ឋាភិបាល។ អាជ្ញាធរ​ចាត់​ទុក​ទង្វើ​នេះ​ថា ផ្ទុយ​ពី​វិន័យ​សង្ឃ។ តែ​សម្រាប់​ព្រះតេជ​គុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ អ្វី​ដែល​អាជ្ញាធរ​ធ្វើ​ចំពោះ​ព្រះ​សង្ឃ សេង ណារ៉ា គឺ​ជាទង្វើអយុត្តិធម៌។

រូបភាព​តំណាង៖ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ
រូបភាព​តំណាង៖ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ @RFI
ផ្សាយពាណិជ្ជកម្ម

ព្រះ​តេជ​ព្រះគុណ ប៊ុត ប៊ុនតិញ យល់​ថា វា​ជា​ទង្វើ​អយុតិ្តធម៌​ដោយសារ​តែ​សកម្មភាពនៃ​ការ​ចាប់​ផ្សឹក​ព្រះសង្ឃ​សេង ណារ៉ា ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ ខណៈ​ព្រះអង្គ​គង់​នៅ​តែអង្គ​ឯង។ ព្រះតេជព្រះ​គុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ យុត្តិ​ធម៌​សង្គម មាន​សង្ឃ​ដីកា​ដូច្នេះ​ពី​ក្រៅ​ប្រទេស តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ថ្ងៃ​សៅរ៍​ទី​៥​ឧសភា​នេះ​។

សូមបញ្ជាក់ថា ការ​ផ្សឹក​សមាជិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ សេង ណារ៉ា ធ្វើ​ឡើងបន្ទាប់​ពី​សង្ឃ​អង្គ​នេះ បាន​សសេរ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេស​បុក​ថា អភិបាល​ស្រុកសណ្ដាន់ លោក ឡុង គីសឹង គឺ​ជា​ជន​ជាតិ​វៀតណាម។ ហើយ​ថា រដ្ឋាភិបាល​ដឹក​នាំដោយ​គណ​បក្ស​​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន មិន​មែន​ជា​របស់​ប្រជាជន​ទេ គឺ​ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តែ​ម្នាក់​ឯង​ប៉ុន​ណោះ។

ជុំវិញ​ការ​លើក​ឡើង​នេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯក​រាជ្យ​​ចាត់​ទុក​ថា វា​មិន​គួរ​ធ្ងន់​ធ្ងរ​រហូត​ឈាន​ដល់​ការ​ចាប់​ផ្សឹក​នោះ​ទេ។ មិន​ធ្ងន់ធ្ងរ​ព្រោះ វា​គឺ​ជា​ការ​ផ្ដល់​គំនិត​ទៅ​អាជ្ញាធរ និង​រដ្ឋាភិបាល​ទៅ​វិញ​ទេ។ សម្រាប់​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ការ​ចាប់​ផ្សឹក​សមាជិក​របស់​ខ្លួន ជា​សញ្ញា​គម្រាម​លើ​រឿង​ផ្សេង ខណៈ​សមាជិក​នៃបណ្ដាញ​សង្ឃ​ឯករាជ្យ​មាន​គម្រោង​ធ្វើ​ពហិការ​ជាមួយ​ពលរដ្ឋ​មិន​ចូល​រួម​ការ​បោះឆ្នោតជាតិ​នៅ​ថ្ងៃ​ខាង​មុខ។

យ៉ាង​ណា​ក៏​ដោយ ទាក់ទង​នឹង​ការ​ផ្សឹក​ព្រះ​សង្ឃ សេង ណារ៉ា នេះ អភិបាល​ស្រុក​សណ្ដា​ន់ នៃ​ខេត្តកំពង់ធំ លោក ឡុង គីសឹង បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃសៅរ៍នេះថា លោក​មាន​ឯកសារ​គ្រប់​គ្រាន់​បង្ហាញ​ថា ព្រះសង្ឃ សេង ណារ៉ា បាន​ដើរផ្ទុយ​ពី​វិន័យ​សង្ឃ តាមរយៈ​ការ​តាំង​ខ្លួន​ជា​ពលរដ្ឋ​ធម្មតា បង្កើត​សារ​វាយ​ប្រហារ​ថ្នាក់ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់។ បើ​តាម​លោក ឡុង គីសឹង ព្រះសង្ឃ សេង ណារ៉ា ក៏​បានទទួល​ស្គាល់​កំហុស​ខ្លួន​ឯង​ដែរ។ ចំពោះ​ការ​ចោទ​ប្រកាន់​រូប​លោក​ថា ជន​ជាតិ​វៀត​ណាម​នោះ លោក ឡុង គីសឹង ប្រកាសថា លោក​មិន​ចាប់​អារម្មណ៍​ការ​ចោទ​នេះ​ឡើយ ហើយ​ការ​ផ្សឹកព្រះសង្ឃ សេង ណារ៉ា ក៏​មិន​មែន​ដោយ​សារ​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ដែរ​។

គួររម្លឹកថា ព្រះអង្គ សេង ណារ៉ា ស​មាជិកទី​២​នៃបណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ ដែល​ត្រូវ​អា​ជ្ញាធរ​ចាប់​ផ្សឹក​។ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​កន្លង​ទៅ សមាជិក​ម្នាក់​នៃ​បណ្ដា​ញ​ព្រះសង្ឃ​ឯករាជ្យ ឈ្មោះ ហន សុផាន្នី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ផ្សឹក ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន ពាក់ព័ន្ធ​នឹង​រឿង​កាំភ្លើង​ជ័រ​មួយ​ដើម។ តាម​រយៈ​ករណី​ទាំង​ពីរ​នេះ ព្រះតេជព្រះ​គុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ បាន​រម្លឹក​ដល់​សមាជិក​របស់ខ្លួន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ផង​ដែរ​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ